ខេត្ត​កំពង់ធំនឹងដាក់​ដំណើការច្រកចេញចូល​តែ​មួយ នៅ​ថ្ងៃ​ទី​២៣​កក្កដា​

22-07-2018 3:24 pm 556
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សុខ លូ​អភិបាល​ខេត្ត​កំពង់ធំ​បាន​ថ្លែងថា អង្គភាព​ច្រកចេញ​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត នឹង​បើក​ដំណើរការ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​។ ការដាក់​ដំណើរការ​ច្រកចេញចូល​តែ​មួយ​នេះ ដើម្បី​ធានា​ដល់​ការផ្តល់​សេវា​បាន​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ធំ​។ 

​អភិបាលខេត្ត​រូបនេះ បញ្ជាក់បន្ថែម​ថា យន្តការ​ទាំងនេះ នឹង​ធ្វើឲ្យ​ការផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ បាន​កាន់តែ​ល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ជាមួយ​និង​ការផ្ដល់​នូវ​ជំនឿ​ទុកចិត្ត​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នេះ ការដាក់​ឲ្យ​ដំណើរការ​ច្រកចេញចូល​តែមួយ ក៏​ជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ នៃ​ការផ្ដល់​សេវា​សាធារណៈ ព្រមទាំង​ជំរុញ​ការ​កៀរគរ​ចំណូល​ចូល​ថវិកា​ជាតិ និង​លុបបំបាត់​ការ​យក​កម្រៃ​សេវា​លើស​ពី​ច្បាប់​កំណត់ ។​

​ទន្ទឹមនេះ លោក​សុខ លូ​បាន​ស្នើរ​ដល់​មន្ត្រី នៃ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​។ ជាពិសេស ត្រូវ​សហការ​និង​សាមគ្គីភាព ឯកភាពគ្នា រវាង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឲ្យ​អង្គភាព​ដំណើរ​ទៅ​បាន​ដោយ​រលូន ធានា​ឲ្យ​ការផ្ដល់សេវា​ជូន​ពលរដ្ឋ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស មិន​បង្ក​ឱ្យមាន​ការកកស្ទះ​ក្នុង​ការផ្ដល់​សេវា​។​

​គួរ​បញ្ជាក់ដែរថា ច្រកចេញចូល​តែ​មួយ មាន​បម្រើសេវា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ចំនួន ១៣ រួមមាន វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍ វិស័យ​សាធារណការ និង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​ព័ត៌មាន វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​រៀបចំ​ដែនដី នគ​រូបយ​កម្ម សំណង់ និង​សុរិយោដី វិស័យ​កសិកម្ម  វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការងារ​និង​នីត្យានុកូល​កម្ម អាច​មក​ទទួល​សេវា​នៅក្នុង​អង្គភាព​ច្រក​ចេញ​តែ​មួយ​ខេត្ត​កំពង់ធំ​៕

ព័ត៌មានផ្សេងទៀត