ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំ និងឈានមុខមួយនៅក្នុងប្រទេសកម្ពុជា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តថ្មី នៃមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ចំនួន៣១ កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ កក្កដា ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទចល័តថ្មី នៅលើទឹកដីខេត្តកំពង់ឆ្នាំងនេះ លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បញ្ជាក់ថា ក្រសួងបានប្តេជ្ញាចិត្តធ្វើការជាមួយវិស័យឯកជន ជាពិសេសការចូលរួមបំពេញកាតព្វកិច្ចបង់វិភាគទានមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ របស់ក្រុមហ៊ុន Smart ។ លោកថា ការចូលរួមរបស់ក្រុមហ៊ុន Smart នឹងជួយធ្វើឲ្យសេវាគ្របដណ្ដប់រលកអាកាសប្រព័ន្ធទូរស័ព្ទ ឲ្យកាន់តែប្រសើរនៅតាមជនបទ ដើម្បីកាត់បន្ថយគម្លាតផ្នែកឌីជីថលក្នុងប្រទេសកម្ពុជា។
បើផ្អែករបាយការណ៍របស់ក្រុមហ៊ុន Smart បានឲ្យដឹងថា ខ្លួននឹងចំណាយទុនបម្រុងចំនួន៨០ លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីពង្រីកប្រព័ន្ធ 4G និង 4.5G នៅទូទាំង ២៥ខេត្ត-ក្រុងទូទាំងប្រទេស។ ជាមួយគ្នានេះ គិតរហូតមកទល់បច្ចុប្បន្ន ក្នុងចំណោមស្ថានីយ៍មូលដ្ឋានចំនួន ២,៥០០ កន្លែងរបស់ Smart មានជាង ៩០ ភាគរយហើយដែលមានបំពាក់ប្រព័ន្ធ 4G ខណៈដែលស្ថានីយ៍មូលដ្ឋាន ១០០ ភាគរយសុទ្ធតែបំពាក់ដោយប្រព័ន្ធ 3G ។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានអះអាងថា ចាប់តាំងពីក្រុមហ៊ុន Smart ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា Smart តែងតែខិតខំប្រឹងប្រែងផ្តល់នូវសេវាទូរស័ព្ទចល័តទំនើបបំផុតមានតម្លៃសមរម្យ និងអាចទុកចិត្តបានជាទីបំផុត។ តាមរយៈការប្រកាសដាក់ឲ្យប្រើនូវច្បាប់ស្ដីពីទូរគមនាគមន៍ មូលនិធិអភិវឌ្ឍន៍ទូរគមនាគមន៍ចំនួនពីររបស់កម្ពុជា ពោលគឺមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (USOF) និងមូលនិធិកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍(CBRDF) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ។ មូលនិធិទាំងនេះ មានគោលបំណងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅទូទាំងប្រទេស។
នៅក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយប្រើប្រាស់ប្រាក់វិភាគទានរបស់ខ្លួន ជាង៦លានដុល្លាអាមេរិក ដែលបានបញ្ចូលក្នុងមូលនិធិទាំងពីរនេះ។
ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នបាននឹងកំពុងបម្រើអតិថិជនច្រើនជាង៨ លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី៕
ដោយ៖ធុច ធារ៉ា