លោក​ហ៊ុន សែន​៖ ​​កម្ពុជា​​កំពុង​​ពង្រឹង​សមត្ថភាព​​វិស័យ​កសិកម្ម​​នាំ​ចេញ​​ទៅ​​ក្រៅ​ប្រទេស​​

04-07-2018 1:15 pm 12954
  ស្តាប់
ស្តាប់ជាសំឡេង

​បើទោះបីជា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ធ្លាក់ចុះ​ពី​៨០​ភាគរយ មក​នៅត្រឹម​២៥​ភាគរយ នាពេល​បច្ចុប្បន្ន​ក្ដី ក៏​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អះអាងថា វិស័យ​កសិកម្ម​នៅតែ​អាច​ចិញ្ចឹម​ប្រជាជន​កម្ពុជា​បាន​គ្រប់គ្រាន់ ហើយ​នាំ​ចេញទៅ​លក់​នៅ​ក្រៅប្រទេស​ទៀតផង​។ លោក​ហ៊ុន សែន បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ពង្រឹងសមត្ថភាព​វិស័យ​កសិកម្ម ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​បន្ថែមទៀត​។ (​សេង បារាំង​)

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​០៤ កក្កដា ឆ្នាំ​២០១៨ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រឹងសមត្ថភាព​វិស័យ​កសិកម្ម ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស តាមរយៈ​ឧស្សាហកម្ម​កែឆ្នៃ វត្ថុធាតុដើម​ដែលមាន​ស្រាប់​នៅ​ក្នុងប្រទេស​។ លោក​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា កម្ពុជា មិន​ពឹង​តែ​លើ​វិស័យ​កសិកម្ម​មួយ​មុខ​ដូច​ពុល​ពត​នោះទេ គឺ​ត្រូវ​ផ្គុំ​នូវ​វិស័យ​៣ គឺវិស័យកសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម ទើប​ធ្វើឱ្យ​ប្រទេស​មាន​ការរីកលូតលាស់​…………

​សំឡេង​៖

​លោក​នាយករដ្ឋមន្ត្រី​រូបនេះ បាន​គូសបញ្ជាក់ថា បើទោះបី​ឥលូវ​កម្ពុជា បាន​ជំរុញ​វិស័យ​ឧស្សាហកម្ម​២០១៥-២០២៥ ក្ដី ក៏​កម្ពុជា​មិនបាន​បោះបង់ចោល​នូវ​វិស័យ​កសិកម្ម​នោះដែរ​។ ម្យ៉ាងវិញទៀត​លោក ក៏បាន​អះអាងថា រដ្ឋាភិបាល​នៅតែ​ផ្ដល់​អទិភាព​ទៅលើ​ការភិវឌ្ឍន៍​បន្ត​ក្នុង​វិស័យ​កសិកម្ម​ផងដែរ ដោយ​បច្ចុប្បន្ន​វិស័យ​កសិកម្ម បាន​រួមចំណែក​២៥% នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ ដោយឡែក​វិស័យ​ឧស្សាហកម្ម​មាន​៣០% និង​វិស័យ​ផ្នែក​សេវាកម្ម​៤៥%​។​

​សូមបញ្ជាក់ថា វិស័យ​កសិកម្ម​កម្ពុជា​បាន​ធ្លាក់ចុះ​ពី​៨០% មក​នៅត្រឹម​២៥% នាពេល​បច្ចុប្បន្ននេះ​។ នេះ​បើតាម​ការអះអាង​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ វិស័យ​កសិកម្ម​នេះ​ទៀតសោត​ជា​វិស័យ​មួយ ដែល​គេ​មើលឃើញថា មាន​សក្ដានុពល​ខ្លាំង​នៅ​កម្ពុជា​។ សម្រាប់​វិស័យ​កសិកម្ម​នេះ​ផងដែរ ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ចជាតិ​មាន​ការរីកចម្រើន​៕

ព័ត៌មានផ្សេងទៀត