លោក​ប៉ាន សូរ​ស័ក្តិ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គាំទ្រ​ផលិតផល​ខ្មែរនិង​បន្ថយ​ទិញ​ទំនិញ​បរទេស​

08-06-2018 4:53 pm 1519
  ស្តាប់
លោក​ប៉ាន សូរ​ស័ក្តិអំឡុងចូលរួមព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរនៅក្រុង​សិរីសោភ័ណ
ស្តាប់ជាសំឡេង

​ថ្លែង​ពី​ក្រុង​សេរី​សោភ័ណ នៃ​ខេត្តបន្ទាយមានជ័យ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចូលរួម​គាំទ្រ​ផលិតផល​ក្នុងស្រុក​ឲ្យបាន​កាន់តែច្រើន​បន្ថែមទៀត ហើយ​ត្រូវ​កាត់បន្ថយ​ការប្រើប្រាស់ ផលិតផល​នាំចូល​ពី​បរទេស​។ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​រូបនេះ បាន​លើកឡើងថា ការចូលរួម​គាំទ្រ​ផលិតផល​ខ្មែរ ដើម្បី​ទ្រទ្រង់​និរន្តរភាព របស់​ផលិតកម្ម​ក្នុងស្រុក និង​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​កាន់តែច្រើន​ជូន​ប្រជាជន និង​ប្រទេសជាតិ​។ 

​ទន្ទឹមគ្នានេះ ផលិតករ​និង​សហគ្រិន​ក្នុងស្រុក ត្រូវខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព ផលិតផល​របស់ខ្លួន ស្របតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ ទាំង​ការ​វេច​ខ្ចប់ ការដាក់​ម៉ាក និង​ការធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ ជាដើម ដើម្បី​ប្រជែង​ឈ្នះ  ផលិតផល​នាំចូល​ពី​ក្រៅប្រទេស ដែល​កំពុង​វាយលុក​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។ ការ​ពង្រឹងគុណភាព ព្រមទាំង​ការកំណត់​តម្លៃ​ផលិតផល​ឲ្យបាន​សមរម្យ ជា​ផ្នែក​មួយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវទេសចរ​បរទេស ឲ្យ​ងា​កមកចាប់អារម្មណ៍​ផលិតផល​ក្នុងស្រុក​ខ្មែរ​ផងដែរ​។ 

​លោក​ប៉ាន សូរ ស័ក្តិ​បាន​គូសបញ្ជាក់ថា « ផលិតករ​និង​សហគ្រិន​ទាំងអស់ ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន​ឲ្យមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ ទើប​អាច​ប្រកួតប្រជែង ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស »​។ « ខ្ញុំ​មានជំនឿថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​នាំគ្នា​គាំទ្រ​ផលិតផល​ក្នុងស្រុក​ច្រើនឡើងៗ បើសិនជា​ផលិតករ និង​សហគ្រិន​យើង​អាច​ធ្វើបាន ព្រោះនេះ​គឺជា​កត្តា​សត្យានុម័ត នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី ដែល​យើងទាំងអស់គ្នា​ត្រូវតែទទួលស្គាល់ » ។​

​សូមបញ្ជាក់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​យ៉ាង​ដូច្នេះ ធ្វើឡើង​នាឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនាកា​រទិញ​ផលិតផល​ខ្មែរ ក្រុង​សិរី សោភ័ណ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​។ ការរៀបចំ​ព្រឹត្តិការណ៍​នេះ ឡើង ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​។​

​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ជាច្រើន​ដង​រួចមកហើយ ដោយ​នៅក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ ក្រសួង​បាន​ទទួលជោគជ័យ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ចំនួន​ពីរ​រដូវ​កាល​រួចមកហើយ​។ នៅក្នុង​រដូវ​កាល​ទី​១ បានរៀបចំ​ធ្វើ នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ហើយ​រដូវ​កាល​ទី​២ នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន ៥ រួមមាន ខេត្ត​ស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​កែប​។ សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៨​នេះ​វិញ ក្រសួង​ពាណិជ្ជកម្ម បានជ្រើសរើស​យក​រាជ​ធានី​-​ខេត្ត​ចំនួន ៦ មានដូចជា ខេត្ត​បន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ធ្វើជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​៕

 ពាក្យគន្លឹះ  លោកប៉ានសូរស័ក្តិ

ព័ត៌មានផ្សេងទៀត