បញ្ជូន​សំណុំរឿង​មន្ត្រីប្រើ​រថយន្ត​ស្លាក​លេខ​ន​.​ប បិទ​ស្លាកបក្ស​ប្រជាជន​កម្ពុជាទៅ​គ​.​ជ​.​ប​

13-07-2018 4:13 pm 2754
  ស្តាប់
រថយន្តពាក់ស្លាកលេខន.បមានបិទស្លាកគណបក្សប្រជាជនកម្ពុជាដែលស្រាវជ្រាវរកឃើញដោយអគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​ការបញ្ជា​ពី​លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រាវជ្រាវ​រកឃើញ អ្នក​ដែល​ប្រើប្រាស់​រថយន្ត ម៉ាក Lexus ពាក់​ស្លាក​លេខ នគរបាល​(​ន​.​ប​) 2-0996 បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ គឺ​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​។ អគ្គស្នងការដ្ឋាន​ន គរ​បាល​ជាតិ មិន​បញ្ជាក់ឲ្យ​ដឹង ពី​អត្តសញ្ញាណ​មន្ត្រី ដែល​ប្រព្រឹត្ត​កំហុស នៅក្នុង​រដូវ​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​នោះទេ គ្រាន់តែ​បញ្ជាក់ថា ជា​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​រសៀលថ្ងៃទី​១៣​ខែកក្កដា​នេះ​។​

​សេចក្តីប្រកាស​ដដែល​ឲ្យដឹង​បន្តថា ក្នុងករណីនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដោយបាន​ចាត់វិធានការ​យក​រថ​យន្ត​នោះ មក​បក​ស្លាក​គណបក្ស​ចេញ និង​បាន​ដាក់ពិន័យ​ដល់​មន្ត្រី ដែល​បាន​ប្រព្រឹត្ត​កំហុស​នោះ​ផងដែរ​។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ក៏បាន​បញ្ជូន​សំណុំរឿង​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី និង​ច្បាប់បោះឆ្នោត​។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ប្រាប់​វិទ្យុ​វា​យោ កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៨​ថា តាម​ផ្លូវច្បាប់ ចំពោះ​ជន​ណា​ដែល​បាន​ប្រើប្រាស់ រថយន្ត​ពាក់​ស្លាក​លេខ ន​. ប ឬ ខ​. ម ក្នុង​ដំណើរការ​ឃោសនាបោះឆ្នោត ប្រឈម​ទោស ការព្រមាន និង​ផាកពិន័យ​ពី ៥ ទៅ​១០​លាន​រៀល​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ក៏បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ រាយការណ៍​ឬ​ប្តឹងទៅ គ​.​ជ​.​ប​ជាបន្ទាន់ ប្រសិនបើ​ប្រទះឃើញ មាន​ជន​ណា​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់ ក្នុងពេល​ឃោសនា​ស្វែងរក​សំឡេងឆ្នោត ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់  ដូច​បានកំណត់ និង​ក្រមសីលធម៌ នីតិវិធី គោលការណ៍​របស់ គ​.​ជ​.​ប​។​

ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​ន​.​ប និង​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ករណី​ទី​១ ចាប់តាំងពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត បានចាប់ផ្តើម​នៅ​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៨​។ ករណីនេះ កើតឡើង ខណៈ​នៅលើ​បណ្តាញ​សង្គម បាន​រិះគន់​ខ្លាំង ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​លិចធ្លោ​ជាងគេ ក្នុងចំណោម​គណបក្ស​ចំនួន​២០ បាន​ប្រើប្រាស់​រថយន្ត ស្លាក​លេខ​កងកម្លាំងប្រដាប់អាវុធ ឃោសនាបោះឆ្នោត ដែល​ខុស​នឹង​នីតិវិធី​នៃ​ច្បាប់បោះឆ្នោត​៕ 


ព័ត៌មានផ្សេងទៀត