លោក​យ៉ង សាំង​កុមារ​៖​ត្រៀម​ធ្វើការ​ជាមួយ​បក្ស​ដែល​ទទួលបាន​អាសនៈ​ ​ពេល​គ​.​ប​.​ម​ឈ្នះឆ្នោត​

10-06-2018 3:33 pm 3668
  ស្តាប់
លោកយ៉ង សាំងកុមារ
ស្តាប់ជាសំឡេង

​ក្នុងនាម​ជា​បេក្ខជននាយករដ្ឋមន្ត្រី នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​យ៉ង សាំង​កុមារ​បានបញ្ជាក់​ឡើងវិញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺជា​គណបក្ស​ឯករាជ្យ​ពិតប្រាកដ ជា​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដើម្បី​ទទួលបាន​ឱកាស​ក្នុង​ការដឹកនាំ​ប្រទេស មិនមែនជា​គណបក្ស ដែលជា​អាយ៉ង​របស់​គណបក្ស​ណាមួយ​ឡើយ​។ លោក​លើកឡើង​ទៀតថា នៅពេល​គណបក្ស​លោក​ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាល គណបក្ស​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​គណបក្ស​ទាំងអស់ ដែលមាន​អាសនៈ​ក្នុង​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​សាមគ្គីភាព​……… 

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​យ៉ាងណាក៏ដោយ លោក​លើកឡើងថា ការ​ឈ្នះ​ឬ​ចាញ់  នៅក្នុង​ការបោះឆ្នោត មិនមែន​ស្ថិតនៅលើ​រូបលោក​តែ​ម្នាក់ឯ​នោះទេ តែ​អាស្រ័យ​លើ​បេក្ខជន​បម្រុង​និង​ពេញសិទ្ធិ​ជាង​២០០​នាក់​ផ្សេងទៀត​ផងដែរ​។ លោក​បានចាត់ទុក​សមាជិក សមាជិការ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​ក្រុម​បាត់​ទាល់ មួយ ដែលមាន​រូបលោក​ផ្ទាល់​គឺជា​កាប់​ពី​ទែន ហើយ​លោក​យ៉េង វីរៈ​ជា​ប្រធាន​ក្លឹប​បាល់ទាត់​មួយ​នេះ  ចំណែក​សមាជិក​ផ្សេងទៀត គឺជា​អ្នក​ទា​ត់បាល់​.....

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​ការ​ថ្លែង​របស់លោក​យ៉ង សាំង​កុមារ ធ្វើឡើង​បន្ទាប់ពី​ប្រកាស​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស​បេក្ខជន​នាយ​រដ្ឋមន្ត្រី របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៨​នេះ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​។ 

​លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​បក្ខជន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៣ ត្រូវបាន​អង្គសមាជ​បោះឆ្នោត​គាំទ្រ ឲ្យធ្វើជា​បេក្ខជ​ននាយរដ្ឋមន្ត្រី​តំណាង​គណបក្ស ដោយ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១២៧​សំឡេង ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត​សរុប​ចំនួន​១៤៦​នាក់​។ លោក​បានទទួល​ជ័យជម្នះ លើ​បេក្ខជន​២​រូប​ផ្សេងទៀត គឺ​លោក​សាម អ៊ី​ន​អគ្គលេខាធិការ​គណបក្ស ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ទទួលបាន​១២​សំឡេង និង​លោក​ឃុន សាវឿន សមាជិក​គណៈកម្មាធិកា​រនា​យក ប្រធាន​ប្រតិបត្តិ​ខេត្តសៀមរាប ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ ទទួលបាន​៧​សំឡេង​។  ដើម្បី​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី គណបក្ស​ប្រធាធិបតេយ្យ​មូលដ្ឋាន បានកំណត់​លក្ខខណ្ឌ​ថា គឺ បេក្ខជន​ម្នាក់ ត្រូវការ​សំឡេងគាំទ្រ​លើសពី​៥០​ភាគរយ ឬ ( ៥០%+១ )​។ 

​ដោយឡែក សម្រាប់​លោក​យ៉េង វីរៈ​មិនបាន​ចូលរួម​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី​នោះទេ ពោល​លោក​នៅតែ​ជា​ប្រធាន​គណបក្ស ប្រជា​ធា​ធិបតេយ្យ​មូលដ្ឋាន​ដដែល​។​

​លោក​សុខ ឥសាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​កាន់អំណាច បាន​ចូលរួម​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែលសម្រេច​បោះឆ្នោត​គាំទ្រ​លោក​យ៉ង សាំង​កុមារ​ជា​បេក្ខជននាយករដ្ឋមន្ត្រី​នៃ​គណបក្ស​នេះ​…………

​សំឡេង​លោក​សុខ ឥសាន៖

​សូមបញ្ជាក់ថា លោក​យ៉ង សាំង​កុមារ​ដែល​រៀន​ចប់​បណ្ឌិត ផ្នែក​កសិកម្ម​នៅ​អាល្លឺម៉ង់ បាន​លាលែង​ពី​ប្រធាន មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា (​អង្គការ​សេ​ដាក​) នៅ​ចុងឆ្នាំ​២០១៥​។ ក្រោយមក​មិនយូរប៉ុន្មាន លោក​បាន​ងាក​មក​ចូលប្រឡូក​ក្នុង​សកម្មភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៦ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។ 

​នៅក្នុង​ការបោះឆ្នោត​នេះដែរ មាន​គណបក្ស​ចំនួន​២០​ចូលរួម​។ ក្នុងចំណោម​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត មិន​រាប់បញ្ចូល​គណបក្ស​ប្រជាជន​កម្ពុជា អ្នកវិភាគ​លោក​ហង្ស ពិ​ទូ​បាន​សម្លឹង​ឃើញ​សន្ទុះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលមាន​គោលនយោបាយ និង​ធនធាន​ល្អ អាច​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​។ ចំណែក​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​លោក​គិន ភា បាន​ប្រមើលមើល​មុន​ថា ក្រៅតែពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាចនឹងទទួល​បាន​ការគាំទ្រ​ច្រើនជាងគេ គឺ​អាចមាន​គណបក្ស​តែ​២​ប៉ុណ្ណោះ ដែល​សង្ឃឹមថា នឹង​ទទួលបាន​អាសនៈ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៦​នេះ នោះ​គឺ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ​តែក្នុងចំណោមគណបក្សថ្មី២នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានសក្កដានុពលជាង៕


ព័ត៌មានផ្សេងទៀត