ស្នង​ការ​​នគរ​បាល​ជាតិ​​ព្រ​មាន​​ក្រុម​ហ៊ុន​​សន្តិ​សុខ​​ឯក​ជន​​ធ្វើ​​សកម្ម​ភាព​​ក្រៅ​ច្បាប់​​

29-06-2018 2:21 pm 2330
  ស្តាប់
ស្តាប់ជាសំឡេង

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ផ្លូវច្បាប់ ចំពោះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ណា ដែល​ធ្វើ​ធ្វើ​សកម្មភាព​ជ្រើសរើស និង​ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​។ ការព្រមាន​នេះ ធ្វើឡើង​ក្រោយពី​មាន​ក្រុម​សន្តិសុខ​ឯកជន​មួយចំនួន បានធ្វើ​សកម្មភាព​ជ្រើសរើស​កម្លាំង​ដោយ​ខុសច្បាប់​។ (​សេង បារាំង​)

​នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៥ នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ លោក​ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ បាន​គូសបញ្ជាក់ថា សម្រាប់​សហគ្រាស​គ្រឹះស្ថាន ដែល​ជ្រើសរើស​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ដែល​មិនទាន់​មានច្បាប់​អនុញ្ញាត ត្រូវតែ​រួសរាន់​ទៅ​សុំច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី​-​ខេត្ត សាមី​ឲ្យបាន​ឆាប់​បំផុត​។​

​តាមរយៈ​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ដកស្រង់​ការលើកឡើង​របស់លោក​ឌី វិជ្ជា នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ថា លោក​ឌី វិជ្ជា បាន​ព្រមាន​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ណា ដែល​ធ្វើ​ធ្វើ​សកម្មភាព​ជ្រើសរើស និង​ប្រមូលផ្ដុំ​កម្លាំង​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ផងដែរ​។​

​លោក​ឌី វិជ្ជា ក៏​បានលើកឡើង​ផងដែ​រថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ជា​កម្លាំង​ជំនួយ​ដល់​សមត្ថកិច្ច តែ​មិនមែនជា​អាជ្ញាធរ មាន​សមត្ថកិច្ច​នោះទេ ដូច្នេះ​មិន​ត្រូវធ្វើ​អ្វីៗ ឲ្យលើល​ពី​ព្រំដែន​នៃ​តួនាទី​របស់ខ្លួន​ឡើយ ហើយ​ដាច់ខាត​ត្រូវតែ​សម្រួល និង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​កាលៈទេសៈ​ទាំងអស់​។ លោក​សង្កត់ធ្ងន់ថា ការរារាំង ឬ​ការបង្ក​ជា​ឧបសគ្គ​ណាមួយ ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច អាចជា​បទល្មើស​ផ្សេង​មួយទៀត ដែល​មាន​បញ្ញតិ្ដ​ឲ្យ​ផ្ដន្ទាទោស តាម​ក្រមព្រហ្មទណ្ឌ ព្រោះថា តួនាទី​ភារកិច្ច និង​ដែន​សមត្ថកិច្ច​របស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់​ជាដាច់ខាត​។​

​អគ្គស្នងការ​រង​នគរបាលជាតិ​រូបនេះ ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​ផ្ដល់​សេវាកម្ម និង​សហគ្រាស​គ្រឹះស្ថាន ធ្វើការ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​របស់ខ្លួន មក​ទទួល​ការបណ្ដុះបណ្ដាល តាម​ការស្នើសុំ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ស្របតាម​អនុក្រឹត្យ ដែល​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ត្រូវតែ​បានទទួល​ការបណ្ដុះបណ្ដាល​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕

ព័ត៌មានផ្សេងទៀត