អតីត​​បក្ស​ប្រឆាំង​​អំពាវ​នាវ​ EU​ ឱ្យ​ជួយ​​ជម្រុញ​​រដ្ឋា​ភិបាល​​កម្ពុជា​​ដោះ​ស្រាយ​​បញ្ហា​នយោ​បាយ​​

16-07-2018 3:40 pm 1892
  ស្តាប់
ស្តាប់ជាសំឡេង

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប បន្ត​ជួយ​ជម្រុញ​ធ្វើយ៉ាងណា ឱ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មករក​ដំណោះស្រាយ​នយោបាយ ដើម្បីឱ្យ​ប្រទេស​កម្ពុជា វិល​មករក​គន្លង​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​ជា​កង្វល់​របស់​ជាតិ​ទាំងមូល ខណៈ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការអំពាវនាវ​នេះ គ្រាន់តែ​ជា​ការបញ្ចេញមតិ របស់​គណបក្ស​ដែល​តុលាការ​កំពូល​រំលាយចោល​តែប៉ុណ្ណោះ​។ (​សេង បារាំង​)

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ប្រកាស​គាំទ្រ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប និង​អ្វីៗ​ដែល​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​បាន​រកឃើញ ពាក់ព័ន្ធ​ទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។ នេះ​ជា​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង ចុះ​ថ្ងៃទី​១៥ ខែកក្កដា​។ 

​អតីត​គណបក្សប្រឆាំង​មួយ​នេះ បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប បន្ត​ជួយ​ជម្រុញ​ធ្វើយ៉ាងណា ឱ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មករក​ដំណោះស្រាយ​នយោបាយ ដើម្បីឱ្យ​ប្រទេស​កម្ពុជា វិល​មករក​គន្លង​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ ជាមួយគ្នា​នោះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ដោយផ្ទាល់​ផងដែរ ទៅ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឱ្យ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​ជា​កង្វល់​របស់​ជាតិខ្មែរ​ទាំងមូល និង​របស់​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប ដើម្បី​ចៀសវាង​ការចាត់វិធានការ​ជាក់លាក់​ណាមួយ​របស់​ស​ហគ​មន៍​អន្តរជាតិ នាំឱ្យ​ខូចប្រយោជន៍​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល​។​

​សម្រាប់​ការអំពាវនាវ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា គ្រាន់តែ​ជា​ការបញ្ចេញមតិ​តែប៉ុណ្ណោះ ដោយ​លោក​អះអាងថា សេចក្ដីប្រកាស​ព័ត៌មាន​សហភាព​អឺរ៉ុប មិនមែនជា​សេចក្ដីប្រកាស​ព័ត៌មាន​តតាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឡើយ​។ លោក​ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅតែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហ​ភាព​អឺរ៉ុប បន្ថែមទៀត​​…………

​សំឡេង​៖

​សូមបញ្ជាក់ថា ការចេញ​សេចក្ដីថ្លែងការណ៍​គាំទ្រ របស់​អតីត​គណបក្សប្រឆាំង នាពេលនេះ ធ្វើឡើង​ក្រោយ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​របស់​សហភាព​អឺរ៉ុប បានបញ្ចប់​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​១១ កក្កដា ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ការងារ​នៅ​កម្ពុជា ហើយ​សហភាព​អឺរ៉ុប នឹង​ពិចារណា​ដាក់​វិធានការ​ដក​កម្ពុជា ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ ដែលជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប មិនបាន​ដោះស្រាយ​ការព្រួយបារម្ភ​នានា​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​។​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ដដែល បានបញ្ជាក់​ផងដែ​រថា ខ្លួន​ពិនិត្យឃើញថា មាន​គុណវិបត្តិ​ជាច្រើន ពាក់ព័ន្ធ​នឹង​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព​ក្នុង​ការបង្កើត​សមាគម និង​សិទ្ធិ​ចរចា​សមូហភាព​នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប បាន​សង្កត់ធ្ងន់ថា នៅក្នុង​គោលការណ៍​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស សេរីភាព​ជា​មូលដ្ឋាន និង បទដ្ឋាន​ការងារ​នានា គឺជា​ទិដ្ឋភាព​ចាំបាច់​បំផុត​៕ 
 

ព័ត៌មានផ្សេងទៀត