លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២២ មិថុនានេះ បានស្នើឱ្យគ្រប់គណបក្សនយោបាយ ទាំងអស់ មិនត្រូវបង្អាប់គោលនយោបាយរបស់គណបក្សដ៏ទៃ។ការស្នើរបស់លោកហ៊ុន សែន ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលមានលោកយ៉ង សាំងកុមារ ជាបេក្ខភាពនាយករដ្ឋមន្ត្រី បានយកលោកមកប្រៀបធៀមជាមួយបក្សខ្លួន និងធ្វើការរិះគន់។ បើតាមលោកហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ឬសគល់រឹងមាំ ដូច្នេះលោកស្នើដល់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គួរពិចារណាឡើងវិញ មុនមកប្រៀបធៀប។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការប្រៀបធៀបអំពីភាពដឹកនាំ គឺជារឿងធម្មតាក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទូចស្នើដល់គ្រប់ គណបក្សនយោបាយទាំងអស់ ត្រូវប្រកាន់ខ្លួនជា ពាណិជ្ជករ ហើយប្រឹងប្រែងផ្សព្វផ្សាយ តែពីគោលនយោបាយរបស់ខ្លួន ដោយមិនត្រូវបង្អាប់គោលនយោបាយ របស់គណបក្សដ៏ទៃ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពន្យល់ថា កាលណាដែលបក្សនយោបាយ បន្ទោស់បន្អាប់ លើគោនយោបាយបក្សអ្នកដ៏ទៃ មានន័យថា កំពុងបង្កើតរឿងជាមួយបក្សដ៏ទៃ ហើយគណបក្សគេនឹងធ្វើការវាយប្រហារតបវិញ។
ជាមួយគ្នានេះ លោកហ៊ុន សែន ក៏ថ្លែងរិះគន់ចំពោះគណបក្សនយោបាយមួយ ដែលគេអាចទាយដឹងថា ជាគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោកយ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក ព្រោះថា គណបក្សថ្មីមួយនេះ តែងតែយកគណបក្សប្រជាជនកម្ពុជា មកប្រៀបធៀបជាមួយបក្សខ្លួន និងបានរិះគន់ចរិកដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យពិចារណាឡើងវិញ មុនមកប្រៀបធៀប ជាមួយបក្សកាន់អំណាច។ ពិចារណា ព្រោះថាគណបក្សកាន់អំណាច របស់លោក មានឬសគល់រឹងមាំ ខណៈមេបក្សដែលយកមកប្រៀបធៀបនោះ គឺលោកធ្លាប់ផ្តល់លុយ ឱ្យទៅរៀន នៅអាល្លឺម៉ងរហូតដល់បានទទួលងារជាបណ្ឌិត។
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងប្រាប់វិទ្យុវាយោថា ការប្រៀបធៀបអំពីភាពជា អ្នកដឹកនាំ និង គោលនយោបាយ របស់បក្សកាន់អំណាច និង បក្សប្រជែងដទៃទៀត គឺជារឿងធម្មតាក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ។ លោកថា សម្រាប់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបានប្រើភាសាជេរប្រមាថ ចោទប្រកាន់ និងលាបពណ៌គេទេ។
យ៉ាងណាក៏ដោយ លោក សាម អ៊ីន បានគូសបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបន្តធ្វើការប្រៀបធៀបពីគោលនយោបាយនេះ ហើយគណបក្សមិនមានការព្រួយបារម្ភអ្វីទេ ចំពោះប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ព្រោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជឿជាក់លើចេតនារបស់ខ្លួន និងចង់ចូលរួមជួយអភិវឌ្ឍសង្គមជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី ២៩ ខែកក្កដាខាងមុខ។ បច្ចុប្បន្គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានស្ថិតនៅលេខរៀងទី៧នៃសន្លឹកឆ្នោត ដែលជាលេខរៀងចាស់របស់អតីតគណបក្សប្រឆាំង ខណៈដែលគណបក្សប្រជាជនកម្ពុជា បានធ្លាក់ទៅដល់លេខរៀងទី២០ ក្នុងចំណោមគណបក្សនយោបាយទាំងអស់៕