អង្គការសហប្រជាជាតិនៅស្វីសអះអាងថាការបោះឆ្នោតខាងមុខមិនត្រឹមត្រូវ

20-06-2018 11:24 am 7083
  ស្តាប់
ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ប្រជុំនាពេលកន្លងមក ។
ស្តាប់ជាសំឡេង

ក្រុមប្រឹក្សាសិទ្ធិមនុស្ស (Human Rights Council) នៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីកម្ពុជា ចុះថ្ងៃទី១៩ មិថុនា ដោយបានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ មិនមែនជាការបោះឆ្នោតពិតប្រាកដទេ ព្រោះគ្មានវត្តមានអតីតគណបក្សប្រឆាំងធំជាងគេចូលរួម ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជន បានចាត់ទុកសេចក្តីថ្លែងការណ៍នេះ គឺជាមេធាវីរបស់គណបក្សប្រឆាំង ដែលបង្ហាញថា ក្រុមប្រឹក្សាមួយនេះ បានបាត់បង់នូវអព្យាក្រឹត ក្នុងនាមជាអង្គការអន្តរជាតិអព្យាក្រឹត...

ក្នុងសេចក្តីថ្លែងការណ៍នោះ ក៏មានការស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យ ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀតទាំងអស់, បញ្ចូលឱ្យមានអតីតគណបក្សសង្រ្គោះជាតិ និងបើកសិទ្ធិនយោបាយដល់មន្រ្តី អតីតគណបក្សសង្រ្គោះជាតិ ទាំង១១៨រូប, លុបចោលច្បាប់មួយចំនួនដែលមិនសមស្របនឹងច្បាប់អន្តរជាតិ, ឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង សារព័ត៌មាន សង្គមស៊ីវិល និងធ្វើយ៉ាងណាឱ្យប្រព័ន្ធតុលាការឯករាជ្យ ។

ទាក់ទងទៅនឹងបញ្ហានេះ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ថា បើសិនជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិយុត្តិធម៌មែននោះ ម្ល៉េះ មិនមែនសហរដ្ឋអាមេរិកដែលជារដ្ឋសមាជិក ដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ ។ លោកចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ គឺជាមេធាវីរបស់គណបក្សប្រឆាំង ដែលបង្ហាញថា ក្រុមប្រឹក្សាមួយនេះ បានបាត់បង់នូវអព្យាក្រឹត ក្នុងនាមជាអង្គការអន្តរជាតិអព្យាក្រឹត ។ ជាងនេះទៅទៀត លោកនៅតែអះអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះ បានរំលោភលើអធិបតេយ្យភាព និងសិទ្ធិស្វ័យសម្រេចរបស់ប្រទេសមួយ ដោយមិនពឹងផ្អែកលើច្បាប់នៅកម្ពុជា ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះលើកឡើងថា បើសិនជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅតែដើរតួជាមេធាវីរបស់គណបក្សប្រឆាំង ទៅថ្ងៃខាងមុខ វាអាចនឹងធ្វើឱ្យរដ្ឋជាសមាជិកនឹងដើរចេញម្តងមួយៗ ដូចដែលសហរដ្ឋអាមេរិកបានធ្វើគំរូស្រាប់…
សំឡេងលោក សួស យ៉ារ៉ា ៖

កន្លងមក ក្រោយមានសេចក្តីថ្លែងការណ៍ជាច្រើនលើកឡើង ជារឿយៗ មន្រ្តីរដ្ឋាភិបាលកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថា កម្ពុជាមិនយកចិត្តទុកដាក់ចំពោះការទាមទារទាំងឡាយណាដែលមានចរិត រំលោភលើអធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ។ តែក្រុមប្រទេសមហាអំណាចមួយចំនួនដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប បានព្រមានរួចជាសេ្រចហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាឡើយ បើសិនជាការបោះឆ្នោតនោះ ធ្វើឡើងមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ និងមិនស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៕ 

ព័ត៌មានផ្សេងទៀត