លោក​ហ៊ុន ម៉ា​នី ប្រតិកម្ម​អ្នកយក​អង្គ​ព្រះមហាក្សត្រ​មក​បម្រើ​នយោបាយ​ទុច្ចរិត​

17-07-2018 5:31 pm 1575
  ស្តាប់
ស្តាប់ជាសំឡេង

​ខណៈ​ការបោះឆ្នោត​ជិត​មក​ដល់ សារ​របស់​អ្នកនយោបាយ ហាក់​កំពុង​កើនឡើង​កម្តៅ ពិសេស​ការអំពាវនាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ ក្រោយ​ពី​ផ្ញើ​សារ​នយោបាយ ក្រោម​ពាក្យស្លោក “​ដេក​ផ្ទះ ឈ្នះ​ឯង​” ឥឡូវនេះ លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ នៅ​ក្រៅប្រទេស បាន​បង្ហោះ​សារ​ថ្មី​មួយទៀត ដោយ​មាន​ភ្ជាប់​ជាមួយ​នឹង​អង្គ​ព្រះមហាក្សត្រ​។​

​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក លោក​សម រង្ស៊ី បានបញ្ជាក់​ថា “​ទោះបី​ព្រះអង្គ​ជា​ចំណាប់ខ្មាំង របស់​លោក​ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏​ព្រះអង្គ​បានឲ្យដឹងថា ព្រះអង្គ​មិន​យាង​ទៅ​បោះឆ្នោត​ទេ ថ្ងៃ ២៩ កក្កដា ឆ្នាំ​២០១៨​នេះ​។ សូម​បងប្អូន​ជនរួមជាតិ ធ្វើ​តាម​ព្រះអង្គ​ទាំងអស់គ្នា​! នៅ​ថ្ងៃ​បោះឆ្នោត​ក្លែងក្លាយ​នោះ សូម​ធ្វើ​អព្យាក្រិត ដូច​ព្រះអង្គ​ចុះ​”​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ បាន​ធ្វើឲ្យ​លោក​ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម និង​ឆ្លើយតប​ថា តើ​វា​ជា​រឿង​ត្រឹមត្រូវ​ទេ ដែល​អ្នកនយោបាយ​រូបនេះ​យក​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព “​ស​ក្ការ​:​ដ៏​ខ្ពង់ខ្ពស់​បំផុត មក​បម្រើ​នយោបាយ​ទុច្ចរិត​ផ្ទាល់ខ្លួន​របស់​គាត់​នោះ​? ”

​លោក​ហ៊ុន ម៉ា​នី បាន​បន្តថា នេះ​ជា​ទង្វើ​ដែល​មិន​អាច​ទទួលយក​បាន​ជា​ដាច់ខាត ហើយ​បើ​អាច​បញ្ឈប់​វា​បាន ល្មម​បញ្ឈប់​ហើយ​។ លោក​នៅ​មាន​ល្បិច​ច្រើន​ទៀត​ដែល​អាច​ធ្វើបាន ដោយ​លោក​មិន​គួរ​យក​អង្គ​ព្រះមហាក្សត្រ​ជា​ទី​ស​ក្ការ​: របស់​យើង មក​ពាក់ព័ន្ធ​នឹង​គម្រោង​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់​លោក​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត