កូរ៉េខាងត្បូង​​ទម្លាក់​អាល្លឺម៉ង់​​ឲ្យ​ធ្លាក់​ចេញពី​​វគ្គ​១៦​ក្រុម​​ខណៈ​ខ្លួនឯង​​ក៏​មិនបាន​ឡើង​

28-06-2018 8:51 am 3744
រូបភាព​កីឡាករកូរ៉េ​អបអរពេលរកគ្រាប់បាល់​បាន

​ជា​រឿង​មិន​នឹកស្មាន​ដល់​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្ដែ​ដូច​ពាក្យ​ដែល​គេ​តែង​និយាយថា​បាល់​មូល ដូច្នេះ​មិនអាច​មើលងាយ​ការប្រកួត​ឬ​គូប្រកួត​បានឡើយ​។ ជាក់ស្ដែង​អាល្លឺម៉ង់​ដែលជា​ម្ចាស់​ជើងឯក​World Cup 2014 បែរជា​ត្រូវ​ចាញ់​កូរ៉េខាងត្បូង​២​ទល់នឹង​០​ទាំង​មិន​នឹកស្មាន​ដល់​។ យ៉ាងណាក៏ដោយ​នេះ​មិនមែន​ដោយសារ​អាល្លឺម៉ង់​មើលងាយ​សមត្ថភាព​កូរ៉េខាងត្បូង​ទេ គឺ​ដោយសារ​ការតស៊ូ​របស់​កូរ៉េខាងត្បូង និង​ការសហការ​យ៉ាង​ល្អ​នៅក្នុង​ក្រុម បិទ​អាល្លឺម៉ង់​មិនឲ្យ​រក​គ្រាប់បា​ល់​បាន ក្នុង​ការប្រកួត​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​២៧​មិថុនា​ម្សិលមិញ​។ 

​លទ្ធផល​២-០​នេះ​ធ្វើឲ្យ​ក្រុម​ទាំងពីរ​ធ្លាក់​ចេញពីវ​គ្គ​១៦​ក្រុម​នៃ​World Cup 2018​នៅ​រុស្ស៊ី​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​។ ចំណែក​ម៉ិក​ស៊ិក​ដែល​ប្រកួត​ជាមួយ​ស៊ុយអ៊ែត​ក្នុងពេល​ដំណាលគ្នា​និង​ស្ថិតក្នុង​ពូ​ល​F ជាមួយគ្នា ស៊ុយ​អ៊ែត​បំប៉ោង​សំណាញ់​ទី​ម៉ិក​ស៊ិក​៣-០ តែ​យ៉ាងណាក្ដី​ក្រុម​ទាំងពីរ​មាន​ពិន្ទុ​គ្រប់គ្រាន់​អាច​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​១៦​ក្រុម​បាន​។​

​ក្នុង​ពូ​ល​E​វិញ​ប្រកួត​កាលពី​ម៉ោង​១​រំលងអធ្រាត្រ​ម៉ោង​នៅ​កម្ពុជា ឈានចូល​ថ្ងៃទី​២៨​មិថុនា​នេះ ស៊ែ​បី​ចាញ់​ប្រេ​ស៊ីល​០-២ និង​ស្វីស​០​ស្មើ​ជាមួយកូ​ស្ដា​រីកា​។ ដូច្នេះ​ក្នុង​ពូ​ល​E​ប្រេ​ស៊ីលនិង​ស្វីស​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​បាន​។​

​ចំពោះ​ការប្រកួត​នៅ​ម៉ោង​៩​យប់​នេះ​វិញ គឺ​ពូ​ល​H​ជប៉ុន​ប៉ះ​ប៉ូឡូញ​និង​សេណេ​ហ្គាល់​ប៉ះ​កូឡុំប៊ី ហើយ​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៩​មិថុនា ជា​ការប្រកួត​នៅក្នុង​ពូ​ល​G គឺ​ប៉ា​ណា​ម៉ា​ប៉ះ​ទុយ​នេ​ស៊ី​និង​អង់គ្លេស​ប៉ះ​បែលហ្ស៊ិក​។ ពូ​ល​G​និង​ពូ​ល​H​ជា​ពូ​ល​ចុងក្រោយ​គេ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់WorldCup

ព័ត៌មានផ្សេងទៀត