លោក​កឹម សុខា ទទួលពាន​រង្វាន់​ពី​អង្គការ​សិទ្ធមនុស្ស​របស់​កូរ៉េខាងត្បូង​

23-06-2018 11:31 am 2553
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការ​សិទ្ធិមនុស្ស​មួយ​របស់​កូរ៉េ​ខាងត្បូង​ដែល​មានឈ្មោះ​ថា​ក្រុមប្រឹក្សា​ជាតិ​ព្រះវិហារ​បាន​ប្រគល់​ពានរង្វាន់​ផ្នែក​លើកកម្ពស់​សិទ្ធិមនុស្ស​និង ប្រជាធិបតេយ្យ ដល់​លោក ​កឹម ​សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ពន្ធនាគារ​។​

​អង្គការ​សិទ្ធិមនុស្ស​កូរ៉េខាងត្បូង​មួយ​នេះ បានបញ្ជាក់​ថា ការផ្តល់​ពានរង្វាន់​ដល់​លោក​ កឹម សុខា ​នេះ ដោយសារតែ លោក​បាន​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ការប្រគល់​ពានរង្វាន់​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២២ មិថុនា ក្រោម​វត្តមាន លោក ស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន និង​លោក ញ៉ ចំរើន​អតីត​តំណាងរាស្ត្រ​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកទទួល ជំនួស លោក កឹម សុខា​។​
​គួរ​រំលឹក កន្លងមក​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បានសម្រេច​ទាត់​ចោល​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ​កឹម សុខា ដែល​ប្តឹង​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ដោយ​ពេល​នោះ​ស្ថាប័ន​តុលាការ​អះអាងថា ការសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា​ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។​

​កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ​​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទល្មើស សន្និដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ហៅថា​ជា​បទល្មើស ក្បត់ជាតិ​ហើយ​បទល្មើស​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​៕

 ពាក្យគន្លឹះ  លោកគឹម សុខា

ព័ត៌មានផ្សេងទៀត