បេសកជន​ពិសេស​UNHCRទស្សនកិច្ច​នៅ​អ៊ីរ៉ាក់ជំរុញ​ឲ្យ​គាំទ្រ​ដល់​ការកសាង​ក្រុង​ឡើងវិញ​

17-06-2018 11:51 am 777
  ស្តាប់
លោកស្រីAngelina Jolieអំឡុងពេលទស្សនកិច្ចទីក្រុងចាស់ស្ថិតនៅភាគខាងលិចក្រុងMosul
ស្តាប់ជាសំឡេង

​បេសកជន​ពិសេស របស់​ភ្នាក់ងារ​ជនភៀសខ្លួន អង្គការសហប្រជាជាតិ​(UNHCR)  លោកស្រី Angelina Jolie បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ក្រុង Mosul ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​សៅរ៍ ដោយបាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ មិនឲ្យ​ភ្លេច​ប្រជាជន​ដែល​កំពុង​ព្យាយាម​កសាង​ទីក្រុង​ឡើងវិញ​។ លោកស្រី Angelina Jolie ដែលជា​តារា​ហូលីវូដ​ដ៏​ល្បីល្បាញ​រូបនេះ ក៏បាន​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​មួយចំនួន និង​ពិនិត្យ​ជាក់ស្តែង​ពី​ស្ថានភាព​ផ្លូវ​និង​អគារ​ដែល​រង​ការខូចខាត ដោយសារ​សង្គ្រាម​ផងដែរ​។ នេះ​បើ​យោងតាម​រូបភាព​វីដេអូ និង​រូបភាព​ដែល​បានផ្តល់​ដោយ ស្នងការ​ជាន់ខ្ពស់​របស់ អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​។​

​លោកស្រី Angelina Jolie ដែល​ចូល​បម្រើ​ការងារ នៅ​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០០១ និយាយថា នេះ​គឺជា​ការបំផ្លិចបំផ្លាញ​ដ៏​អាក្រក់​បំផុត ដែលលោកស្រី​បានឃើញ ​ចាប់តាំងពី​​ចូល​បម្រើ​ការងារ​ជាមួយ UNHCRមក។ លោកស្រី​ថា ប្រជាជន​នៅទីនេះ​បាន​បាត់បង់​អ្វី​គ្រប់យ៉ាង ……​ពួកគេ​គឺជា​ទុគ៌ត​ជន​……​ពួកគេ​មិនមាន​ថ្នាំ​សម្រាប់​កូន​របស់​ពួកគេ​ទេ ហើយ​មនុស្ស​ជាច្រើន​ទៀត មិនមាន​ទឹកស្អាត​ឬ​សេវាកម្ម​មូលដ្ឋាន​ប្រើប្រាស់​ឡើយ​។ បេសកជន​ពិសេស​នៃ​UNHCR​រូបនេះ សង្ឃឹមថានឹង​មានការ​ប្តេជ្ញាចិត្ត ដើម្បី​កសាង និង​ធ្វើឲ្យមាន​ស្ថេរភាព​នៃ​ទីក្រុ​ងទាំង​មូល ហើយ​លោកស្រី សូម​អំពាវនាវ​ដល់​ស​ហគ​មន៍​អន្ដរជាតិ​កុំឲ្យ​ភ្លេច Mosul ។

​សូមបញ្ជាក់ថា ទីក្រុង​Mosul ធ្លាប់​ស្ថិតនៅក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ស​កម្មប្រយុទ្ធ​IS​គ្រប់គ្រង​អស់​រយៈពេល​៣​ឆ្នាំ ហើយក៏​បាន​បង្កើត​តំបន់​រឹងមាំ​សម្រាប់​ពង្រឹង​អំណាច​របស់​ពួកគេ​នៅទីនេះ​ផងដែរ​។ ចលនា​របស់​សកម្មប្រយុទ្ធ​IS បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ​៩​សែន​នាក់ រត់​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​។ យ៉ាងណា បន្ទាប់ពី​មាន​ការប្រយុទ្ធ​យ៉ាង​ស្វឹតស្វាញ ជា​មួយក្រុម​IS ក្រោម​ការជួយ​គាំទ្រ​ពី​អន្តរជាតិ កងទ័ព​អ៊ីរ៉ាក់​បាន​ដណ្តើម​ទីក្រុង​នេះ មក​គ្រប់គ្រង​វិញ​នៅ​ខែកក្កដា​ឆ្នាំ​២០១៧។ ទោះបី ទីក្រុងនេះត្រូវ​បានរដ្ឋដណ្តើមបានមកវិញរយៈពេល ជិត១ឆ្នាំទៅហើយក្តី ប៉ុន្តែការសាងសង់ឡើងវិញ មានភាពយឺតយ៉ាវណាស់ ដ្បិតការខូចខាតមានទំហំធំធេង៕

 ពាក្យគន្លឹះ  ប្រទេសអ៊ីរ៉ាក់​UNHCR

ព័ត៌មានផ្សេងទៀត