ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន (ចំណុចស្តុបផ្សារដីហុយ) នឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៨ ក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមសេចក្ដីជូន របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា។
សេចក្តីជូនដំណឹង ក៏បានណែនាំម្ចាស់យានយន្តគ្រប់ប្រភេទ ដែលត្រូវធ្វើចរាចរណ៍ ចេញ-ចូលរាជធានីភ្នំពេញ ត្រូវរក្សានូវសណ្ដាប់ធ្នាប់ និងបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ ពេលឆ្លងកាត់ទីតាំងខាងលើដោយរវាងតាមផ្លូវដូចខាងក្រោមនេះ៖
ចំពោះម្ចាស់យានយន្តចរាចរណ៍ដែលមកពីទិសខាងលិច តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ពីព្រលានយន្តហោះចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅផ្លូវលេខ ២០០៤ បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវលេខ២០១១ បត់ឆ្វេង ទៅទិសខាងជើង បត់ស្ដាំទៅទិសខាងត្បូងតាមផ្លូវបេតុងឆ្ពោះទៅវត្តអង្គតាមិញ។ ចំណែកយានយន្ត ចរាចរណ៍ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីចេញទៅក្រៅរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ឆ្វេង ក្រោមស្ពានអាកាស ចូលផ្លូវណ័រប្រីត ឬបត់ស្ដាំត្រង់ ចំណុចក្រោមស្ពានអាកាស ទៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ។
រីឯយានយន្តចរាចរណ៍ ពីទិសខាងជើង ទៅទិសខាងត្បូង និងពីទិសត្បូងទៅទិសខាងជើងតាមមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ និងផ្លូវលេខ១០១៩ (ណ័រប្រ៊ីត) ត្រង់ចំណុចក្រោមស្ពានអាកាសនេះអនុញ្ញាតឲ្យចរាចរធម្មតា។
គួរបញ្ជាក់ដែរថា ស្ពានអាកាសស្តុបផ្សារដីហុយនេះ ចាប់ផ្តើមសាងសង់កាលពី ខែសីហាឆ្នាំ២០១៦ និងបញ្ចប់នៅឆ្នាំ២០១៨។ ស្ពាននេះមានបណ្តោយ៩០៥ម ទទឹង១៦.៥ម ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)៕