ក្រសួងពាណិជ្ជកម្មថា​ ផលិតផល​កម្ពុជា​​កាន់​តែមាន​​សក្តានុពល ​នៅ​ទីផ្សារ​​ប្រទេស​ចិន​​

15-06-2018 9:23 am 1725
  ស្តាប់
ទំនិញ​កម្ពុជា​ក្នុង​ពិព័រណ៍​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៥ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណានប្រទេស​ចិន
ស្តាប់ជាសំឡេង

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ដែល​នាំ​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង​ពី​១២ ទៅ​២០%​ជា​រៀងរាល់ឆ្នាំ​។​​កំណើនេះ គឺ​ដោយសា​តែ ផលិតផល​របស់​កម្ពុ​ជា​កាន់តែ​មាន​សក្តានុពល​​​នៅ​ទីផ្សារ​ប្រទេស​ចិន ខណៈ​ទំនាក់ទំនង​កម្ពុជា ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា ច្រើន​លើ​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​នេះ ជា​ការអះអាង​បញ្ជាក់​ពី​លោក​ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។​

​លោក​ឈួន ដា​រ៉ា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុងការ​ទស្សនា​ស្តង់​ទំនិញ​កម្ពុជា​ក្នុង​ពិព័រណ៍​ចិន អាស៊ី​ខាងត្បូង​លើក​ទី​៥ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១៤ មិថុនា ថា ទំនិញ​ផ្សេងៗ​របស់​កម្ពុជា ត្រូវបាន​វិនិយោគិន​ចិន​ស្គាល់ និង បាន​បញ្ជា​ទិញ​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​ចិន និង​លក់​បន្តទៅ​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន​ផងដែរ​។ លោក​ថា ក្រសួងពាណិជ្ជកម្ម​បាន​បង្កើន​ទំ​នាក់ ទំនងជា​មួយ​រដ្ឋាភិបាល​ចិន​ដើម្បី​បង្កើត​មណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យបាន​ច្រើន​កន្លែង​ដើម្បី​បង្ហាញ​ទំនិញ​កម្ពុជា​ឱ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែច្រើន និង​អាច​ទំនាក់ទំនង​បញ្ជា​ទិញ ផ្ទាល់​ពី​កម្ពុជា​តែម្តង​។​ពាណិជ្ជករ​ខ្មែរ ដែល​ធ្លាប់មាន​បទពិសោធន៍​នាំ​ផលិតផល​មក​លក់​នៅ​ប្រទេស​ចិន និង​ធ្លាប់ ចូលរួម​តាំងពិព័រណ៍​នៅ​ក្រុង​យូ​ណាន និង​ណាន​នី​ង បានបង្ហាញ​ក្តី​សង្ឃឹមថា ផលិតផល របស់​ពួកគេ​នឹងមាន​ការចាប់អារម្មណ៍​ច្រើនជាង​ឆ្នាំមុន ជាពិសេស​គ្រឿង​សិប្បកម្ម​។​

​លោក Hu Chunhua សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មការ​កណ្តាល នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ឧបនាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន បញ្ជាក់ថា ចិន​មាន​នយោបាយ​ទំនាក់ទំនង​ទូលំទូលាយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា ដើម្បី​សម្រេច​គោលដៅ​នយោបាយ​ផ្លូវ ខ្សែក្រវាត់​មួយ ហើយ​ចិន ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទៅវិញទៅមក និង​បន្ត​ជួយ​ដោះស្រាយ​ឧបសគ្គ​គ្រប់បែបយ៉ាង ទាំងអស់​ជាមួយ​ប្រទេស​ជា​មិត្ត​។​

​សូមបញ្ជាក់ថា ក្នុង​ពិព័រណ៍​ចិន​អាស៊ី​ខាងត្បួង​លើកទី​៥​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​សម្របសម្រួល​ឱ្យ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​តាំងពិព័រណ៍​បាន​ចំនួន​៣៤​ស្តង់ និង​២០​ក្រុមហ៊ុន​៕

 ពាក្យគន្លឹះ  ក្រសួងពាណិជ្ជកម្ម

ព័ត៌មានផ្សេងទៀត