ស្រុក​ចំនួន​៤​ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំនេះ​

22-07-2018 11:19 am 2250
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ក្នុងឱកាស​ចុះ​ទៅ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​ថា ស្រុក​ចំនួន​០៤​ក្នុង​ខេត្ត​កំពង់ស្ពឺ រួមមាន ស្រុក​ភ្នំស្រួច ស្រុក​បរសេដ្ឋ ស្រុក​សំរោង​ទង និង​ក្រុង​ច្បារមន បាន​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែកក្កដា​មក​។​

​លោក​វ៉ី សំណាង បានឲ្យ​ដឹង​បន្ថែមថា ជំនន់​ទឹកភ្លៀង នៅក្នុង​ឆ្នាំ​នេះ​បាន​បណ្តាលឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដូចជា​ស្ពាន ថ្នល់ និង​ធ្វើឱ្យ​ខូចខាត​ដីស្រែ​ចម្ការ ដំណាំ​កសិកម្ម ជាច្រើន​ហិកតា ព្រមទាំង ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ ថែមទៀត​ផង ។​តែ​ជំនន់​ទឹកភ្លៀង​នេះ ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​រងគ្រោះ​ដល់​អាយុជីវិត​នោះ​ទេ ។​

​ក្នុងខណៈ​ពេល​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នោះដែរ លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ជំនាញ​គ្រប់​ស្រុក និង​ក្រុង​ដែល រងគ្រោះ ត្រូវ​បន្ត​ចុះ​អន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ មក​កាន់​ទី​ទួល​សុវត្ថិភាព ហើយក៏​បាន​បញ្ជូន​មន្ត្រី​សុខាភិបាល ចុះទៅ​ពិនិត្យ​ព្យាបាល ផ្តល់​ថ្នាំពេទ្យ និង​ទឹក​សម្រាប់​បរិភោគ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត និង​កាកបាទក្រហមកម្ពុជា ក៏បាន​ផ្តល់​តង់​សម្រាប់​ស្នាក់ នៅ​បណ្តោះអាសន្ន​ផងដែរ​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​(AKP) បាន​ចុះផ្សាយ​ថា ប្រជា​ការពារ​ភូមិ ប្រចាំ​ការអន្តរាគមន៍​ជួយសង្គ្រោះ នៅ​ភូមិ ត្នោត​ព្រែក ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ គឺ​លោក​ប៊ិច ឈឿន បានបញ្ជាក់​ថា​ជំនន់ ទឹកភ្លៀង​ឆ្នាំនេះ​គឺ​ខ្លាំង​ជាង​ឆ្នាំ​កន្លងមក ដោយ​ជំនន់​នេះ បានចាប់ផ្តើម​ជន់​យ៉ាង​ខ្លាំង​តាំងពី​ថ្ងៃ​ទី​១៨ ខែកក្កដា មកម្ល៉េះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​ទឹកភ្លៀង​បាន​ហូរ​ចុះ​ពី​ភ្នំ​ចូល​ទៅ​កាន់​ស្ទឹង មួយចំនួន​ដូចជា ស្ទឹង​រលាំង​ជ្រៃ ស្ទឹង​ពាម​ខ្លី និង​ស្ទឹង​សំរោង ទើប​បណ្តាលឱ្យ​មាន​ការ​ជន់​លិច​ភូមិ ឃុំ ស្រុក និង​ក្រុង ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

សូមបញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ទទួលរង​នូវ​សម្ពាធ​ទាប​និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ​សុន ទី​ញ ដែល​បាន បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ និង​មាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ព្រមទាំង​បាន​ធ្វើឲ្យ​កំណាត់​ខ្សែ​ផ្លូវ ស្ពាន មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​ចរាចរណ៍​ទាំងស្រុង ដូចជា​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣២​ជាដើម​។ ក្នុងនោះ​ក៏​មាន​ផ្លូវជាតិ ផ្លូវ​ខេត្ត​មួយចំនួន​ទៀត​ក៏​ទទួលរង​ការខូចខាត​ស្រទាប់​ផ្លូវ​ផ្ទៃ​ខាងលើ​ផងដែរ ដូចជា​៖ កំណាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់ ផ្លូវ​ខេត្ត​លេខ​១៤៨ លេខ​៣៧៧ លេខ​១៣៣២ លេខ​១៣៣៣ លេខ​១៣៣៥ លេខ​១៥៩ ដែល​បង្ក​អោយ មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​៕

 

ព័ត៌មានផ្សេងទៀត