លោក​ដូណាល់ ត្រាំ​​បង្ហាញ​លិខិត​​សំខាន់​មួយច្បាប់​​របស់​លោក​​គីម ជុង​អ៊ុន​

13-07-2018 9:49 am 1614
  ស្តាប់
លោក​ដូណាល់ ត្រាំ​​​ប្រធានាធិបតី​អា​មេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានបង្ហាញ​ភាពជឿជាក់​កាន់តែខ្លាំង ថា​កូរ៉េខាងជើង​កំពុង​ខិតខំ​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែ​រ​។ លោក​ក៏បាន​បង្ហោះ​លិខិត​មួយច្បាប់​របស់លោក​គីម ជុង​អ៊ុន នៅលើ​ប្រព័ន្ធ​Twitter​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ​។ លោក​ត្រាំ​ថា​តាមរយៈ​លិខិត​នេះ គូសបញ្ជាក់​កាន់តែច្បាស់ ពី​ក្ដីសង្ឃឹម​ដែល​កូរ៉េខាងជើង​អាចមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ព្រមទាំង​មាន​អនាគត​ថ្មី​ត្រចះត្រចង់​។​

​នៅក្នុង​លិខិត​ចំនួន​៤​ទំព័រ លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយថា “​ខ្ញុំ​ពិតជា​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ស្មោះត្រង់ និង​ការ​រួមដៃគ្នា​រវាង​រូបខ្ញុំ​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី ក្នុង​គោលបំណង​បង្កើត​អនាគត​ថ្មី​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក នឹង​សម្រេចបាន​លទ្ធផល​គាប់ប្រសើរ​។ ខ្ញុំ​ពិតជា​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម​ប្រធានាធិបតី សម្រាប់​ការ​លើ​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ការ​អនុវត្ដ​តាម​សេចក្ដីថ្លែងការណ៍​រួម​ដោយ​ស្មោះត្រង់​។​”

​លោក​គីម​បានបង្ហាញ​ក្ដី​សង្ឃឹមថា “​ទំនុកចិត្ដ​និង​ភាពជឿជាក់​លើលោក​ប្រធានា​ធិបតី និង​មាន​កាន់តែខ្លាំង​ក្នុង​ដំណើរការ​អនុវត្ដ​សកម្មភាព​នៅពេល​ខាងមុខ​។​” លិខិត​របស់លោក​គីម ជុង​អ៊ុន លោក​ដូណាល់ ត្រាំ​ចាត់ទុកថា​ជា​រឿង​ល្អ​បំផុត​ទទួលបាន​ពី​កូរ៉េខាងជើង ហើយ​ដំណើរការ​ដ៏​អស្ចារ្យ​ចាប់ផ្ដើម​អនុវត្ដ​ហើយ​។​

​សូម​រម្លឹកថា លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន បាន​ជួប​ពិភាក្សាគ្នា​ជា​លើកដំបូង ស្ដីពី​ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង កាលពី​ថ្ងៃទី​១២​មិថុនា​ក្នុងប្រទេស​សិង្ហ​បុរី​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ចេញសេចក្ដីថ្លែងការណ៍​រួម ក្នុងនោះ​មាន​ចំណុច​សំខាន់ៗ​ជាច្រើន​ត្រូវ​អនុវត្ដ​ជាមួយគ្នា​។ ពេលនេះ​ទាំង​អាមេរិក​និង​កូរ៉េខាងជើង កំពុង​ធ្វើតាម​សេចក្ដីថ្លែងការណ៍​ជា​បណ្ដើរៗ​ហើយ ពិសេស​គឺ​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​៕

ព័ត៌មានផ្សេងទៀត