លោក ​​ហ៊ុន សែន​៖​​មាន​យន្តការ​​បី​ដែល​​រដ្ឋាភិបាល​​«​កំណែទម្រង់​»​​មិនបាន​​

05-06-2018 3:39 pm 2184
  ស្តាប់
​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ និង វិញ្ញាបនបត្រជូនសិស្សមន្ត្រី និង កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​កាលពីដើម​អាណត្តិ​ទី​៥ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ លើ​កិច្ចការងារ​ទូទៅ​របស់​រដ្ឋាភិបាល​។ ជិត​បញ្ចប់​អាណត្តិ​ទី​៥​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​កំណែទម្រង់​បី​ដែល​រដ្ឋាភិបាល ធ្វើកំណែទម្រង់​មិនបាន គឺ​កំណែទម្រង់ មុខងារ​សារ​ធា​រណៈ តុលាការ និង យោធា​។ កំណែទម្រង់​មិនបាន ដោយ​លោក​អះអាងថា ដោយសារ​លោក​ជឿ​លើ​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​ពេក និង ជឿជាក់​មន្ត្រី​ថ្នាក់ក្រោម​ខ្លាំងពេក​។

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង វិញ្ញាបនបត្រ​ជូន​សិស្ស​មន្ត្រី និង កម្មសិក្សាការី នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​ថ្ងៃ​អង្គារ៍​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ពី​ភាពឈឺចាប់ ចំពោះ​កំណែទម្រង់រដ្ឋបាល​សាធារណៈ​។ លោក​ថា កំណែទម្រង់រដ្ឋបាល​សាធារណៈ ពិតជា​ធ្វើឱ្យ​លោក​ឈឺចាប់ មិនតិច​ទេ ហើយ​ពេល​លោក​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ​ដោយផ្ទាល់ ទោះបី​វា​មិនទាន់ ជោគជ័យ​ពេញលេញ ក៏​អាច​ចាត់ទុកថា បាន​ជោគជ័យ​មួយកម្រិត​ដែរ​។

​បើតាម​លោក​នាយករដ្ឋមន្ត្រី មាន​កំណែទម្រង់​បី ដែល​រដ្ឋាភិបាល​ធ្វើកំណែទម្រង់​មិនបាន គឺ​កំណែទម្រង់​មុខងារ​សារ​ធា​រណៈ តុលាការ និង យោធា​។ មិនបាន ដោយ​លោក​អះអាងថា ដោយសារ លោក​ជឿ​លើ​អ្នកមាន​សញ្ញាប័ត្រ​ខ្ពស់​ពេក និង ជឿជាក់​មន្ត្រី​ថ្នាក់ក្រោម​ខ្លាំងពេក​។ លោក​បន្ថែមថា អ្នក​ដែលមាន​សញ្ញា​ប័ត​ធំៗ ដែល​មិន​ព្រមធ្វើ​សកម្មភាព និង មិន​យល់​ការ​ច្បាស់លាស់​មិន​ប្រាកដ​អ្នកនោះ​អាច​ធ្វើកើត​នោះទេ​។​

​ដួច្នេះ​សម្រាប់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន វិធី​ល្អ​ជាងគេ គឺ​ការរំលាយ គណៈកម្មាធិការ​កំណែទម្រង់​រដ្ឋ ទៅឱ្យ​ក្រសួង​មុខងារសាធារណៈ ផ្ទេរ​កំណែទម្រង់​តុលាការ ទៅឱ្យ​ក្រសួងយុត្តិធម៌​ធ្វើ និង ផ្ទេរ​កំណែទម្រង់​យោធា ទៅឱ្យ​ក្រសួង​ការពារជាតិ និង ក្រសួងមហាផ្ទៃ​។

​គួររម្លឹកថា រាជរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើម​អណត្តិ​ទី​៥ បានប្រកាស​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​បន្ថែម លើ​កិច្ចការងារ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​របស់លោក តាម​អភិក្រម «​មុជទឹក ឆ្លុះ​កញ្ចក់ ដុះ​ក្អែល និង ព្យាបាល​» ហើយ​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី បាន​បន្ថែម​នៅ​ពាក្យ «​វះកាត់​» ដោយ​ព្រមាន​ដកតំណែង​លើ​មន្ត្រី​ណា​មិន​ព្រម​ខំប្រឹង​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​។​

​តែ​យ៉ាងណាក៏ដោយ ចំពោះ​យន្តការ​បី ដែល​កំណែទម្រង់​មិនកើត លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិនបាន​ស្តីបន្ទោស ទៅលើ​រដ្ឋមន្ត្រី ឬ​មន្ត្រី​ថ្នាក់ក្រោម​ណា​នោះទេ គឺ​បន្ទោស​ទៅលើ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​តែម្តង ដោយ​លោក​ថា នៅមាន​ភាព​ស្មុក​ស្មា​យ​ច្រើន និង តម្រូវឱ្យ​នាយករដ្ឋមន្ត្រី ត្រូវ​រែកពន់​ការលំបាក​ធ្វើកំណែទម្រង់​បន្ត​៕

 

 ពាក្យគន្លឹះ  កំណែទម្រង់រដ្ឋ

ព័ត៌មានផ្សេងទៀត