អតីតមន្រ្តីLDPចេញបង្កើតបក្សថ្មីអះអាងថានយោបាយបច្ចុប្បន្នធ្វើឱ្យជាតិបែកបាក់

18-07-2018 10:03 am 4392
  ស្តាប់
លោក អ៊ិត សារម្យ អតីតមន្រ្តីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។
ស្តាប់ជាសំឡេង

 លោក អ៊ិត សារម្យ អតីតអនុប្រធានទីមួយ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានសម្រេចចេញបង្កើតគណបក្សបំណងពលរដ្ឋ ដោយអះអាងថា នយោបាយកម្ពុជាបច្ចុប្បន្នកំពុងដើរតាមគន្លងចាស់ ធ្វើឱ្យជាតិបែកបាក់ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការអួតអាង ការបំផ្លើសបំផ្លោង ការអុជអាល ការឆ្លៀតឱកាស ការជេរប្រមាថពូជសាសន៍ខ្មែរ ផ្តាច់ការនិយម ការបំភិតបំភ័យ សកម្មភាពនយោបាយប្រជាភិថុតិ និងការចង់ចាញ់ចង់ឈ្នះ សុទ្ធតែជារូបភាពដ៏គ្រោះថ្នាក់បំផុត និងអាចបំផ្លាញប្រទេសកម្ពុជា ដល់ឫសគល់យ៉ាងពិតប្រាកដ ។

លោក អ៊ិត សារម្យ បញ្ជាក់ប្រាប់វិទ្យុវាយោថា យ៉ាងណាក៏ដោយ ទោះបីជាលោកបំបែកខ្លួនចេញពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែរាល់ទស្សនៈ គោលនយោបាយល្អៗមួយចំនួន គឺនៅតែគាំទ្រ និងរក្សាមកដាក់ចូលក្នុងគណបក្សថ្មីនេះ…

សំឡេងលោក អ៊ិត សារម្យ ៖

គូសបញ្ជាក់ថា គណបក្សបំណងពលរដ្ឋដែលមានលោក អ៊ិត សារម្យ ជាតំណាងស្ថាបនិក ត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាត្តបង្កើតតាមលិខិតចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ។ បច្ចុប្បន្ន គណបក្សបំណងពលរដ្ឋ កំពុងប្រមូលស្នាមមេដៃអ្នកគាំទ្រចំនួន៤,០០០នាក់ ដើម្បីបង្កើត ។ យ៉ាងណាក៏ដោយ គណបក្សនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្ពោះទៅកាន់ការប្រកួតប្រជែងនៅអាណត្តិទី៧ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ឆ្នាំ២០២៣ ៕ 

ព័ត៌មានផ្សេងទៀត