នៅក្នុងសង្គមខ្មែរ ពាក្យថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ» គ្រាន់តែជាទ្រឹស្តីតែប៉ុណ្ណោះ ប៉ុន្តែបើពិនិត្យឱ្យបានស៊ីជម្រៅទៅ ទាំងក្នុងការអនុវត្តន៍ជាក់ស្តែង ក៏ដូចជាក្នុងផ្នត់គំនិតមនុស្សជាទូទៅដែរ ប្រជារាស្ត្រតែងគោរព ឬកោតខ្លាចមន្ត្រី និងចាត់ទុកពួកគេជាចៅហ្វាយនាយរបស់ខ្លួនទៅវិញ។ និន្នាការនេះ កំពុងដើរផ្ទុយនឹងទ្រឹស្តីនៃរបស់ប្រជាធិបតេយ្យសេរីពហុបក្ស។ តើប្រជាពលរដ្ឋ គួរធ្វើយ៉ាងណា ដើម្បីកែផ្នត់គំនិតនេះបាន?
នៅក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ប្រជាពលរដ្ឋ ត្រូវបានគេចាត់ទុកថា ជាម្ចាស់ប្រទេស និង ម្ចាស់របស់អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ពីព្រោះពួកគេមានអំណាច ឬបុណ្យស័ក្តិដោយសារតែសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋ។ ដោយសារអំណាចសន្លឹកឆ្នោតនេះ ហើយបាន ជាមានទ្រឹស្តី«មន្ត្រីត្រូវតែបម្រើរាស្ត្រ»។
ប៉ុន្តែនៅក្នុងឆាកនយោបាយកម្ពុជា ពាក្យថា «មន្ត្រីជាអ្នកបម្រើរាស្ត្រ» ហាក់នៅឆ្ងាយពីការពិតនៅឡើយ។ ជាទូទៅ ពួកនាម៉ឺន និងមន្ត្រីភាគច្រើនមិនដែលចាត់ទុកខ្លួនឯងថា ជាអ្នកបម្រើប្រជាពលរដ្ឋទេ ផ្ទុយទៅវិញ អស់លោកអ្នកធំទាំងនោះតែង ប្រើឥទ្ធិពលរបស់ខ្លួនដើម្បីឱ្យប្រជាពលរដ្ឋគោរពនិងកោតខ្លាចអំណាចបុណ្យស័ក្តិរបស់ពួកគេទៅវិញ។ ផ្នត់គំនិតបែបនេះហាក់បានកើតចេញជាស្វ័យប្រវត្តិពីអ្នកមានអំណាចដោយពួកគេច្រើនតាំងខ្លួនជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ហួសពីប្រជាជនសាមញ្ញ។ ខ្ពង់ខ្ពស់រហូតធ្វើឲ្យអ្នកខ្លះហ៊ានបំពានទៅលើអ្នកទន់ខ្សោយដោយឥតញញើត។
រីឯប្រជាពលរដ្ឋវិញ ក៏ហាក់ដូចជាព្រមទទួលយកដោយស្វ័យប្រវត្តិនូវអំណាចគ្រប់គ្រងរបស់អ្នកដឹកនាំ និងបានប្រគល់វាសនារបស់ខ្លួនទាំងស្រុងទៅលើអ្នកនយោបាយ។ ជាក់ស្តែង ប្រជាជនខ្មែរគ្រប់ជំនាន់ច្រើនតែចាត់ទុកមេដឹកនាំថាជាមេកើយនិងជាអ្នកសម្រេចជោគវាសនារបស់ប្រទេសជាតិ។ហេតុដូច្នេះហើយ បានជាពលរដ្ឋខ្មែរមិនសូវខ្វល់ខ្វាយពីរឿងនយោបាយឡើយ ពីព្រោះពួកគេចាត់ទុកបញ្ហាប្រទេសជាតិថាជាកិច្ចការរបស់អ្នកនយោបាយ។ ចំណែកខ្លួនជាប្រជាជនសាមញ្ញត្រូវគិតគូរតែពីបញ្ហាក្រពះតែប៉ុណ្ណោះ។
ផ្នត់គំនិតសង្គមបែបនេះហើយដែលជំរុញឲ្យអ្នកនយោបាយដឹកនាំប្រទេសតាមទំនើងចិត្តដោយមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍រហូតរុញច្រានប្រទេសធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ដោយសារតែមហិច្ឆតាគ្មានព្រំដែនរបស់អ្នកនយោបាយ។ ចំណែក អ្នករងគ្រោះខ្លាំងជាងគេ គឺប្រជាពលរដ្ឋខ្មែរខ្លួនឯង។
ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានឆ្លងផុតពីសង្គ្រាមស៊ីវិលហើយនិងកំពុងស្ថិតក្នុងរបត់ថ្មីនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស។ របបនេះប្រជាពលរដ្ឋមានអំណាចធ្វើជាម្ចាស់ប្រទេស និងម្ចាស់លើជោគវាសនារបស់ខ្លួន។ អំណាចរបស់ពួកគេត្រូវច្បាប់ចែងនៅលើសន្លឹកឆ្នោត។ អំណាចសន្លឹកឆ្នោត អាចបង្ខំឱ្យអ្នកនយោបាយត្រូវតែធ្វើការបម្រើម្ចាស់ឆ្នោត។
ម្លោះហើយបានជាមុនការបោះឆ្នោតមកដល់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រើនរម្លឹកជាថ្មីទៀតដល់មន្ត្រីក្រោមឱវាទដែលជាមេដឹកនាំក្រសួង ប្រធានស្ថាប័ន និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រាប់ទាំងវិស័យឯកជនផង ឱ្យបោសសម្អាតផ្ទះរបស់ខ្លួនតាមរយៈការឆ្លុះកញ្ចក់ មុជទឹក ដុះក្អែលក្នុងកំណែទម្រង់ស៊ីជម្រៅដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
សម្រាប់លោកនាយករដ្ឋមន្ត្រី មន្ត្រីទាំងអស់ធ្វើខ្លួន ជាអ្នកបម្រើរាស្ត្រ គឺជាសារសំខាន់មួយសម្រាប់ពញ្ញាក់ស្មារតីមន្ត្រីមួយចំនួន ដែលនៅតែលង់លក់ក្នុងទស្សនៈចាស់គំរឹលឱ្យភ្ញាក់រលឹកឡើង ហើយរត់ឱ្យទាន់សភាពការណ៍នយោបាយថ្មីដែលកំពុងតែវិវឌ្ឍ៍ទៅមុខជាលំដាប់។ សភាពការណ៍នយោបាយថ្មីបច្ចុប្បន្នគឺ «មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ»។ដូច្នេះ ការបន្តលង់លក់ក្នុងផ្នត់គំនិតចាស់ហើយមិនព្រមទទួលយកវប្បធម៌នយោបាយថ្មីនេះ មិនត្រឹមតែជាគ្រោះថ្នាក់សម្រាប់មន្ត្រីទាំងនោះតែប៉ុណ្ណោះទេ តែវាក៏បង្កគ្រោះថ្នាក់ដល់រដ្ឋាភិបាលផងដែរ។
ជារួមសាររបស់លោកនាយករដ្ឋមន្ត្រីពេលនេះ ក៏មានន័យពញ្ញាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ឆ្នោតឱ្យភ្ញាក់រលឹក និងចេះប្រើអំណាចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ពីព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់ពួកគេពិតជាអាចផ្លាស់ប្តូរស្ថានភាពមន្ត្រីមួយចំនួនដែលចង់តែធ្វើចៅហ្វាយរាស្ត្រនោះ ឱ្យមកជាមន្ត្រីដែលធ្វើការបម្រើរាស្ត្រវិញ៕