ប្រធានាធិបតី​​កូរ៉េខាងត្បូង​​នឹងធ្វើ​ទស្សនកិច្ច​​ទៅ​រុស្ស៊ី​​ជួប​លោកពូ​ទីន​

08-06-2018 3:12 pm 751
  ស្តាប់
ប្រធានាធិបតីកូរ៉េខាងត្បូង(ឆ្វេង)​និងប្រធានាធិបតីរុស្ស៊ី
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៨​មិថុនា​នេះ​ឲ្យដឹងថា លោក​ប្រធានាធិបតីមូន ជែ​អ៊ីន​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ពី​ថ្ងៃទី​២៣​ដល់​២៥​មិថុនា​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​។ វា​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅកាន់​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៩៩​។​

​មេដឹកនាំ​ទាំងពីរ​គេ​រំពឹងថា​នឹង​ពិភាក្សា​ពី​ការរំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ វិមាន​ខៀវ​របស់​កូរ៉េខាងត្បូង​បានបញ្ជាក់​បន្ថែមថា កូរ៉េខាងត្បូង​សង្ឃឹម​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ពូ​ទីន នឹង​ក្លាយជា​ឱកាស​មួយ​ពង្រឹង​យុទ្ធសាស្ដ្រ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្ដិកា​ររ​វាង​ប្រទេស​ទាំងពីរ ខណៈ​បញ្ហា​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​បាន​ល្អប្រសើរ​ជាង​មុន​។​

​កូរ៉េខាងត្បូង​បច្ចុប្បន្ន កំពុង​មមាញឹក​ជាមួយ​កិច្ចការ​ជាច្រើន ក្នុងនោះ​មានការ​អនុវត្ដ​តាម​ផែនការ​ដែល​បាន​ព្រមព្រៀង​ជាមួយ​កូរ៉េខាងជើង បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោក​មូន ជែ​អ៊ីន​ជាមួយ​លោក​គីម ជុង​អ៊ុន​កាលពី​ថ្ងៃទី​២៧​មេសា ដើម្បី​បោះជំហាន​ឆ្ពោះទៅរក​សន្ដិភាព​ពេញលេញ​សម្រាប់​ឧបទ្វីប​កូរ៉េ​។ ម្យ៉ាង​កូរ៉េខាង​ត្បូង​កំពុង​ជួយ​ជ្រោមជ្រែង​ឲ្យ​កិច្ចប្រជុំ​កូរ៉េខាងជើង​និង​អាមេរិក លេច​រូបរាង​ជា​ផ្លូវការ​និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​។ 

​កូរ៉េខាងត្បូង​ចាត់ទុក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១២​មិថុនា​នៅ​សិង្ហ​បុរី​នេះ ជា​រឿង​សំខាន់បំផុត​ដែល​អាច​ពន្លឿន​ដំណើរកា​ររំលាយចោល​នុយក្លេអ៊ែរ​កូរ៉េខាងជើង បញ្ឈប់​ការគំរាមកំហែង​គ្នា​តទៅទៀត​។ កូរ៉េខាងត្បូង​បាន​ដើរតួរ​ជា​អ្នកនាំពាក្យ​ផង​និង​ជា​អ្នក​ជួយ​ជំរុញ​ផង រហូត​កិច្ចប្រជុំ​ធ្វើឡើង​តាម​ការគ្រោងទុក ទោះបី​មាន​ភាព​ប្រទាំង​ប្រទើស​កើតឡើង​កន្លងមក​៕

ព័ត៌មានផ្សេងទៀត