លោក​ស៊ី ជីន​ពីង​​បញ្ជាក់​ប្រាប់​​អាមេរិក​ថា​​នឹង​មិនឲ្យ​បាត់បង់​​ទឹកដី​​សូម្បី​​មួយ​អីុញ​

28-06-2018 10:56 am 676
  ស្តាប់
ប្រធានាធិបតីចិន(ស្ដាំ)ពេលជួប​រដ្ឋមន្ដ្រីការពារជាតិអាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​កាលពី​ថ្ងៃទី​២៧​មិថុនា បាន​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស ដែល​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​។ កិច្ច​ជំនួប​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង ដោយបាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​។ ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ស៊ី​បាន​ប្រាប់​ទៅ​លោក​ម៉ា​ធី​ស​ថា ចិន​មាន​គោលបំណង​តែមួយគត់​គឺ​ការរក្សា​សន្ដិភាព ចិន​គ្មាន​បំណង​ចង់​បង្ក​ចលាចល បង្ក​អស្ថិរភាព​ឡើយ​។​

​លោក​ស៊ី​សង្កត់ធ្ងន់ថា ចិន​ក៏​មិនអាច​ឲ្យ​បាត់បង់​ទឹកដី​បានដែរ​សូម្បី​មួយ​អីុញ ព្រោះ​ជា​ដែនដី​បន្សល់ទុក​ពី​ដូនតា​។ ដោយឡែក​អ្វីដែល​ជា​របស់​អ្នកដទៃ ចិន​មិន​ចង់បាន​យកមក​ធ្វើជា​កម្មសិទ្ធិ​ឡើយ​។ ចំពោះ​លោក​ម៉ា​ធី​ស​បន្ទាប់ពី​ចប់​កិច្ចប្រជុំ លោក​បាន​ប្រាប់​អ្នកកាសែត​ថា កិច្ចពិភាក្សា​រវាង​លោក​ជាមួយ​លោក​ស៊ី​ពិតជា​ល្អ​ណាស់​។ លោក​ពិតជា​សប្បាយចិត្ដ​ដែល​បានធ្វើទ​ស្សន​កិច្ចមក​កាន់​ប្រទេ​សចិន​។ លោក​ម៉ា​ធី​ស​គឺជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​ទីមួយ ដែល​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​គិត​តាំងពី​ឆ្នាំ​២០១៤​។ 

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ជី​ម ម៉ា​ធី​ស​ទៅកាន់​ប្រទេស​ចិន ធ្វើឡើង​ស្របពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កំពុង​តានតឹង​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ លោក​ម៉ា​ធី​ស​ធ្លាប់បាន​រិះគន់​ចិន​មិន​សំចៃ​មាត់ ទាក់ទង​នឹង​ការពង្រីក​សកម្មភាព​យោធា​របស់​ចិន​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក​ថែមទាំង​ដក​ការអញ្ជើញ​ចិ​នឲ្យចូលរួម​ក្នុងសមយុ​ទ្ធជើងទឹក​ពហុភាគីផ​ង​ដែរ ធ្វើឲ្យ​ចិន​អន់ចិត្ដ​មិន​ស្ទើរ​។​

​អាមេរិក​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្ដែ​អាមេរិក​លូកដៃ​និង​បញ្ជូន​នាវាចម្បាំង​ទៅ​ទីនោះ​ជាច្រើនលើក ដើម្បី​ចង់​រក្សា​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរ​ក្នុង​ដែន​មួយ​នេះ សម្រាប់​គ្រប់​ប្រទេស​ស្ថិតក្រោម​ច្បាប់​អន្ដរជាតិ​។ ប៉ុន្ដែ​ចិន​ចោទថា​អាមេរិក​រំលោភ​លើ​ដែន​អធិបតេយ្យ និង​រំលោភ​លើ​ច្បាប់​របស់​ចិន​។ ហេតុនេះ​អាមេរិក​ត្រូវ​ដកខ្លួន​ចេញពី​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់​។ ចិន​អះអាង​ស្ទើរ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់គេ ប៉ុន្ដែ​ត្រូវ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់​ជំទាស់​៕

ព័ត៌មានផ្សេងទៀត