សិស្សវិស្វកម្មគីមីបង្កើតក្រុមបញ្រ្ជាបការយល់ដឹងបរិស្ថានដល់យុវជនរាប់រយនាក់

06-07-2018 5:57 pm 5556
  ស្តាប់
ស្តាប់ជាសំឡេង

បញ្ហាប្រែប្រួលអាកាសធាតុ បច្ចុប្បន្ន វាបានប្រែក្លាយទៅជារឿងសកលលោកទៅហើយ តែនៅកម្ពុជាយើង ហាក់មានការយល់ដឹងក្នុងកម្រិតតិចតួចនៅឡើយ ។ តាមស្ថាប័នអប់រំនានាទាំងក្រសួង និងអង្គការសង្គមស៊ីវិលជំនាញ បានផ្តោតលើការអប់រំការប្រែប្រួលអាកាសធាតុ ទៅស្រទាប់យុវជន និងពលរដ្ឋទូទៅ ។ ជាមួយគ្នានេះ ក្រុមយុវជនដែលមានគ្នា៣នាក់ បានចាប់ផ្តើមបង្កើត ក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុមួយឡើង ក្រោយមើលឃើញពីបញ្ហាជាសាកល ក៏ដូចជាបញ្រ្ជាបចំណេះដឹងដល់យុវជនអំពីអ្វីដែលពួកគេគួរតែបានដឹង និងគួរតែចាប់ផ្តើមធ្វើ ...

ក្នុងវ័យ២២ឆ្នាំ ក៏ដូចជា ក្នុងនាមជាប្រធានក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុ កញ្ញា សួន សុភាព បានប្រាប់ខ្ញុំថា ក្រុមនេះ បានបង្កើតឡើងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ដែលមកទល់នឹងពេលនេះ មានរយៈពេល១ឆ្នាំកន្លះ ។

សុភាពបានរៀបរាប់ប្រាប់ខ្ញុំថា តាំងពីបង្កើតក្រុមមក ក្រុមការងារនេះ បានធ្វើសកម្មភាពធំៗចំនួន៣ ដែលផ្តោតសំខាន់ទៅលើការអប់រំ ការប្រែប្រួលអាកាសធាតុ ការបន្សុំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស គឺតួនាទីយុវជនក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុ គឺផ្តោតសំខាន់ទៅលើការអប់រំយុវជន ដោយជំហានដំបូងនៃយុទ្ធនាការ ក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុ បានសម្រេចភាព ជោគជ័យរបស់ខ្លួនដោយបានបញ្រ្ជាបការអប់រំ និងបង្ហាញបញ្ហាជាក់ស្តែងទៅដល់យុវជនជិត៤០០នាក់…
សំឡេង សួន សុភាព ៖

ប្រធានក្រុមរូបនេះអះអាងថា ក្រោយសកម្មភាពបញ្ចប់ នាងសង្កេតឃើញថា ក្រុមយុវជនដែលបានចូលរួមបានចាប់ផ្តើមយល់ពីបញ្ហា ចែករំលែក ចាប់អារម្មណ៍ និងចូលរួមសកម្មភាពនានាទាក់ទងទៅនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ សុភាពថា ទង្វើជាគំរូភាពរបស់យុវជនទាំងនេះ បានធ្វើឱ្យជះឥទ្ធិពលដល់យុវជនដទៃផ្សេងទៀត…
សំឡេង សួន សុភាព ៖

បើតាមការអះអាងពីប្រធានក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុរូបនេះថា ក្រុមយុវជនសរុបទាំងអស់ ដែលបានចូលរួមសកម្មភាពជាមួយក្រុមខ្លួន មានប្រមាណជិត៥០០នាក់ ។ ក្នុងចំណោមចំនួនទាំងនេះ បើគិតជាភាគរយ មានប្រមាណ ៧០ ភាគរយ បានយកអ្វីដែលខ្លួនទទួលបានទៅអនុវត្ត ផ្សព្វផ្សាយបន្ត និងបន្តចូលរួមសកម្មភាពផ្សេងៗទៀត ជាមួយអង្គការ ស្ថាប័ន ឬក្រុមការងារដទៃដែលធ្វើសកម្មភាពទាក់ទងនឹងបរិស្ថាន ។

បើទោះបីជាក្រុមនេះបានបង្កើតតាំងពីអំឡុងដើមឆ្នាំ២០១៧ និងអាក់ខានធ្វើសកម្មភាពរាប់ខែក្តី ក៏ក្រុមនេះនៅតែដំណើរការដដែល បើទោះបីជាសមាជិកក្រុមនីមួយៗមានកិច្ចការងាររវល់ច្រើនរៀងៗខ្លួនក្តី ។

បើនិយាយពីគោលបំណងនៃការបង្កើតក្រុម ដែលធ្វើសកម្មភាពអប់រំផ្នែកការប្រែប្រួលអាកាសធាតុនេះ វាហាក់បីដូចជាសឹងតែមិនគួរឱ្យជឿ មិនគួរឱ្យជឿព្រោះថា អ្នកផ្តួចផ្តើមបង្កើតក្រុមនេះ ដំបូងឡើយមិនមានចំណាប់អារម្មណ៍ទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះបន្តិចសោះ តែ ក្រោយពីបានចូលរួមស្ម័គ្រចិត្ត ពិសេសបានជួប ឃើញនូវបញ្ហានេះកើតឡើងនៅនឹងភ្នែក សុភាពក៏ចាប់ផ្តើមពិភាក្សាជាមួយសមាជិករួមក្រុមដែលមានការគិតដូចគ្នាបង្កើតឡើងតែម្តង…
សំឡេង សួន សុភាព ៖

និយាយបកក្រោយបន្តិច សុភាពបានចាប់ផ្តើមប្រឡូកចូលកិច្ចការងារសង្គម ដោយស្ម័គ្រចិត្តក្នុងគម្រោងបរិស្ថាន កាលពីកំពុងសិក្សាឆ្នាំទី២ ។ បច្ចុប្បន្នកញ្ញា សួន សុភាព គឺជានិស្សិតឆ្នាំទី៥ ជំនាញវិស្វកម្មគីមី នៅសាលាតិចណូ ។ នាងបានបញ្ជាក់ប្រាប់ខ្ញុំថា ក្រោយពីបានឃើញពីបញ្ហានានាកំពុងកើតឡើង ដោយបានបង្កឱ្យមានការប្រែប្រួលអាកាសធាតុ ដែលគ្រប់គ្នាកំពុងជួបប្រទះ ខ្លួនក៏ស្លុងចិត្ត ផ្តោតលើការងារនេះតែម្តង ។

យ៉ាងណាក៏ដោយបើទោះបីជាមានជោគជ័យលើការងារស្ម័គ្រចិត្តដើម្បីសង្គមនេះក៏ដោយ ក៏មានកត្តាប្រឈមមួយចំនួនបន្តកើតឡើងដែរ ក្នុងនោះមានដូចជា កត្តាពេលវេលា មានការរារាំងធ្វើសកម្មភាពនានា និងថវិកាជាដើម ។ បើតាមការបញ្ជាក់ពីប្រធានក្រុមរូបនេះបានប្រាប់ខ្ញុំថាក្រុមកម្មវិធីអប់រំផ្នែកអាកាសធាតុ បានធ្វើសកម្មភាពដោយទទួលថវិកាពីស្ថាប័នអង្គការក្រៅរដ្ឋាភិបាលចំនួន២ នាពេលកន្លងមក ។

ទៅថ្ងៃខាងមុខ តាមឆន្ទៈក្រុម គឺនឹងនៅតែបន្ត ពិសេសនៅតែរក្សាការងារបណ្តុះបណ្តាលលើបញ្ហាការប្រែប្រួលអាកាសធាតុនេះដដែល ។ នាងប្រាប់ខ្ញុំថា ថ្ងៃអនាគត នាងចង់ឃើញកម្ពុជាប្រែក្លាយទៅជាប្រទេសស្អាត គ្មានសំណល់ប្លាស្ទិក ហើយយុវជនបានយល់ដឹងពីបញ្ហាប្រែប្រួលអាកាសធាតុស៊ីជម្រៅ…
សំឡេង សួន សុភាព ៖

ព័ត៌មានផ្សេងទៀត