កម្ពុជា-ចិន សន្យាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ស្របតាមផែនយុទ្ធសាស្ត្រនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ នេះបើតាមការអះអាងរបស់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី១៩ មិថុនា។
លោកប៉ាន សូរស័ក្តិ លើកឡើងថា ដោយកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ គឺសម្រេចបានប្រមាណ ៥,៦០០លានដុល្លារ ពោលកឺមានកើនឡើង ២១,៨% នេះបើធៀបនឹងឆ្នាំ២០១៦ដែលមានត្រឹមតែ ៤,៧៦០លានដុល្លារតែប៉ុណ្ណោះ។ ជាងនេះទៀត ការនាំចេញពីកម្ពុជា ទៅចិន បានកើនឡើងចំនួន២២% ធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ ៣,៩២៩លានដុល្លារ។
លោកប៉ាន សូរស័ក្តិបន្ថែមថា ភាគីនៃប្រទេសទាំងពីរបានបង្ហាញពីវឌ្ឍនភាពសំខាន់ៗនៃវិស័យពាណិជ្ជកម្មទ្វេភាគី លើការងារបញ្ហាអនាម័យ និងភូតគាមអនាម័យ ដែលស្ថិតជារបាំងបច្ចេកទេសរាំងស្ទះការធ្វើពិពិធកម្មការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលរួមមាន ផ្លែឈើ និងផលដំណាំផ្សេងៗទៀត។ ភាគីចិនក៏បានពិចារណាក្នុងការបង្កើនការទិញផលិតផលបន្ថែមពីកម្ពុជា រួមទាំងការទិញអង្ករផងដែរ សម្រាប់ឆ្នាំ២០១៩ ខាងមុខ ដើម្បីកាត់បន្ថយអតុលុ្យភាពនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិន។
លោកស្រីកៅ យាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ក៏បានសន្យា និងព្យាយាមសម្របសម្រួលជាមួយសា្ថប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយលើបញ្ហានានា ជូនវិស័យឯកជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា តាមអ្វីដែលកម្ពុជាចង់បាន៕