នគរបាលស្នើផ្តល់ព័ត៌មានក្នុងករណីជួបសារបំផុសបំផុលទាក់ទងក្រុមISIS

26-06-2018 9:45 am 2106

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានប្រកាសច្រានចោល សារដែលបានផ្ញើតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗ ទាក់ទងទៅនឹងក្រុមភេរវករ ISIS មកអុកឡុកតាមរយៈការចាក់មេរោគអេដស៍ក្នុងឈាមរបស់ពលរដ្ឋ ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ មិថុនា ។

ក្នុងអត្ថន័យដើមនៃខ្លឹមសារមានទាំងភាសាខ្មែរ និងអង់គ្លេស បានសរសេរថា «សូមប្រុងប្រយ័ត្ន.... ប្រសិនបើនរណាម្នាក់មកគោះទ្វារផ្ទះរបស់អ្នក ហើយនិយាយថា យើងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ចង់សាកល្បងជាតិស្ករក្នុងឈាមរបស់អ្នកដោយ ឥតគិតថ្លៃនោះ សូមលោកអ្នកកុំផ្តល់ការអនុញ្ញាតឱ្យគេធ្វើតេស្តឱ្យសោះ ។ សូមហៅទូរស័ព្ទទៅកាន់ប៉ូលីសភ្លាមៗ ។ ពួកគេគឺជាភេរវកម្ម I.S.I.S ពួកគេគឺដើម្បីចាក់ H.I.V មេរោគអេដស៍ចូលទៅក្នុងឈាមរបស់លោកអ្នក។ សូមចែករំលែកព័ត៌មាននេះ ទៅមិត្តភក្ភិ និងសាច់ញាតិរបស់លោកអ្នក។ សូមអរគុណ ។ ពីប៉ូលីស»។

នគរបាលជាតិកម្ពុជាលើកឡើងថា បើសិនជាពលរដ្ឋបានជួបហេតុការណ៍មិនពិតនេះ ត្រូវប្រញាប់រាយការណ៍មកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

ព័ត៌មានផ្សេងទៀត