លោក​ដូណាល់ ត្រាំ​ថា​​កូរ៉េខាងជើង​​ចាប់ផ្ដើម​​កម្ទេច​ទីតាំង​​ធ្វើ​តេ​ស្ដមី​ស៊ីល​​ចំនួន​បួន​

22-06-2018 3:22 pm 1512
  ស្តាប់
លោកដូណាល់ ត្រាំ(កណ្ដាល)​​ពេលបើក​កិច្ចប្រជុំ​​ជាមួយ​​មន្ដ្រី​ជាន់ខ្ពស់
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ទី​២១​មិថុនា​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​កម្ទេចចោល​ទីតាំង​ចំនួន​៤ ជាទី​តាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​ធំៗ​របស់គេ​។ វា​ជា​សញ្ញា​បង្ហាញ​ថា​កូរ៉េខាងជើង​ចាប់ផ្ដើម​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែ​រហើយ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈ​រដ្ឋមន្ដ្រី​លោក​ត្រាំ​បានបញ្ជាក់​ថា កូរ៉េខាងជើង​មិន​បាន​បញ្ជូន​មី​ស៊ី​ល​ទៅ​ទីតាំង​ធ្វើតេស្ដ​ទៀត​ទេ ក្នុងនោះ​មាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ផងដែរ​។ កូរ៉េ​ខាងជើង​បាន​បំផ្លាញ​ទីតាំង​ដាក់​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ថែមទៀត​ គឺ​បាន​បំផ្ទុះ​ទីតាំង​បាញ់​មី​ស៊ី​ល​ធំ​មួយ​រួចមកហើយ​។​

​លោក​ដូណាល់ ត្រាំ​សង្កត់ធ្ងន់ថា នេះ​គឺជា​ការគោរព​តាម​សន្យា​រំលាយ​ចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី​១២​មិថុនា​។ លោក​ថា​ក្នុង​កិច្ចប្រជុំ​លោក​គីម ជុង​អ៊ុន​បាន​សន្យា​នឹង​រំលាយ​ចោល​ទីតាំង​ដំឡើង​មី​ស៊ី​ល​​ ប៉ុន្ដែ​មិន​បាន​បញ្ជាក់ថា​នឹង​រំលាយ​ទីតាំង​ណា​ឲ្យ​ពិតប្រាកដ​ទេ​។​

​ទោះ​លោក​ត្រាំ​អះអាងថា​កូរ៉េខាងជើង​កំពុង​រៀបចំ​កម្ទេច​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល តែ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាមេរិក​លោក​ជី​ម ម៉ា​ធី​ស​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ឡើយ ហើយក៏​មិនទាន់​មាន​ការពិភាក្សា​ណាមួយ​ធ្វើ​ឡើង​ជុំវិញ​បញ្ហា​នេះដែរ​។ ដូច្នេះ​លោក​គិត​ថា​ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដូចជា​មិន​ទំនង​កើតឡើង​នៅពេល​នេះ​ឡើយ​។ សេត​វិមាន​មិន​ទាន់​ឆ្លើយតប​យ៉ាងណាទេ ចំពោះ​ការកត់សម្គាល់​របស់​លោក​ត្រាំ​។​

​គួរបញ្ជាក់​ថា ដោយសារតែ​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ទំនាក់ទំនង​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង​តានតឹង​កាន់តែខ្លាំង​។ ចំណែក​អាមេរិក​និង​កូរ៉េ​ខាងជើង​បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ស្ទើរតែ​ផ្ទុះអាវុធ​។ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​វិញ បាន​ដាក់​ទណ្ឌកម្ម​ជាប​ន្ដ​បន្ទាប់លើ​កូរ៉េខាងជើង ក្នុងន័យ​ដាក់​សម្ពាធ​ឲ្យ​បោះបង់ចោលក​ម្ម​វិធី​នុយក្លេអ៊ែ​រនិង​មី​ស៊ី​ល​។ ទីបំផុត​ចាប់ពី​ដើមឆ្នាំ​២០១៨​រហូតដល់​បច្ចុប្បន្ន ស្ថានភាព​លើ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​ជាង​មុន ហើយ​កូរ៉េខាងជើង​ក៏​ព្រម​បន្ទន់​ឥរិយាបថ ដោះដូរ​នឹង​ការស្វែងរក​សន្ដិភាព​និង​សន្ដិសុខ​៕

ព័ត៌មានផ្សេងទៀត