ថ្មីៗនេះបារាំងនិងអង់គ្លេសបានប្រកាសថានឹងបញ្ជូននាវាចម្បាំងចូលសមុទ្រចិនខាងត្បូង។ ការប្រកាសដូច្នេះធ្វើឡើងបន្ទាប់ពីអាមេរិកទើបបញ្ជូននាវាចម្បាំងពីរគ្រឿងចូលសមុទ្រចិនខាងត្បូង ធ្វើឲ្យចិនប្រតិកម្មយ៉ាងខ្លាំង។ បារាំងនិងអង់គ្លេសថាដ្បិតប្រទេសទាំងពីរមិនមែនជាអ្នកទាមទារយកដែនសមុទ្រចិនខាងត្បូង ប៉ុន្ដែវាជាការរួមចំណែកមួយជាមួយប្រទេសសម្ព័ន្ធមិត្ដ។ ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយ បារាំង អង់គ្លេស និងអាមេរិក បានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំង។ ជាក់ស្ដែងប្រទេសទាំងបីបានរួមដៃគ្នាវាយប្រហារលើប្រទេសស៊ីរីកាលពីមេសា។ ដូច្នេះការឈានជើងចូលសមុទ្រចិនខាងត្បូង ជាយុទ្ធសាស្ដ្រថ្មីរបស់ប្រទេសទាំងបីឬយ៉ាងណា?
ជាបន្ដសូមស្ដាប់ព័ត៌មានបន្ថែមនៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
សមុទ្រចិនខាងត្បូង ជាដែនកំពុងមានជម្លោះរ៉ាំរ៉ៃរវាងប្រទេសចិន ជាមួយបណ្ដាប្រទេសមួយចំនួនដូចជាហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់។ ចិនប្រកាសស្ទើរតែទាំងស្រុងនៃដែនសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិរបស់គេ ប៉ុន្ដែត្រូវប្រទេសពាក់ព័ន្ធចេញមកអះអាងថាចិនរំលោភលើដែនអធិបតេយ្យរបស់ខ្លួន។ ការដោះស្រាយនៅតែមិនទាន់ដាច់ស្រេច ព្រោះភាគីនីមួយៗប្រកាន់ជំហរយកត្រូវរៀងខ្លួន។
ជម្លោះនៅសមុទ្រចិនខាងត្បូងត្រូវបានអាមេរិកលូកដៃ ក្នុងនាមជាអ្នកជួយសម្របសម្រួលនិងដើម្បីរក្សាសិទ្ធិសេរីភាពក្នុងដែនដែលមានសក្ដានុពលដល់វិស័យសេដ្ឋកិច្ច និងសំបូរដោយធនធានធម្មជាតិជាច្រើនប្រភេទ។ អាមេរិកបានបញ្ជូនទាំងនាវាចម្បាំងនិងយន្ដហោះចម្បាំង ចូលក្នុងដែនសមុទ្រចិនខាងត្បូងជាញឹកញាប់។ អាមេរិកអះអាងថាការបញ្ជូននាវាចូលសមុទ្រចិនខាងត្បូង អនុលោមតាមច្បាប់អន្ដរជាតិ មិនរំលោភបំពានលើដែនអធិបតេយ្យរបស់ចិនឡើយ។ អាមេរិកគ្រាន់ចង់ធានាពីសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរ ការរុករក និងការហោះហើរសម្រាប់គ្រប់ប្រទេសក្នុងពិភពលោក អាចចូលទៅសមុទ្រចិនខាងត្បូងបាន។
ប៉ុន្ដែចិនក្នុងនាមជាប្រទេសចង់ក្ដោបយកសមុទ្រចិនខាងត្បូងទាំងមូល សម្អាងលើទឡ្ហរីករណ៍ពីប្រវត្ដិសាស្ដ្រ មិនពេញចិត្ដសកម្មភាពរបស់អាមេរិកទេ។ ចិនធ្លាប់និយាយដដែលៗថា អាមេរិកមិនមែនជាប្រទេសមានវិវាទ ដូច្នេះអាមេរិកគ្មានសិទ្ធិលូកដៃក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងឡើយ។ ចិនថាប្រទេសពាក់ព័ន្ធអាចដោះស្រាយដោយខ្លួនឯងបាន មិនត្រូវការពឹងពាក់នរណាទាំងអស់។ អាមេរិកបញ្ជូននាវាចម្បាំងចូលសមុទ្រចិនខាងត្បូង ពិតជារំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិនិងច្បាប់របស់ចិន។ តែអាមេរិកឆ្លើយតបថាគេមិនខុស ហើយក៏មិនបញ្ឈប់អ្វីដែលកំពុងធ្វើដែរ។
បើតាមអ្នកជំនាញមួយចំនួនយល់ឃើញថា អាមេរិកចូលជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង ពិតជាមានមូលហេតុនៅពីក្រោយ។ មូលហេតុទាំងនោះយើងអាចពិចារណាទាំងអស់គ្នាបាន។ ទីមួយក្នុងនាមជាប្រទេសមហាអំណាច អាមេរិកចាំបាច់ត្រូវតែចេញមុខគ្រប់រឿងមិនថានៅក្នុងតំបន់ណាក៏ដោយ ប្រៀបដូចជាឪពុកម្ដាយចេញមុខដោះស្រាយជម្លោះរបស់កូន។ ជាប្រទេសបងធំក្នុងលោក បើអាមេរិកមិនអើពើទេនឹងមានការរិះគន់ ម្យ៉ាងប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូង ក៏មានសម្ព័ន្ធមិត្ដអាមេរិកដែរអាចចាត់ទុកជាកូនអាមេរិក ដូចជាហ្វីលីពីន វៀតណាម តៃវ៉ាន់ជាដើម។
គិតលើផ្លូវមួយទៀត អាមេរិកនិងចិនកំពុងប្រជែងគ្នាយកលេខមួយលើឆាកអន្ដរជាតិ មិនថាគោលនយោបាយការបរទេស ផ្នែកយោធា ពិសេសគឺផ្នែកសេដ្ឋកិច្ច។ ដូច្នេះដើម្បីឲ្យចិនរវល់កាន់តែខ្លាំង អាមេរិកមានតែប្រថុយឈានជើងចូលសមុទ្រចិនខាងត្បូង បង្កភាពស្មុគស្មាញសម្រាប់ចិន និងឆ្លៀតឱកាសបន្ថែមបញ្ហាមួយទៀតដល់ចិន។ អាមេរិកមើលឃើញថាបើឲ្យប្រទេសពាក់ព័ន្ធដោះស្រាយដោយផ្ទាល់ជាមួយចិន ច្បាស់ណាស់មិនអាចតទល់នឹងចិនបានឡើយ ព្រោះចិនជាមហាអំណាចនៅអាស៊ីទៅហើយ ប៉ុន្ដែបើអាមេរិកជួយគាំទ្រអាចសង្ឃឹមប្រឈមជាមួយចិនបាន។ អាមេរិកក៏ចំណេញប្រជាប្រិយភាពជាមួយប្រទេសមានវិវាទបានទៀតក្នុងករណីនេះ។
ចាកចេញពីរឿងរ៉ាវរវាងអាមេរិក-ចិន យើងមកចាប់អារម្មណ៍ពីបារាំងនិងអង់គ្លេសវិញម្ដង។ ប្រទេសទាំងពីរក៏ជាប្រទេសមិនពាក់ព័ន្ធក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងដែរ តែបើតាមការបញ្ជាក់ពីរដ្ឋមន្ដ្រីក្រសួងការពារជាតិរបស់គេក្នុងកិច្ចប្រជុំនៅសិង្ហបុរីកាលពីថ្ងៃទី៣មិថុនាថា កងទ័ពជើងទឹកបារាំងនិងអង់គ្លេសមានទាំងឧទ្ធម្ភាគចក្រ នាវាចម្បាំង នឹងធ្វើទស្សនកិច្ចទៅប្រទេសសិង្ហបុរីសប្ដាហ៍ក្រោយ។ ស្របពេលជាមួយគ្នា នាវាចម្បាំងប្រទេសទាំងពីរនឹងធ្វើដំណើរឆ្លងកាត់ដែនសមុទ្រចិនខាងត្បូងផងដែរ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិបារាំងបាននិយាយថា ទោះបីបារាំងមិនមែនជាអ្នកទាមទារដែនសកម្មសិទ្ធិក្នុងសមុទ្រចិនខាងត្បូងក្ដី ប៉ុន្ដែវាជាការរួមចំណែកជាមួយប្រទេសសម្ព័ន្ធមិត្ដ ស្របតាមច្បាប់អន្ដរជាតិ។រីឯរដ្ឋមន្ដ្រីការពារជាតិអង់គ្លេសបានថ្លែងក្នុងកិច្ចប្រជុំថា នាវាចម្បាំងបីគ្រឿងអាចនឹងត្រូវបញ្ជូនទៅសមុទ្រចិនខាងត្បូង។ ការប្រកាសរបស់បារាំងនិងអង់គ្លេស ធ្វើឡើងបន្ទាប់ពីអាមេរិកទើបបានបញ្ជូននាវាចម្បាំងពីរគ្រឿងចូលសមុទ្រចិនខាងត្បូងបញ្ឆេះកំហឹងចិនជាថ្មី។
ជាការកត់សម្គាល់ បារាំង អង់គ្លេស និងអាមេរិក ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នាខ្លាំងមួយរយៈពេលចុងក្រោយនេះ។ កាលពីខែមេសាអាមេរិក បារាំង និងអង់គ្លេសក៏បានរួមគ្នាវាយប្រហារដោយមីស៊ីលលើប្រទេសស៊ីរីផងដែរ ជុំវិញការចោទប្រកាន់ថាស៊ីរីប្រើអាវុធគីមីសម្លាប់មនុស្ស។ ការវាយប្រហាររបស់ប្រទេសទាំងបីធ្វើឡើងដោយពុំទាន់មានភស្ដុតាងច្បាស់លាស់ ខណៈស៊ីរីប្រកែកថាមិនបានប្រើអាវុធគីមី។
អ្នកជំនាញមើលឃើញថា ការសហការរបស់ប្រទេសទាំងបីវាយប្រហារនៅស៊ីរី ដើម្បីបង្វែរការចាប់អារម្មណ៍វិបត្ដិកំពុងកើតឡើងនៅក្នុងប្រទេសរៀងៗខ្លួន។ ជាក់ស្ដែងនៅអាមេរិកកំពុងមានភាពចម្រូងចម្រាសកើតឡើងមួយចំនួន ពាក់ព័ន្ធនឹងរដ្ឋបាលថ្មីស្ថិតក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ។ ឧទាហរណ៍មានការចោទប្រកាន់ថារុស្ស៊ីចូលមកជ្រៀតជ្រែកការបោះឆ្នោតកាលពីឆ្នាំ២០១៦ ជួយឲ្យលោកត្រាំឈ្នះឆ្នោតជាដើម។ ដោយឡែកនៅបារាំងពាក់ព័ន្ធនឹងការកែប្រែគោលនយោបាយមួយចំនួនក្នុងវិស័យការងារ ដែលធ្វើឲ្យកម្មករនាំគ្នាតវ៉ា។
រីឯនៅអង់គ្លេសវិញ អង់គ្លេសបានផុងខ្លួនក្នុងករណីចោទប្រកាន់ថារុស្ស៊ីជាអ្នកប្រើអាវុធគីមីបំពុលអតីតមន្ដ្រីចារកិច្ចរុស្ស៊ីនិងកូនស្រីនៅក្នុងប្រទេសអង់គ្លេស ដែលករណីនេះបានរីករាលដាលកាន់តែខ្លាំង ធ្វើឲ្យទំនាក់ទំនងការទូតអង់គ្លេស-រុស្ស៊ីត្រូវប្រេះឆា រួមទាំងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀតដែលកាន់ជើងអង់គ្លេសចោទរុស្ស៊ី ហើយបានបណ្ដេញមន្ដ្រីទូតរុស្ស៊ីចេញពីប្រទេស។ វិបត្ដិកើតឡើងនៅក្នុងប្រទេសរៀងៗខ្លួន ជាហេតុនាំឲ្យមហាអំណាចទាំងបីបង្កើតហេតុការណ៍ថ្មីមួយទៀត ទាក់ទាញឲ្យមានការចាប់អារម្មណ៍លើរឿងថ្មីបំភ្លេចរឿងចាស់។
ដូច្នេះ ការប្រកាសបញ្ជូននាវាចម្បាំងចូលសមុទ្រចិនខាងត្បូងរបស់បារាំងនិងអង់គ្លេស ជាយុទ្ធសាស្ដ្រថ្មីទៀតឬយ៉ាងណា?