អ៊ីស្រាអែលជួយ​ដល់ការជម្លៀស​ក្រុម​មួក​ពណ៌​សចេញពី​ភាគ​និរតី​ស៊ីរី

22-07-2018 6:08 pm 871
  ស្តាប់
ក្រុមពាក់មួកសុវត្ថិភាពពណ៌សអំឡុងពេលធ្វើប្រតិបត្តិការសង្រ្គោះជនស៊ីវិលនៅក្រុងអាឡេប៉ូភាគខាងជើងប្រទេសស៊ីរី
ស្តាប់ជាសំឡេង

​កងទ័ព​ការពារ​អ៊ីស្រាអែល​( (IDF ) និយាយថា សកម្មភាព​មនុស្សធម៌ ដើម្បី​សង្គ្រោះ សមាជិក​អ្នកការពារ​ជន​ស៊ីវិល​ស៊ី​រី ដែលជា​ក្រុម​ពាក់​ពួក​សុវត្ថិភាព​ពណ៌​ស និង​សាច់ញាតិ​របស់​ពួកគេ​បានបញ្ចប់​ហើយ​។ ពួកគេ​ត្រូវបាន​បញ្ជា​ឲ្យ​ជម្លៀស​ចេញពី​ភាគ​និរតី នៃ​ប្រទេស​ស៊ី​រី ជា​តំបន់​ដែល​ក្រុម​ឧទ្ទាម​កាន់កាប់ ដោយសារ​នឹងមាន​ព្រឹត្តិការណ៍​មួយ​កើតឡើង​ក្នុងពេល​ឆាប់ៗ ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ពួកគេ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល ឲ្យដឹងថា ពួកគេ​ត្រូវបាន​អ៊ីស្រាអែល​ផ្តល់​ទីកន្លែង ឲ្យគេ​ច​ខ្លួន​បណ្តោះអាសន្ន និង​បើកផ្លូវ​ឲ្យ​ជន​ស៊ីវិល​ធ្វើដំណើរ​ឆ្លងកាត់ ស្វែងរក​កន្លែង​ជ្រកកោន​នៅ​ប្រទេសជិតខាង​ផងដែរ ។ នៅ​ក្នុងនោះ មនុស្ស​ប្រហែល ៨០០ នាក់ ត្រូវបាន​គេ​ជម្លៀស​ទៅកាន់​ហ្ស៊កដានី តាមរយៈ​ការឆ្លងកាត់​តំបន់ Golan Heights ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​។ 

​បើទោះបីជា​មាន​ការអន្តរាគមន៍​ពី IDF ក៏ដោយ ប៉ុន្តែ​អ៊ីស្រាអែល​បញ្ជាក់ ថា នេះ​មិនមែនជា​ការអន្តរាគមន៍​ទាក់ទង​នឹង​ជម្លោះ​ស៊ី​រី​ឡើយ​។ អ៊ីស្រាអែល​បញ្ជាក់ទៀតថា វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​នេះ ធ្វើ​ទៅតាម​ការស្នើសុំ​របស់​អាមេរិកនិង​សហភាព​អឺរ៉ុប ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុម​មួក​ពណ៌​ស គេច​ចេញពី​គ្រោះថ្នាក់​។ គ្រោះថ្នាក់នេះ ចង់សំដៅលើការ​វាយ​លុកយ៉ាង​ប្តូរផ្តាច់  រវាង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ស៊ី​រី ដោយ​ភាគី​ខាង​ក្រុម​ឧទ្ទាម បញ្ជូន​ទ័ព​ទៅ​វាយ​ដណ្តើម ចំណែក​ភាគី​ខាង​រដ្ឋាភិបាល​វិញ ប្រយុទ្ធ​ដើម្បី​យក​តំបន់​នោះ មក​គ្រប់គ្រង​ទាំងស្រុង​វិញ​។​

​ក្រុម​ពាក់​មួកសុវត្ថិភាព​ពណ៌​ស ធ្វើ​សកម្មភាព​សង្គ្រោះ​ជន​ស៊ីវិល នៅក្នុង​តំបន់​សង្គ្រាម ដោយ​មិន​ប្រកាន់និន្នារការ​នយោបា​យ​ឡើយ​។ ពួកគេ​បានចាប់ផ្តើម​ធ្វើ​កិច្ចកា​រងារ​ស្ម័គ្រចិត្ត​ដ៏​សែន​គ្រោះថ្នាក់​នេះ នៅ​ឆ្នាំ​២០១៣ ហើយ​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ជា​ផ្លូវកា​រថា អ្នកការពារ​ជន​ស៊ីវិល​ស៊ី​រី​។ ពួកគេ​មាន​សមាជិក​៣ ០០០​នាក់ តែ​បាន​ស្លាប់​នៅក្នុង​ការ​បំពេញការងា​រ​អស់​ប្រហែល​២០០​នាក់​។ ក្រុម​មួក​ស ធ្លាប់បាន​ទទួលពានរ​ង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​២០១៦​ផងដែរ​។​

​បើទោះជា​បែបនេះ​ក្តី ប្រធានាធិបតី​ស៊ី​រី និង​សម្ព័ន្ធមិត្ត​រុស្ស៊ី មិន​ទទួលស្គាល់​ក្រុម​នេះឡើយ ដោយ​ចោទថា​ពួកគេ​ជា​គ្នីគ្នា​របស់​ពួក​សកម្មប្រយុទ្ធ​ជី​ហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ខណៈ​ក្រុម​មួក​ពណ៌​ស​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​អាមេរិក​ដែរ​៕

 


ព័ត៌មានផ្សេងទៀត