តាមការបញ្ជាក់ពីអាជ្ញាធរថៃបានឲ្យដឹងថា ក្រុមជួយសង្គ្រោះកំពុងបន្ដស្វែងរកក្មេងប្រុសមួយក្រុមដែលបាត់ខ្លួនតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ នៅតែមិនទាន់រកឃើញពួកគេ។ ក្មេងប្រុសមួយក្រុមនោះគឺជាកីឡាករបាល់ទាត់នៅខេត្ដឈាងរ៉ៃ មានគ្នា១២នាក់អាយុចន្លោះពី១១ដល់១៦ឆ្នាំ និងមានគ្រូជំនួយម្នាក់អាយុ២៥ឆ្នាំក៏បាត់ខ្លួនជាមួយពួកគេដែរ។ នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការបាត់ខ្លួនទេ តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជំនួយការគ្រូបង្វឹកបានទៅរូងភ្នំមួយជាមួយក្មេងៗជាកីឡាករ ដើម្បីបួសសួងសុំជ័យជម្នះមុនពេលប្រកួត។
ក្រុមជួយសង្គ្រោះបានស្វែងរកពួកគេនៅក្នុងរូងភ្នំ បន្ទាប់ពីបានឃើញស្បែកជើង កង់ និងការបូបនៅច្រកចូលរូងភ្នំនោះ ជឿជាក់ថាជារបស់ក្មេងៗដែលបាត់ខ្លួន។ ក្រុមជួយសង្គ្រោះបានព្យាយាមបូមទឹកចេញពីក្នុងរូងភ្នំដើម្បីសម្រួលដល់ការស្វែងរក ដោយសារតែទឹកភ្លៀងជន់លិច។ គ្រូបង្វឹកជឿជាក់ថាពួកគេទាំងអស់នៅមានជីវិតមិនទាន់ស្លាប់ទេ ហើយស្នើឲ្យក្រុមជួយសង្គ្រោះបន្ដស្វែងរកឲ្យបានលឿនជាងមុន៕