ឥណ្ឌា​គ្រោង​ផ្តល់​កម្ចី​២០​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​ខ្សែ​បញ្ជូន​អគ្គិសនី​២​ខេត្ត​

08-06-2018 5:22 pm 659
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ឥណ្ឌា​គ្រោង​នឹង​ផ្ដល់​ប្រាក់កម្ចី​ចំនួន​២០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​នៅក្នុង​ខេត្ត​ចំនួន​ពីរ រួមមាន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង​។ លោក​បានលើកឡើង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​។

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា នាពេល​ខាងមុខនេះ រដ្ឋាភិបាល​ឥណ្ឌា នឹង​ផ្តល់​ប្រាក់កម្ចី​ចំនួន​២០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់ ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ​បន្ដថា ប្រទេស​កម្ពុជា និង​ឥណ្ឌា មាន​ទំនាក់ទំនង ខាង​វប្បធម៌​ជា​យូរលង់ ណាស់​មកហើយ​។ ចំណង​ការទូត មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំងពីរ ក៏​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ ក៏មាន​វឌ្ឍនភាព គួរឲ្យកត់សម្គាល់ ។​

​ដោយឡែក លោកស្រី​ឯកអគ្គរដ្ឋទូត Manika Jain បាន​លើកឡើងថា ក្នុងនាម​រដ្ឋាភិបាល​ឥណ្ឌា​បាន បង្ហាញ​នូវ​ជំហរ​បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ទៅតាម​តម្រូវការ និង​ជាពិសេស​លើ​វិស័យ​ណា ដែល​ប្រទេស​ឥណ្ឌា​មាន សក្តានុពល​ខ្ពស់​ដូចជា វិស័យ​កសិកម្ម​, អប់រំ​, សុខាភិបាល និង​ព័ត៌មានវិទ្យា​ជាដើម ។ លោកស្រី​បន្ថែមថា បច្ចុប្បន្ននេះ អ្នកវិនិយោគ​ឥណ្ឌា ជាច្រើន​កំពុងមាន​ចំណាប់អារម្មណ៍ និង​ស្វែងរក​កាលានុវត្តភាព​ក្នុង​ការដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

​គិត​ចាប់ពី​ឆ្នាំ​២០០២ មកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​ឥណ្ឌា បានផ្តល់​ប្រាក់កម្ចី​ចំនួន​១១២​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា​រួមមាន​៖ គម្រោង​ផ្គត់ផ្គង់​ម៉ាស៊ីនបូមទឹក​, គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​តា​សាល​, គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី​ខេត្តក្រចេះ​ដល់​ខេត្ត​ស្ទឹងត្រែង​, និង​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់ ។ កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​ឥណ្ឌា ក៏​ធ្លាប់បាន​ផ្តល់​កម្ចីសម្បទាន ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការសាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​ពី ខេត្តក្រចេះ​ទៅ ខេត្ត​ស្ទឹងត្រែង ក្នុង​រង្វង់​ទឹកប្រាក់ ចំនួន​៣០​លាន​ដុល្លារ អាមេរិក​ផងដែរ ៕

ព័ត៌មានផ្សេងទៀត