គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោតបានចំនួន១៤ខេត្ត ស្នើនឹង៥០ភាគរយនៃសន្លឹកឆ្នោតសរុប។ បើតាមគ.ជ.ប ដំណើរការផលិតសន្លឹកឆ្នោត ធ្វើឡើងប្រកបដោយសុវត្ថិភាព និង ការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ហើយការបោះពុម្ពនឹងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោកឌឹម សុវណ្ណារុំ សមាជិក និង ជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះថា មកដល់ពេលនេះ សន្លឹកឆ្នោតបោះពុម្ព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺគ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត បានចំនួន១៤ខេត្ត ហើយស្នើនឹង៥០ភាគរយនៃសន្លឹកឆ្នោតសរុប។
ខេត្តដែលបោះពុម្ពសន្លឹកឆ្នោតរួចរាល់ មានដូចជា៖ ខេត្តកំពត កែប ប៉ៃលិន កោះកុង បន្ទាយមានជ័យ ក្រចេះ កំពង់ឆ្នាំង ព្រះវិហារ រតនគិរី បាត់ដំបង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តតាកែវ។ លោកឌឹម សុវណ្ណារុំ គូសបញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ព មានចំនួនជាង ១០លាន ៥សែនសន្លឹក ក្នុងនោះសន្លឹកឆ្នោតជាង៣សែន ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះ ក៏មានសន្លឹកឆ្នោតសម្រាប់ ប្រើប្រាស់ដើម្បីបណ្តុះបណ្តាលមន្ត្រី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។
គ.ជ.ប ឱ្យដឹងទៀតថា ដំណើរការផលិតសន្លឹកឆ្នោត ធ្វើឡើងប្រកបដោយសុវត្ថិភាព និង ការការពារសន្តិសុខយ៉ាងតឹងរ៉ឹង ដោយច្រើនកម្លាំងបីប្រភេទមាន សន្តិសុខក្នុងរោងពុម្ព សន្តិសុខរបស់គ.ជ.ប និង កម្លាំងសមត្ថកិច្ចចំនួន៦នាក់ ផ្លាស់ប្តូរវេនគ្នា២៤ម៉ោង ដើម្បីយាមកាម នៅខាងក្រៅរោងពុម្ព។ ហើយ ទូរសព្ទ័ដៃ ម៉ាស៊ីនថត និង ឧបករណ៍ សម្រាប់ថតរូបដទៃៗទៀត ត្រូវបានហាមឃាត់។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ។គណបក្សនយោបាយចំនួន២០ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ជាផ្លូវការ ដើម្បីចូលរួមប្រកួតប្រជែង។ ប៉ុន្តែការបោះឆ្នោតអាណត្តិទី៦នេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិទេ ដោយបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយ ដោយពីបទក្បត់ជាតិ៕