បក្ស​LDP​បន្ត​ទាមទា​រឲ្យកំណត់​យក​តែ​សញ្ញា​(√​)លើ​សន្លឹកឆ្នោត​ទោះ គ​.​ជ​.​ប បដិសេធ

19-07-2018 4:32 pm 4389
  ស្តាប់
ស្តាប់ជាសំឡេង

​ផ្អែកលើ​ហេតុផល​មួយចំនួន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP អះអាងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ នឹងមិន​ត្រឹមត្រូវ​តាម​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​ឡើយ បើសិនជា​ច្បាប់​មិន​បានកំណត់​ច្បាស់លាស់ ថា​ការ​គូស​លើ​សន្លឹកឆ្នោត​របស់​អ្នកបោះឆ្នោត​ត្រូវតែ​ជា​សញ្ញា​ធី​ក​(√)តែមួយ​ទេនោះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​១៩ កក្កដា លោក​ខឹម វាសនា ប្រធាន​គណបក្ស​បាន​លើកឡើងថា ការ​សម្លុត គំរាមកំហែង ការទិញ​សន្លឹកឆ្នោត និង​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឯករាជ្យ វា​គ្រាន់តែ​ជា​បញ្ហា​តូច​ប៉ុណ្ណោះ តែ​បញ្ហាសំខាន់​គឺ​ការ​គូ​សន្លឹកឆ្នោត​បាន​ត្រឹមត្រូវ​។ លោក​ថា បើ​អ្នកបោះឆ្នោត​គូស​តែ​សញ្ញា​ធី​ក ឬ​សញ្ញា​ប្រហាក់ប្រហែល​លើ​សន្លឹកឆ្នោត នោះ​អ្នកបោះឆ្នោត​នឹង​គេច​ផុតពី​ការគំរាមកំហែង និង​ការទិញ​ទឹកចិត្ត​ហើយ​....

​លោក​ខឹម វាសនា​៖

​បើតាម​លោក​ខឹម វាសនា ការ​គូសសញ្ញា​គាំទ្រ​អ្វី​ក៏បាន​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​លើ​សន្លឹកឆ្នោត នឹងធ្វើ​ឲ្យគេ​ងាយស្រួល​ក្នុង​ការកត់សម្គាល់​បានអ​ត្ត​សញ្ញាណ​អ្នកបោះឆ្នោត ថា​គាំទ្រ​គណបក្ស​នេះ ឬ​គណបក្ស​នោះ​។ លោក​ថា បញ្ហា​នេះ​បានធ្វើឲ្យ​បាត់ភាព​សម្ងាត់នៃកា​រ​បោះឆ្នោត​។​

​ទោះ​គ្មាន​សង្ឃឹមថា មាន​ការកែសម្រួល​ប្រការ​មួយចំនួន​តាម​ការចង់​បាន​របស់ខ្លួន​ក៏ដោយ ក៏​គណបក្ស​មួយ​នេះ​បញ្ជាក់ថា បាន​ផ្ញើលិខិត​ទៅ​ប្រធានរដ្ឋសភា ដើម្បី​ស្នើ​រដ្ឋសភា​ពិនិត្យ និង​កែតម្រូវ​លើ​បញ្ហា​គូសសញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​ផងដែរ​។ 

យ៉ាងណាក៏ដោយ ក្នុង​លិខិត​ឆ្លើយតប​នឹង​សំណើ​របស់​គណបក្ស​LDP ឲ្យមាន​ការកែប្រែរ​បៀបគូសសញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត កាលពី​ថ្ងៃទី​១៥ កក្កដា គ​.​ជ​.​ប បាន​បដិសេធចោល ដោយ​សំអាង​ហេតុផល​ថា ការ​តម្រូវឲ្យ​អ្នកបោះឆ្នោត​គូស​តែ​សញ្ញា​ធី​ក​តែមួយគត់​លើ​សន្លឹកឆ្នោត មិនបាន​ឆ្លុះបញ្ចាំង​ពីបទ​ប្បញ្ញត្តិ​នៃ​មាត្រា​១០៥ និង​មាត្រា​១២០​ទេ​។ មួយវិញទៀត ប្រទេស​ជាច្រើន​លើ​ពិភពលោក​ក៏​មិន​តម្រូវឲ្យ​អ្នកបោះឆ្នោត ត្រូវតែ​គូសសញ្ញា​ជាក់លាក់​ណាមួយ​នៅលើ​សន្លឹកឆ្នោត​នោះដែរ​៕

 ពាក្យគន្លឹះ  បក្សLDP

ព័ត៌មានផ្សេងទៀត