ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា គ្មានការប្រញាប់ប្រញាល់លើដំណើរការរំលាយចោលនុយក្លេអ៊ែរកូរ៉េខាងជើងទេ ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងលោកជាមួយលោកគីម ជុងអ៊ុន។ លោកត្រាំបានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាកំពុងដំណើរការ ហើយដំណើរការបានល្អទៀត។ ប៉ុន្ដែគ្មានការកំណត់ពេលវេលាទេ ហើយក៏មិនកំណត់ពីល្បឿនក្នុងដំណើរការនេះដែរ។
លោកដូណាល់ ត្រាំបានជួបជាមួយលោកគីម ជុងអ៊ុន កាលពីថ្ងៃទី១២មិថុនានៅក្នុងប្រទេសសិង្ហបុរី។ ក្នុងកិច្ចប្រជុំលោកគីមបានប្ដេជ្ញានឹងរំលាយនុយក្លេអ៊ែរចោល ដូចចែងក្នុងសេចក្ដីថ្លែងការណ៍រួម។ តែសេចក្ដីថ្លែងការណ៍មិនបានបញ្ជាក់ពីកាលបរិច្ឆេទ ឬលើកឡើងថាកូរ៉េខាងជើងនឹងរំលាយនុយក្លេអ៊ែរដោយរបៀបណាឡើយ។ គេរំពឹងថាមន្ដ្រីការទូតតំណាងប្រទេសទាំងពីរ នឹងបង្ហាញព័ត៌មានលម្អិតឆាប់ៗ។
គួរបញ្ជាក់ថា មុនពេលកិច្ចប្រជុំចាប់ផ្ដើម រដ្ឋបាលលោកដូណាល់ ត្រាំបាននិយាយថា ការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើង គួរតែចាប់ផ្ដើមដោយគ្មានការពន្យារពេល។ បន្ទាប់ពីកិច្ចប្រជុំលោកត្រាំថា ដំណើរការកំពុងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។ មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាមេរិកនិយាយថា ការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើង គួរតែបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០ ជាឆ្នាំលោកត្រាំចប់អាណត្ដិប្រធានាធិបតី។
តែនៅពេលនេះលោកត្រាំនិយាយថា គ្មានការកំណត់ពេលវេលាលើការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើងទេ។ ដូច្នេះ តើនុយក្លេអ៊ែរកូរ៉េខាងជើងនឹងត្រូវដកហូតបានទាំងស្រុងនៅពេលណា?