គ្រាប់​បាល់​​មាស​​ជួយ​ឲ្យ​អាហ​ង្ស់​ទីន​​ឡើង​វគ្គ​១៦​ក្រុម​​រកបាន​​ដោយ​MESSI​​និង​ROJO

27-06-2018 8:51 am 2339
កីឡាករMESSI​​​(អាវលេខ១០)​ពេលបណ្ដើរបាល់

​នៅ​ទីបំផុត​អា​ហ្សង់​ទីន​ពិតជា​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​បាន សម្រាប់​ព្រឹត្ដិការណ៍​ប្រកួ​តបាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​។ ក្នុងជំនួប​ជាមួយ​នី​ហ្សេ​រី​យ៉ា​កាលពី​ម៉ោង​១​រំលងអធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ឈានចូល​ថ្ងៃទី​២៧​មិថុនា​នេះ អា​ហ្សង់​ទីនបា​ន​ប៉ះ​ជាមួយនី​ហ្សេ​រី​យ៉ា​ដែលជា​ក្រុម​ខ្លាំង​មួយ​មកពី​អាហ្វ្រិក​។ ការប្រកួត​ធ្វើឡើង​យ៉ាង​ស្វិតស្វាញ​បំផុត ប៉ុន្ដែ​នៅ​នាទី​ទី​១៤ MESSI​បាន​ទាត់​បញ្ចូល​ទី​ឲ្យ​អា​ហ្សង់​ទីន​នាំមុខ​១​ទល់នឹង​០​។ ដល់​នាទី​ទី​៥១​នី​ហ្សេ​រី​យ៉ា​រកបាន​គ្រាប់​បាល់​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ​MOSES​។ លុះ​នៅ​នាទី​ទី​៨៦​អា​ហ្សង់​ទីន​រកបាន​មួយ​គ្រាប់ទៀត​ដោយ​កីឡាករ​ROJO ដែល​នេះ​ក៏​ជា​គ្រាប់​បាល់​កាត់សេចក្ដី​ឲ្យ​អា​ហ្សង់​ទីន​ឡើងទៅ​វគ្គ​១៦​ក្រុម​ផងដែរ​។​

​សរុបមក​ក្នុង​ពូ​ល​D ក្រូ​អាតមាន​៩​ពិន្ទុ​ក្រោយ​យកឈ្នះ​អ៊ី​ស្ល​ង់​២-១ រីឯ​អា​ហ្សង់​ទីនមាន​៤​ពិន្ទុ​ក្នុង​ដៃ ដែល​ក្រុម​ទាំងពីរ​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​បន្ដទៀត ខណៈ​នី​ហ្សេ​រី​យ៉ា​និង​អ៊ី​ស្លង់​បញ្ចប់​វត្ដ​មាន​ក្នុង​ព្រឹត្ដិការណ៍​World Cup 2018​ត្រឹម​ប្រកួត​ជុំ​ទី​បី​នេះ​។ 

​ចំណែក​នៅក្នុង​ពូ​ល​C​មាន​បួន​ក្រុម បាន​ប្រកួត​កាលពី​ម៉ោង​៩​យប់​ថ្ងៃទី​២៦​មិថុនា​ម្សិលមិញ គឺ​អូស្ដ្រាលី​ប៉ះ​ប៉េ​រូ លទ្ធផល​ប៉េ​រូ​ឈ្នះ​អូស្ដ្រាលី​២-០ និង​ដា​ណឺ​ម៉ាក​ប៉ះ​បារាំង​លទ្ធផល​០​ស្មើ​។ ដូច្នេះ​ក្នុង​ពូ​ល​C​បារាំង​ដឹក​ដៃ​ដា​ណឺ​ម៉ាក​ឡើងទៅ​វគ្គ​១៦​ក្រុម ខណៈ​អូស្ដ្រាលី​និង​ប៉េ​រូ​ដឹក​ដៃ​គ្នា​ទៅផ្ទះ​។ 

​នៅក្នុង​ពូ​ល​B​វិញ​អេ​ស្ប៉ាញ​និង​ព័រទុយហ្គាល់​បាន​ឡើងទៅ​វគ្គ​១៦​ក្រុម ស្របពេល​អ៊ីរ៉ង់​និង​ម៉ារ៉ុក​ត្រូវ​ត្រឡប់ទៅផ្ទះ​។ នៅក្នុង​ពូ​ល​A​អ៊ុយ​រ៉ា​ហ្គាយ​និង​ម្ចាស់ផ្ទះ​រុស្ស៊ី​ក៏បាន​ឡើងទៅ​វគ្គ​១៦​ក្រុម​ដែរ រីឯ​អា​រ៉ាប៊ីសាអូឌីត​និង​អេ​ហ្ស៊ី​ប ត្រូវ​ធ្លាក់​ចេញ​មិនអាច​បន្ដដំណើរ​ទៀត​បា​ន​ទេ​។​

​សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល​F​ម៉ោង​៩​យប់​ថ្ងៃទី​២៧​មិថុនា​នេះ កូរ៉េខាងត្បូង​ត្រូវ​ប៉ះ​អាល្លឺម៉ង់​និង​ម៉ិក​ស៊ិក​ត្រូវ​ប៉ះ​ស៊ុយអែត​។ ពូ​លE​សែ​ប៊ី​ប៉ះ​ប្រេ​ស៊ី​ល​និង​ស្វីស​ប៉ះកូ​ស្ដា​រីកា ដែល​គូរ​ទាំងពីរ​នេះ​ប្រកួត​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ម៉ោង​នៅ​កម្ពុជា​ឈានចូល​ថ្ងៃទី​២៨​មិថុនា​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់WorldCup

ព័ត៌មានផ្សេងទៀត