ចិន​ផ្តល់​ជំនួយឥតសំណង​ជាង​១០០​លាន​ដុល្លារ លើ​វិស័យ​យោធា​នៅ​កម្ពុជា​

17-06-2018 3:05 pm 4122
  ស្តាប់
ស្តាប់ជាសំឡេង

​ចិន​ប្រកាស​ផ្តល់​ជំនួយឥតសំណង​លើ​វិស័យ​យោធា​ដល់​កម្ពុជា ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ​ជាង​១០០​លាន​ដុល្លារ ដើម្បីអោយ​កម្ពុជា យកទៅ​ប្រើប្រាស់​ចាំបាច់​ក្នុង​វិស័យនេះ​។

​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​លើកឡើងថា ចិន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ក្នុង​វិស័យ​យោធា ជា​ទឹកប្រាក់​ជាង​១០០​លាន​ដុល្លារ (​ចំនួន​៦៤៥​លាន​យ័ន​) ដើម្បីឱ្យ​កម្ពុជា យកទៅ​ប្រើប្រាស់​ទៅលើ​វិស័យ​យោធា​ដែល​ចាំបាច់​ផងដែរ​។ ការលើកឡើង​របស់លោក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោក វៃ ហ្វេ​ន​ហេ (WEI FENGHE) រដ្ឋមន្ដ្រីក្រសួង ការពារ​ប្រទេស​ចិន នៅ​វិមាន​មិត្តភាព នៅ​ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៨​នេះ​។​

​លោក​ទៀ បាញ់ បាន​បញ្ជាក់ថា កម្ពុជា និង ចិន នឹង​សហការគ្នា បន្តទៀត ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នាគ​មាស នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ ឱ្យ​កាន់​ជិតស្និទ្ធ​បន្ថែមទៀត និង​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​លើ​វិស័យ​ការពារជាតិ​កម្ពុជា​-​ចិន​។ លោក​ថា កម្ពុជា នឹង​ត្រៀម​ដើម្បី​ទទួល នូវ​ការ​សំចត​នាវា​របស់​កងទ័ពជើងទឹក​របស់​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយគ្នា នៅពេល​ខាងមុខ​ដែរ​។​

​គួរ​រំលឹក​ដែរថា រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ចិន លោក​វៃ ហ្វេ​ន​ហេ មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦-២០ មិថុនា ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បាន​ចូលរួម​សម្ពោធ​ពិព័រណ៍​យោធា​ន​រួមគ្នា កម្ពុជា​-​ចិន​៕

ព័ត៌មានផ្សេងទៀត