អាជ្ញាធរ​​ក្រុង​ភ្នំពេញ​​ឱ្យ​​ពល​រដ្ឋ​ទុក​ដាក់​​សំរាម​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​ថ្ងៃ​​ឈប់​សម្រាក​​បោះ​ឆ្នោត​​

20-07-2018 3:46 pm 796
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់ក្នុង​ក្រុងភ្នំពេញ​ទាំងអស់ ត្រូវ​ទុកដាក់ និង​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅតាម​ផ្លូវ​សាធារណៈ នៅ​អំឡុងពេល​ឈប់សម្រាក​បោះឆ្នោត​រយៈពេល​៣​ថ្ងៃ​។ (​សេង បារាំង​)

​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម​-​សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ឱ្យមាន​ការយោគយល់ និង​អធ្យាស្រ័យ ដោយ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ក្នុងអំឡុងពេល​ឈប់សម្រាក​បោះឆ្នោត​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការអំពាវនាវ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​ដោយ​បញ្ជាក់ថា នៅក្នុង​ឱកាស​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តធ្វើ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ កម្មករ​-​កម្មការិនី របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ដែល​បម្រើ​ការងារ​សម្អាត និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ដែរ ដើម្បី​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត​នៅតាម​បណ្ដា​ខេត្ត​នានា​។​

​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​គូសបញ្ជាក់ថា នៅសល់តែ​កម្មករ​-​កម្មការិនី​ដែលមាន​ទីតាំង​បោះ​ឆ្នោត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជិត​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ដែល​នៅ​ម​ប្រើ​ការងារ​ស្ម័គ្រចិត្ត​។ ដូច្នេះ​ក្នុងអំឡុងពេល​០៣​ថ្ងៃ នៃ​ការ​ឈប់សម្រាក​នេះ ការផ្ដល់សេវា​សម្អាត និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មិនបាន​ពេញលេញ​ឡើយ ដោយ​អាជ្ញាធរ​ក្រុង​ស្នើឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម​-​សេវាកម្ម​ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​រក្សា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​របស់ខ្លួន​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​សិន​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​បានធ្វើ​ការជូនដំណឹង ឱ្យ​ថៅកែ​រោងចក្រ អនុញ្ញាតឱ្យ​កម្មករ​-​កម្មការិនី ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ដើម្បី​បង្កលក្ខណៈ​ងាយ​ដល់​ពួកគេ ក្នុង​ការធ្វើដំណើរ​ទៅ​បោះឆ្នោត​ទាំង​ទៅ​ទាំង​មកឱ្យ​ទាន់ពេលវេលា​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អនុញ្ញាតឱ្យ​និស្សិត​នៅតាម​បណ្ដា​សកល​វិទ្យាល័យ​នានា បាន​ឈប់សម្រាក​០៣ ដើម្បី​ឱ្យទៅ​ចូលរួម​ការបោះឆ្នោត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត