សមាគម​យុវជន​កំណែទម្រង់​រដ្ឋ​​ទាត់ចោល​​របាយការណ៍​ ANFREL​ទាក់ទង​នឹង​​ការបោះឆ្នោត​​

18-06-2018 3:05 pm 1459
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយពី​អង្គការ ANFREL ចេញ​របាយការណ៍​វាយតម្លៃ​ស្ថានការណ៍​មុន​ការបោះឆ្នោត​នៅ​កម្ពុជា ថា​មិនមាន​ស្ថានភាព​ល្អប្រសើរ​សម្រាប់​ការប្រកួតប្រជែង រួចមក គ​.​ជ​.​ប បាន​ហៅ​របាយការណ៍​នោះ​ថា មិន​ឆ្លុះ​បញ្ជាំង​ពីស្ថា​នភាពពិ​តរបស់​កម្ពុជា ឯ​គណបក្សកាន់អំណាច​ក៏​មិន​ភ្ញាក់ផ្អើល​នឹងរ​បាយ​ការ​របស់​អង្គការ ANFREL នេះដែរ​។ តែ​ពេលនេះ បែរជា​សមាគមយុវជន​កំណែទម្រង់​រដ្ឋ (AYSR) នៅ​ថ្ងៃទី​១៨ មិថុនា នេះ បានចេញ​សេចក្តីថ្លែងការណ៍ ច្រានចោល​ទាំងស្រុង​នូវ របាយការណ៍​របស់ អង្គការ ANFREL និង​ថា ANFREL ប្រឌិត​រឿង​ដោយ​ខ្លួនឯង មក​ធ្វើជា​អំណះអំណាង​។ 

​អង្គការ​បណ្តាញ​អាស៊ាន​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ANFREL កាលពី​ថ្ងៃទី ១៥ មិថុនា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​មាន​កម្រាស់ ១៥​ទំព័រ ដោយ​វាយតម្លៃ​ស្ថានការណ៍​មុន​ការបោះឆ្នោត​នៅ​កម្ពុជា ថា​មិនមាន​ស្ថានភាព​ល្អប្រសើរ​សម្រាប់​ការប្រកួតប្រជែង​។ 

​ប៉ុន្មាន​ថ្ងៃក្រោយ​ការចេញ​របាយការណ៍​នេះ សមាគមយុវជន​កំណែទម្រង់​រដ្ឋ (AYSR) នៅ​ថ្ងៃទី​១៨ មិថុនា នេះ បានចេញ​សេចក្តីថ្លែងការណ៍ ច្រានចោល​ទាំងស្រុង​នូវ របាយការណ៍​១៥​ទំព័រ អង្គការ ANFREL ដែល​ចោទប្រកាន់ថា ការបោះឆ្នោត​នៅ​កម្ពុជា មិនមាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ សមាគមយុវជន​កំណែទម្រង់​រដ្ឋ បានឱ្យដឹងថា របាយការណ៍​របស់ អង្គការ ANFREL ធ្វើឡើង​ដោយ​មិនមាន​មូលដ្ឋាន និង​ប្រឌិត​រឿង​ដោយ​ខ្លួនឯង ធ្វើជា​អំណះអំណាង​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​របស់​កម្ពុជា នា​ពេលបច្ចុប្បន្ន និង​មាន​របៀបវារៈ​នយោបាយ​សំដៅ​បម្រើ​ក្រុម​ប្រឆាំង​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ មិថុនា អង្គការ​បណ្តាញ​អាស៊ាន​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ANFREL បានចេញ​របាយការណ៍​ស្តីពី​ការវាយតម្លៃ​មុន​ការបោះឆ្នោត​នៅ​កម្ពុជា ដែលមាន​កម្រាស់ ១៥​ទំព័រ របស់ ដែល​ធ្វើឡើង​ដោយ​អ្នកជំនាញ​ខាង​ការបោះឆ្នោត​មកពី​ប្រទេស​ចំនួន​៥ ដោយ​ទាញ​ការ​សន្និដ្ឋានថា ការបោះឆ្នោត​នៅ​កម្ពុជា​ខាងមុខនេះ នឹង​មិនមាន​ភាពសេរី និង​យុត្តិធម៌​ដោយ​ផ្អែកលើ​ចំណុច​មួយចំនួន រួមមាន បក្សនយោបាយ និង​សង្គម​ស៊ីវិល​មិនមាន​សិទ្ធិ​ពេញលេញ​ឃ្លាំមើលការបោះឆ្នោត ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​រង​ការដាក់​សម្ពាធ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អង្គការ ANFREL បាន​រកឃើញ​ទៀតថា មាន​ការដាក់​សម្ពាធ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកបោះឆ្នោត និង​តួអង្គ​ប្រកួតប្រជែង និងមាន​គណបក្ស​មាន​ឥទ្ធិពល​តែមួយ ​ក្រោយពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​។​

​តាម​របាយការណ៍​ដដែល អង្គការ​ANFREL ក៏បាន​រៀបរាប់​ព្រឹត្តិការណ៍​មុន​បោះឆ្នោត​មួយចំនួន ដែល​អង្គការ​នេះ អះអាងថា នឹង​ធ្វើឱ្យប៉ះពាល​ដល់​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ខាងមុខ ដូចជា​ការចាប់ខ្លួន លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​អតីត​បក្សប្រឆាំង​ចំនួន​១១៨​នាក់ ជាដើម​៕

ព័ត៌មានផ្សេងទៀត