អ្នក​​ប្រើ​​ប្រាស់​​​ស៊ីម​​​កាត​​​ទូរ​សព្ទ័​​ទាំង​​​មាន​​​និង​​​គ្មាន​​​អត្ត​​សញ្ញាណ​​​ប័ណ្ណ​មាន​ចំនួន​​ជាង​​១៨​​លាន​​នាក់​​

27-06-2018 5:34 pm 2554
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​គូសបញ្ជាក់ថា ស៊ីម​កាត​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ មាន​១៨​លាន​កន្លះ ប៉ុន្តែ​បច្ចុប្បន្ននេះ​មិនដឹងថា ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់ មាន​ចំនួន​ប៉ុន្មាន​នោះទេ ខណៈ​កាលពី​ឆ្នាំ​២០១៧ ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល​វិញ​មាន​ប្រមាណ​៦​ទៅ​៧%​។ (​សេង បារាំង​)

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានដាក់​ឱសានវាទ​ឱ្យ​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់ ដោយ​ធ្វើយ៉ាងណា​អោយបាន​មុន​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​។ ឱសានវាទ​នេះ ត្រូវបាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បញ្ជាក់ថា នេះ​ជា​ការណែនាំ​លើកចុងក្រោយ​របស់ខ្លួន​។ 

​ក្នុងករណី​រកឃើញ​មាន​ស៊ីម​កាត​ណាមួយ​នៅតែ​បន្ត​ដំណើរការ មិន​គោរព​តាម​ការណែនាំ​នេះ​ទៀត ក្រុមហ៊ុន​នោះ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដោយ​គ្មាន​ការអនុគ្រោះ​ឡើយ​។​

​បើតាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា លោក​អ៊ឹម វុត្ថា បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ថា បច្ចុប្បន្ននេះ មាន​ស៊ីម​កាត​ទូរស័ព្ទ​ចំនួន​១៨​លាន​កន្លះ កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ ខណៈ​ឆ្នាំ​២០១៧ ស៊ីម​កាត​សម្រាប់​អ្នកប្រើប្រាស់​ដែល​គ្មាន​អត្តសញ្ញាណ​សម្គាល់​វិញ​មាន​ប្រមាណ​៦​ទៅ​៧%​តែប៉ុណ្ណោះ​។ ប៉ុន្តែ​តួលេខ​អ្នកប្រើប្រាស់​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​សម្គាល់​បច្ចុប្បន្ន​នេះ មិនដឹងថា មាន​ចំនួន​ប៉ុន្មាន​នោះទេ​.............

​សំឡេង​៖

​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​រូបនេះ បានបញ្ជាក់​ផងដែ​រថា សម្រាប់​ស៊ីម​កាត​ទូរស័ព្ទ​អ្នកប្រើប្រាស់​គ្មាន​អត្តសញ្ញាណ​សម្គាល់ នៅពេល​ប្រព្រឹត្ត​អំពើ​ណាមួយ វា​ងាយ​នឹង​បាត់ដាន​ជនល្មើស ដែល​ធ្វើអោយ​សមត្ថកិច្ច​មិន​ងាយ​ស្រាយ​ជ្រាវ​រកឃើញ ហើយ​ករណី​បាត់ដាន​នេះ​ទៀតសោត ក៏​ជា​កំហុស​អ្នក​ចែកចាយ​ស៊ីម​កាត​ទូរស័ព្ទ ដោយ​ពុំបាន​យក​អត្តសញ្ញាណ​សម្គាល់​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​អញ្ជើញ​បណ្ដា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ និង​បុគ្គល​ពាក់ព័ន្ធ​នឹង​វិស័យ​ទូរគមនាគមន៍ មក​ស្ដាប់​ការផ្សព្វផ្សាយ​សេចក្ដីប្រកាស​របស់​អន្តរក្រសួង ស្ដីពី​ការគ្រប់គ្រង​ការ​ផ្សព្វ​ផ្សា​យ​តាម​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត និង​លិខិត​ស្ដីពី​ការដាក់​ឱសានវាទ​ចុងក្រោយ ឱ្យ​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​លុបចោល​ជាបន្ទាន់ រាល់​ស៊ីម​កាត​ទូរស័ព្ទ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​សម្គាល់​អ្នកប្រើប្រាស់​ត្រឹម​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​បទបញ្ញត្តិ​ទាំងនេះ​៕

ព័ត៌មានផ្សេងទៀត