ក្រសួង​ធនធាន​ទឺកប្រាប់​កសិករ​កុំព្រួយបារម្ភ​ចំពោះ​កូន​រដូវប្រាំង​ក្នុង​ឆ្នាំនេះ​

03-06-2018 12:09 pm 2049
  ស្តាប់
ស្តាប់ជាសំឡេង

​តាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​រដូវវស្សា​ឆ្នាំ​នេះ នឹង​មាន​កូន​រដូវប្រាំង​កើតឡើង ប៉ុន្តែ​ក្រសួង​ក៏​បាន​ប្រកាសប្រាប់​ដល់​ប្រជាកសិករ​ដែរ​ថា សូម​កុំ​មាន​ការព្រួយបារម្ភ​ចំពោះ​កូន​រដូវប្រាំង​ដែល​កើតឡើង​នេះ ព្រោះ​ក្រសួង​បាន​ត្រៀម​សម្ភារៈ ដើម្បី​ជួយ​អន្តរាគមន៍​រួចរាល់​អស់ហើយ​។​

​បើ​តាម​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​អះអាង​ប្រាប់​ដល់​សារព័ត៌មាន​កម្ពុជា​ថា ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ ក្រសួង​បាន​ត្រៀម​ក្រុម​ជំនាញ សម្ភារៈ និង​មធ្យោបាយ​មួយចំនួន សម្រាប់​ជួយ​អន្តរាគមន៍ ដូចជា ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត ៦៥​សេស និង​គ្រឿងចក្រ​ធុន​ធ្ងន់ ដើម្ប​កាយប្រឡាយ ប្រសិនបើ​ដីស្រែ​របស់​ប្រជា​កសិករ​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

​លោក​ចាន់ យុ​ត្ថា បន្តថា ទោះបីជា​រដូវវស្សា​ឆ្នាំ​នេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ក៏ដោយ ប៉ុន្តែ កូន​រដូវប្រាំង វា​នឹង​កើតឡើង ចាប់ពី​ចុងខែ​កក្កដា ឬ​ដើម​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​រង្វង់​ជាង​១០​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​កសិករ​បាន​។​លោក​បន្ថែមថា តំបន់​ដែល​ងាយ​ប្រឈម​ចំពោះ​កូន​រដូវប្រាំង​នេះ​មាន​ដូចជា តំបន់​ក្រោយ​ជួរ​ភ្នំក្រវាញ មាន​ខេត្ត​តាកែវ កំពត កំពង់ស្ពឺ និង​មួយ​ផ្នែក​នៅ​ខេត្ត​កណ្តាល រួម​ទាំង​តំបន់​មួយចំនួនទៀត ដែល​មាន​ដីស្រែ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក គ្មាន​ភ្លឺស្រែ មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​។​

​សូម​បញ្ជាក់​ដែរ​ថា ក្នុង​រដូវវស្សា​ឆ្នាំ​២០១៨​នេះ ការងារ​បង្កបង្កើនផល​ស្រូវ គ្រោង​អនុវត្ត​លើ​ផ្ទៃដី​ជិត​២.៥​លាន​ហិកតា គឺ​មាន​ការកើនឡើង​ជា​ង​៦០,០០០​ហិកតា បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​៕

ព័ត៌មានផ្សេងទៀត