នៅសល់តែរយៈពេលជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្ររើសមេដឹកនាំប្រទេសជាតិសម្រាប់ អាណត្តិទី៦ នឹងបន្តប្រព្រឹត្តធ្វើឡើង។តែយ៉ាងណាមុនការបោះឆ្នោត គេឃើញអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការ តាមបណ្តាញសង្គម និងចុះតាមមូលដ្ឋាន ដើម្បីគៀងគរឱ្យប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោត ខណៈដែលអតីតគណបក្សសង្គ្រោះជាតិ បើកយុទ្ធនាការឱ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការកុំទៅបោះឆ្នោត។ បរិយាកាសនយោបាយបែបនេះ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាសម្ពាធផ្លូវចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ សូមស្តាប់បទវិភាគដោយ គួន សំបូរ
នៅតែជាងមួយខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នឹងចូលមកដល់។ បរិយាកាសមុនការបោះឆ្នោតនៅអាណត្តិនេះ មិនខុសពីអាណត្តិមុនៗទេ ដោយអ្នកនយោបាយខ្មែរ ប្រើយុទ្ធសាស្ត្រនយោបាយគ្រប់រូបភាព ដើម្បីទទួលបានប្រជាប្រិយភាព និង ទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ថ្វីបើនៅអាណត្តិទី៦ អវត្តមានគណបក្សសង្គ្រោះជាតិ ជាភាពវិជ្ជមានសម្រាប់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនមែនមានន័យថា គណបក្សមួយនេះអាចរីករាយ ដោយគ្មានក្តីព្រួយបារម្ភទេ។ ចង់មិនចង់ខ្មោចដែលស្លាប់ទៅហើយ ត្បិតមិនអាចរស់ឡើងវិញ ដូចជាអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានលើកឡើង ប៉ុន្តែការតាមលងបន្លាច ក៏ជាអ្វីដែលធ្វើឲ្យុ គណបក្សកាន់អំណាច ត្រូវឈឺក្បាលផងដែរ។ ឈឺក្បាលនឹងការអំពាវនាវម្តងហើយម្តងទៀត កុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ឈឺក្បាលនឹងអ្នកគាំទ្រ ប្រកាលមិនចេញទៅបោះឆ្នោត ផ្ទុយពីការចង់បានរបស់គណបក្សប្រជាជន។
ក្នុងបរិយាកាសនយោបាយបែបនេះហើយ ទើបស្ទើររាល់ថ្ងៃ លោកហ៊ុន សែន តែងយក វេទិកាជួបជាមួយកម្មករ និង កម្មវិធីផ្សេងៗទៀត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែ ទៅបោះឆ្នោត។ជាមួយគ្នានេះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុកដោយបានគៀងគរឱ្យប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោត ក្រោមរូបភាព ការផ្លាស់ប្តូរស៊ុម (Profile) រូបថតរបស់ខ្លួនម្នាក់ៗ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
ជាការពិត ការប្រទាញប្រទង់ផ្នែកនយោបាយ តិចរឺច្រើន បានធ្វើឲ្យពលរដ្ឋខ្លះ រងសម្ពាធផ្លូវចិត្ត ក្នុងការសម្រេចចិត្តចូល ឬមិនចូលរួម ការបោះឆ្នោត នីតិកាលទី៦នេះ។
ខុសពីអាណត្តិមុនៗពលរដ្ឋមួយចំនួនយល់ថា ទៅបោះឆ្នោតរឺមិនទៅបោះឆ្នោត គ្មានអ្នកណា រឺក្រុមណាចោទប្រកាន់ និងត្រូវចាប់អារម្មណ៍ឡើយ។ ប៉ុន្តែនៅអាណត្តិនេះ អ្នកនយោបាយ អ្នកគាំទ្រនយោបាយ ហាក់ផ្តោតជាសំខាន់ លើឆន្ទះរបស់បុគ្គលម្នាក់ៗ ក្នុងការចូលរួមបោះឆ្នោត រឺមិនចូលរួម។ ពួកគាត់ចង់សំដៅថា នៅថ្ងៃបោះឆ្នោត ប្រសិនម្រាមដៃមិនប្រលាក់ខ្មៅ ប្រាកដជាត្រូវក្រុមមួយ ចោទប្រកាន់ថា ជាអ្នកគាំទ្រគណបក្សប្រឆាំង ដោយឡែកអ្នកមានម្រាមដៃប្រឡាក់វិញ ច្បាស់ជាត្រូវគេសម្គាល់ថា ជាអ្នកគាំទ្ររដ្ឋាភិបាល។
ត្រូវយល់ថា បញ្ហានេះមិនជះឥទ្ធិពលទេ ដល់ពលរដ្ឋដែលជាអ្នកគាំទ្រ គណបក្ស ស្មោះស្មគ្រ័ ហ៊ានបង្ហាញឆន្ទះ ជាសាធារណៈ គាំទ្រគណបក្សដែលខ្លួនស្រលាញ់។ ប៉ុន្តែការកំណត់សម្គាល់តាមរយៈការចូលរួមរឺមិនចូលរួមបោះឆ្នោតនឹងជាសម្ពាធមួយដល់ ប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត ដែលជាទូទៅ មិនចូលចិត្តបង្ហាញសកម្មភាព រឺឲ្យគេដឹងថាខ្លួន មានទំនោរលើគណបក្សណាមួយ។ ពលរដ្ឋមួយក្រុមនេះកន្លងមក ច្រើនតែកត់សម្គាល់ក្នុងចិត្ត តែកំររបង្ហាញឲ្យដឹងពីទំនោរនយោបាយរបស់ខ្លួន ទៅអ្នកដ៏ទៃ ក្រោមហេតុផលផ្សេងៗ ក្នុងនោះក៏ពាក់ពន្ធ័នឹងការរើសអើងនយោបាយផងដែរ។
បើតាមអ្នកជំនាញ ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺប្រជាពលរដ្ឋមាន សិទ្ធិ សេរីភាព ក្នុងការជ្រើសរើស គណបក្សនយោបាយណាដែលខ្លួនពេញចិត្ត ស្របតាមឆន្ទៈរបស់ពួកគេ។ ដូច្នេះកាលណាពលរដ្ឋជាម្ចាស់ឆ្នោត ទទួលរងសម្ពាធផ្លូវចិត្ត ពីអ្នកនយោបាយ នោះឆន្ទៈរបស់ពួកគេអាចនឹងត្រូវជាន់ពន្លិច។
បើយោងទៅតាមច្បាប់របស់កម្ពុជាសព្វថ្ងៃ ពលរដ្ឋទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោតឱ្យគណបក្សនយោបាយណាមួយ វាជា សិទ្ធិ និងឆន្ទៈស្ម័គ្រចិត្ត ដោយអត់មានបង្ខំ និង ចែងពីទោសទណ្ឌចំពោះអ្នកមិនទៅបោះឆ្នោតទេ។ការទៅបោះឆ្នោត ឬ មិនបានទៅបោះឆ្នោតវាជា «សេរីភាព» របស់ពលរដ្ឋ មិនមែនជា«កាតព្វកិច្ច»ដែលតម្រូវត្រូវតែទៅនោះទេ។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា បានចែងក្នុង មាត្រា៣៤ថ្មីថា ពលរដ្ឋទាំង ២ ភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។ មាត្រានេះក៏ចែងដែរថា ពលរដ្ឋទាំង ២ ភេទមានអាយុចាប់ពី ១៨ ឆ្នាំមានសិទ្ធិបោះឆ្នោត។ ចំណែក មាត្រា៧៦នៃរដ្ឋធម្មនុញ្ញ បានចែងបន្ថែមទៀតថា តំណាងរាស្ត្រត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះនិង តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
ដូចជម្រាបកាលពីអត្ថបទមុនៗហើយថា គណបក្សប្រជាជនកម្ពុជា អាចទំនងយល់ឃើញថាទោះបីជាក្រុមបក្សប្រឆាំង អវត្តមានក្នុងការប្រកួត ក៏គណបក្សខ្លួនត្រូវប្រឈមមុខជាមួយប្រជាពលរដ្ឋ ជាពិសេស អ្នកគាំទ្របក្សប្រឆាំងជិត៣លាននាក់។ ព្រោះថា ប្រសិនបើពលរដ្ឋ ពហិការមិនទៅបោះឆ្នោត មានចំនួនច្រើនជាងភាគរយ នៃចំនួនអ្នកទៅបោះឆ្នោត ខុសពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលអ្នកទៅបោះឆ្នោត មានជាង៨០ភាគរយ។ ការធ្លាក់ចំនួនភាគរយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាព គណបក្សប្រជាជន ទោះលទ្ធផលឆ្នោត ត្រូវបានទទួលស្គាល់ដោយ គ.ជ.ប ក្តី។
ចំណែកក្រុមប្រឆាំង ដើម្បីរើបំរាស់ គឺត្រូវបំបាក់មុខគណបក្សកាន់អំណាច ដោយព្យាយាម អំពាវនាវម្តងហើយម្តងទៀតកុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ត្បិតអីគណបក្សរបស់ខ្លួនមិនបានចូលរួមប្រកួត និង ព្យាយាមធ្វើឱ្យការបោះឆ្នោត អាណត្តិទី៦នេះ រងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ។
តែយ៉ាងណាក៏ដោយ យុទ្ធសាស្ត្ររបស់អ្នកនយោបាយពេលនេះ មិនផ្តល់ផលចំណេញអ្វីដល់កម្ពុជាទេ។ ផ្ទុយទៅវិញវាគ្រាន់ជាជម្លោះផ្ទៃក្នុងខ្មែរខ្លួនឯង និង ធ្វើឱ្យប៉ះពាល់ដល់កេត្តិយសប្រទេសជាតិប៉ុណ្ណោះ។ ជាដំណោះស្រាយ អ្នកនយោបាយ គួរតែបញ្ចប់ការប្រើយុទ្ធសាស្ត្រ ដើម្បីដាក់សម្ពាធក្រោមរួបភាពផ្សេងៗមកលើប្រជាពលរដ្ឋ និង ទុកឱ្យស្ថានការណ៍ធ្វើដំណើរទៅមុខ តាមពាក្យចាស់ថា «រុញទូកបណ្តោយទឹក»។
រុញទូកបណ្តោយទឹក ចង់មានន័យថា ទុកឱ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តដោយ សិទ្ធិ និងតាមឆន្ទៈខ្លួនឯង គ្មានការរារាំង និង គំរាមគំហែងណាមួយ។ ព្រោះថា បើទោះបីជា អ្នកនយោបាយទទួលបានជោគជ័យក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្តី ក៏លទ្ធផលនឹងត្រូវបានកត់ទុកក្នុងប្រវត្តិ សាស្ត្រ នៃការបោះឆ្នោតនៅកម្ពុជា ហើយក្មេងជំនាន់ក្រោយនឹងធ្វើការវាយតម្លៃ ក្រោយខ្លួនអស់ឥទ្ធិពលទៅវិញ។
រីឯប្រជាពលរដ្ឋខ្មែរខ្លួនឯង ក៏គួរតែប្រើសិទ្ធិរបស់ខ្លួនឱ្យត្រឹមត្រូវ ស្របតាម អ្វីដែលប្រទេសជាតិចង់បាន។ គួរជៀសវាង ការជ្រើសរើសបក្សនយោបាយ ដោយគ្រាន់តែមើលពីសំបកក្រៅ និង ជឿតាមការឃោសនាផ្សេងៗ។ ការគាំទ្រដ៏ត្រឹមត្រូវ គឺការពិនិយ្យមើល ឱ្យបានស៊ីជម្រៅនូវគោលនយោបាយ និង ឥរិយាបថនៃការថ្លែងសាររបស់បក្សនយោបាយ។ នេះគ្រាន់តែជាចំណុចតូចមួយ ប៉ុន្តែប្រសិនបើពលរដ្ឋអាចធ្វើបាន អាចនឹងរួចផុតពី សម្ពាធរបស់អ្នកនយោបាយ ហើយក្លាយជាពលរដ្ឋល្អមួយក្នុងការជួយសង្គម៕