មន្ដ្រី​អាមេរិក​៖​​កម្មវិធី​នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​អាច​រំលាយចោល​​បាន​​ក្នុងពេល​​មួយឆ្នាំ​

02-07-2018 11:47 am 537
  ស្តាប់
ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​
ស្តាប់ជាសំឡេង

​នៅក្នុង​កម្មវិធី "Face the Nation" របស់​ទូរទស្សន៍​CBS​កាលពី​ថ្ងៃអាទិត្យ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​បាន​និយាយថា អាមេរិក​អាចជួយ​ឲ្យ​កូរ៉េខាងជើង​រំលាយចោល​កម្មវិធី​នុយក្លេអ៊ែ​រ និង​អាវុធ​នុយក្លេអ៊ែរ​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​មួយឆ្នាំ​។ លោក​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន មាន​ភាពខុសគ្នា​ពី​មេដឹកនាំ​មុនៗ​របស់​កូរ៉េខាងជើង នៅពេល​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​នៅ​សិង្ហ​បុរី​កាលពី​ខែ​មុន​។​

​លោក​ប៊ុល​តុ​ន​បន្ថែមថា ប្រសិនបើ​កូរ៉េខាងជើង​បាន​សម្រេចចិត្ដ​រួចហើ​យ និង​បើ​កូរ៉េខាងជើង​ព្រម​សហការ​ពេញលេញ អាមេរិក​ពិតជា​អាច​ឆ្ពោះទៅកាន់​ដំណើរការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​នេះ​បាន​ឆាប់រហ័ស​។ អាមេរិក​នឹង​អាច​លុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ច្រើន​លើសលប់​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយឆ្នាំ​។ លោក​ប៊ុល​តុ​ន​គូស​បញ្ជាក់ដែរថា រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ នឹង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​កូរ៉េខាងជើង​ក្នុងពេល​ឆាប់ៗ​។​

​យ៉ាងណាមិញ​លោក​ច​ន ប៊ុល​តុ​ន​ក៏បាន​សង្កត់ធ្ងន់​ដែរថា អាមេរិក​ដឹង​ច្បាស់​ពី​អាកប្បកិរិយា​របស់​កូរ៉េខាងជើង ក្នុងពេល​ជាច្រើន​ទសវត្ស​មកហើយ​ដែល​បាន​ចរចា​ជាមួយ​អាមេរិក​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដឹង​ច្បាស់​ថា​អ្វី​ជា​ហានិភ័យ​របស់​កូរ៉េខាងជើង ក្នុង​ការប្រើ​កិច្ចចរចា​ពន្យារពេល​វេលា​បន្ដ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ មី​ស៊ី​ល និង​កម្មវិធី​ផ្សេងៗ​ទៀត​។​

​គួរ​បញ្ជាក់ថា នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​១២​មិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី លោក​គីម ជុង​អ៊ុន​បាន​ព្រមព្រៀង​រំលាយចោល​នុយក្លេអ៊ែរ ជា​ការដោះដូរ​នឹង​លក្ខខណ្ឌ​មួយចំនួន​។ លោក​ត្រាំ​វិញ​បាន​ធានា​ផ្ដល់​ការការពារ​ផ្នែក​សន្ដិសុខ​ដល់​កូរ៉េខាងជើង និង​ធ្វើឲ្យ​កូរ៉េខាងជើង​រីកចម្រើន បើ​ព្រម​បោះបង់​នុយក្លេអ៊ែរ​តាម​ការសន្យា​។ ប៉ុន្ដែ​ទាំង​កូរ៉េខាងជើង​និង​អាមេរិក​មិន​បានបង្ហាញ​លម្អិត​ពី​ដំណើរការ​នៃ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ គ្រាន់តែ​ថា​កិច្ចការ​បន្ថែមនឹង​ពិភាក្សា​នៅពេល​ក្រោយ​៕


ព័ត៌មានផ្សេងទៀត