មន្ត្រី​អតីត​​CNRP​​សុំ​អន្តរាគមន៍​​ពី​ព្រះមហាក្សត្រ ​ដើម្បីឱ្យ​តុលាការ​​ជំនុំជម្រះ​​លើ​បក្ស​​ខ្លួន​ឡើង​វិញ​​

06-07-2018 10:03 am 2947
  ស្តាប់
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី។
ស្តាប់ជាសំឡេង

​តំណាង​ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៧​រូប កាលពី​ថ្ងៃទី​៣ ខែកក្កដា បាន​សរសេរ​លិខិត​មួយ​ថ្វាយទៅ​ព្រះមហាក្សត្រ  ដើម្បី​សុំឱ្យ​ព្រះអង្គ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល ជំនុំជម្រះ​លើ​សំណុំរឿង​រំលាយ​បក្ស​របស់ខ្លួន​ឡើងវិញ​។ ការស្នើសុំ​នេះ ធ្វើឡើង​ស្របពេល​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គ្រោង​នឹង​ចូល​មកដល់​នៅ​ចុងខែ​កក្កដា​នេះ​។

​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក ដំណោះស្រាយ​នយោបាយ ជាបន្ទាន់​មួយ មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ចូល​មកដល់​នៅ​ចុង​ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​ការបោះឆ្នោត​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា គួរតែ​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគេ​ទាំង​១១៨​រូប បាន​ចូលរួម ក្នុង​សកម្មភាព​នយោបាយ ដូច​ធម្មតា​ឡើងវិញ ព្រោះ​វា​គឺជា​ជំហាន​មួយ​ដ៏​សំខាន់ និង ចាំបាច់ សម្រាប់​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​ជាបន្ទាន់ មុន​ការបោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​ជា​ការកត់សម្គាល់ នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ  សរសេរ​លិខិត សុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។ ចំពោះ​លិខិត​ស្នើសុំ​ថ្មី​នេះ ធ្វើឡើង​ស្របពេល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ កាន់តែ​គៀក​ចូល​មកដល់​ផងដែរ​។​

​តែ​យ៉ាងណាក្តី ការស្នើសុំ​ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​ព្រះមហាក្សត្រ​ទេ​។ ផ្ទុយទៅវិញ ព្រះមហាក្សត្រ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោតជាតិ​ក្នុង​ពេលខាងមុខ ដោយ​កុំ​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការគំរាមកំហែង​ឬ​សម្លុត​ពី​គណបក្សនយោបាយ​ឬ​បុគ្គល​ណា​ម្នាក់​។ ការអំពាវនាវ​នេះ ខុសពី​ជំហ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​អះអាងថា ការដែល​ព្រះមហាក្សត្រ​នៅ​មិនទាន់ ឆ្លើយតប ចំពោះ​សំណើ​របស់​អតីត​គណបក្ស គឺ​ដោយសារតែ ព្រះមហាក្សត្រ​មិន​ចង់​អន្តរាគមន៍ ហើយ​សំណើ​របស់​ក្រុមមន្ត្រី​អតីត​បក្សប្រឆាំង គឺ​មិនត្រូវ​នឹង​តួនាទី​និង​ភារកិច្ច​របស់​ស្នូល​របស់​ព្រះមហាក្សត្រ​កម្ពុជា​នោះទេ ព្រោះថា អតីត​បក្សប្រឆាំង បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ចំពោះ​ប្រទេសជាតិ​។​

​សូម​រំ​ឮ​ក​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កំពូល​រំលាយចោល កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។ ចំណែក មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន​ក្រោម​បទ​ចោទថា «​ក្បត់ជាតិ​»​។ បច្ចុប្បន្ន​អ្នកគាំទ្រ​នៃ​គណបក្ស​នេះ បាន​ធ្វើបាតុកម្ម​ជា​បន្ត​បន្ទាប់ ទាំង​នៅ​សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ដក​ការគាំទ្រ​ចេញពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ព្រោះ​ពួកគេ​ចាត់ទុក​ការបោះឆ្នោត​នៅ អាណត្តិ​ទី​៦​នេះ​ថា ជា​ការបោះឆ្នោត​ក្លែងក្លាយ​៕


ព័ត៌មានផ្សេងទៀត