គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងលិខិតចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះបានឆ្លើយតបទៅនឹងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងន័យបដិសេធករណីស្នើរសុំធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
តាមរយៈលិខិត គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសំណើរសុំធ្វើវិសោធនកម្មចំណុច ៨.១១.១នៃបទបញ្ជា និងនីតិវិធី របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយ៉ាងយកចិត្តទុកដាក់រួចមក គ.ជ.ប មិនអាចធ្វើវិសោធនកម្មលើចំណុចទាំងបីខាងលើតាមសំណើរបានទេ។
មិនអាចធ្វើបាន ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ និងបទពិសោធន៍របស់ គ.ជ.ប កន្លងមកដូចជា៖ ទី១ ការតម្រូវឲ្យអ្នកបោះឆ្នោតគូសសញ្ញាធិក (√) តែមួយគត់ដើម្បីគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោតគឺមិនឆ្លុះបញ្ចាំងអំពីបទប្បញ្ញត្តិក្នុងកថាខណ្ឌទី២នៃមាត្រា១០៥ និងមាត្រា១២០ ដែលកំណត់អំពីរបៀបគូសលើសន្លឹកឆ្នោតតាមរយៈគំនូសសញ្ញា។
តាមបទប្បញ្ញត្តិនេះមានន័យថា មិនមានការចែងដែលតម្រូវឲ្យអ្នកបោះឆ្នោតត្រូវតែគូសសញ្ញាធិកតែមួយគត់នោះឡើយ ពោលច្បាប់អនុញ្ញាតឲ្យអ្នកបោះឆ្នោតគូសសញ្ញាទូទៅនៅលើសន្លឹកឆ្នោត វៀរលែងតែគំនូសដែលបង្ហាញពី អត្តសញ្ញាណរបស់អ្នកបោះឆ្នោតដូចចែងក្នុងចំណុច៣ នៃកថាខណ្ឌទី៣ មាត្រា១២០នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ទី២ ការទទួលយកជាបានការនូវគំនូសសញ្ញាគាំទ្រជាទូទៅនេះត្រូវបានអនុវត្តតាំងពីការបោះឆ្នោតសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលរៀបចំឡើយដោយ អ៊ុនតាក់មកម្ល៉េះ ហើយបទពិសោធន៍នៃគំនូសជាទូទៅនេះ ក៏ត្រូវបានបន្តអនុវត្តសម្រាប់ការបោះឆ្នោតក្រោយៗទៀត ក្នុងគោលបំណងធានាការពារសំឡេងរបស់អ្នកបោះឆ្នោតក្នុងបរិបទនៅកម្ពុជា។
ទី៣ តាមការសិក្សាក្នុងប្រទេសជាច្រើនលើពិភពលោកដូចជាចក្រភពអង់គ្លេសជាដើម គេមិនដែលតម្រូវឲ្យអ្នកបោះឆ្នោតគូសសញ្ញាជាក់លាក់ណាមួយឡើយ។
និងទី៤ ស្ថិតក្នុងលក្ខខណ្ឌដែលគ.ជ.ប បានកំណត់នេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដូចមានចែងក្នុងមាត្រា១០៦នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។
ចំពោះជនណាដែលព្យាយាមដោយទុច្ចរិតក្នុងគោលបំណងកត់សម្គាល់ ដើម្បីឲ្យដឹងថាអ្នកបោះឆ្នោតណាម្នាក់ បោះឆ្នោតឲ្យគណបក្សណា ជននោះនឹងត្រូវទទួលការព្រមានពីប្រធានការិយាល័យរាប់សន្លឹកឆ្នោត។ ក្នុងករណីនៅតែបន្តសកម្មភាពជាលើកទីពីរ នឹងត្រូវចាត់ទុកថាជាករណីរំលោភលើគោលការណ៍សម្ងាត់នៃការបោះឆ្នោត ហើយជនដែលមានការពាក់ព័ន្ធត្រូវបណ្តេញចេញពីការិយាល័យរាប់សន្លឹកឆ្នោត ហើយត្រូវទទួលទោសស្របតាមច្បាប់ស្តីពីការបោះឆ្នោតទៀតផង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ២០១៨កន្លងទៅ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានស្នើឲ្យគ.ជ.បធ្វើវិសោធនកម្មចំណុច ៨.១១.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការគូសលើសន្លឹកឆ្នោត៕
ដោយ៖ប៉ា សុខេង