តម្លៃ​សាំង៖រដ្ឋមន្ត្រី​ជំរុញ​អាជ្ញាធរ ចូលរួម​អនុវត្ត​បទបញ្ជា​លោក​ហ៊ុន សែនឲ្យបាន​ម៉ឺងម៉ាត់​

06-07-2018 3:34 pm 1456
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​នៅ​ចំពោះមុខ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ជាច្រើន​នាក់ លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ពង្រឹង​កិច្ចសហការ ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ចាម ដើម្បី ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​ផ្សេងៗ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​។ បន្ថែម​លើ​នេះ លោក​ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ ចូលរួម​អនុវត្តន៍​បទបញ្ជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យបាន​ម៉ឺងម៉ាត់ ទាក់ទង​នឹង​ការបញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​យ៉ាង​ដូច្នេះ ធ្វើឡើង​នៅ​ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សម្ពោធ​អគារ​រដ្ឋបាល​ថ្មី របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន  កាលពី​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៨ បានសម្រេច​ដាក់ចេញ​បទបញ្ជា បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​ចំនួន ១៦០​រៀល​/​លីត្រ គឺ ៣,៩៥០​រៀល សម្រាប់​ប្រេងសាំង​ធម្មតា និង ៣,៧៥០​រៀល សម្រាប់​ប្រេងម៉ាស៊ូត​។ ដើម្បីឲ្យ​បទ​បញ្ជានេះ​មាន​ប្រសិទ្ធភាព លោក​ហ៊ុន សែន​ថែមទាំង​ប្រកាស​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម តាមដាន​និង​អនុវត្ត​នូវ​ការបញ្ចុះ​តម្លៃ​នេះ ឲ្យបាន​ហ្មត់ចត់ ចាប់ពី ទី​០១ ខែកក្កដា ឆ្នាំ​២០១៨​តទៅ​។​

​បទបញ្ជា​របស់លោក​ហ៊ុន សែន​មានន័យថា រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​ថវិកាជាតិ​ក្នុង​រង្វង់ ៣០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដើម្បី​យកទៅ​ទប់ទល់​នឹង​តម្លៃ​ប្រេងឥន្ធនៈ ដែល​ហក់​ឡើង​ឥតឈប់ឈរ ទៅតាម​តម្លៃ​នៃ​ទីផ្សារ​អន្តរជាតិ​។ ការអន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​ក្រោយ​ប្រជាពលរដ្ឋ រអ៊ូ​រទាំ រឿង​ប្រេងសាំង​ស្ទុះ​ងើបឡើង​ជា​បន្តបន្ទាប់ ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​

​យ៉ាងណាក៏ដោយ ការអន្តរាគមន៍​របស់​រដ្ឋាភិបាល មានមតិ​មួយចំនួន​អបអរសាទរ និង​មួយចំនួនទៀត​រិះគន់ថា ជា​ការយកចិត្ត​ពលរដ្ឋ ក្នុងន័យ​កេញចំណេញ​នយោបាយ មុន​ការបោះឆ្នោត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម បាន​ទាត់ចោល​ការលើកឡើង​បែបនេះ ដោយ​អះអាង ការអន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល មិនមែន​ធ្វើឲ្យ​តែ​ល្អ​មើលមុន​ការបោះឆ្នោត​នោះទេ ប៉ុន្តែ​ជា​ការគិតគូរ​ចំពោះ​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​៕


ព័ត៌មានផ្សេងទៀត