រដ្ឋប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៨

01-06-2018 4:41 pm 2055
  ស្តាប់
ស្តាប់ជាសំឡេង

អគ្គនាយកដ្ឋានពន្ធដារចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សេចក្តីប្រកាសនេះ ធ្វើឡើងតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ។

សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០១៨ ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ, ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ធនាគារវឌ្ឍនៈ, ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយត្រូវបំពេញលិខិតប្រកាសបង់ពន្ធចំនួន ០២សន្លឹក ចំពោះយានយន្តដែលបង់លើកដំបូង និងយានយន្តដែលពុំទាន់ទទួលបានបណ្ណសម្គាល់ការបង់ពន្ធ មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ។

យ៉ាងណាក៏ដោយ ពន្ធនេះ ត្រូវបានលើកលែងចំពោះ រថយន្តគិលានសង្រ្គោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ ។ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពក្រសួងការពារជាតិ ដូចមានចែងក្នុងមាត្រា១១ និងមាត្រា១២ នៃអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ និងយានយន្តដែលពាក់ផ្លាកលេខ ខ.ម ឬ ន.ប ជាផ្លូវការ ដែលមានការទទួលស្គាល់ និងបញ្ជាក់ពីក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះ ក៏ត្រូវបានលើកលែងចំពោះ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ។

ក្រសួង ស្ថាប័ន ឬអង្គភាព ដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្ត ដូចមានចែងនៅក្នុងចំណុចលើកលែងខាងលើ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ ឬពន្ធជាបន្ទុករបស់រដ្ឋ ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំ ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក នឹងត្រូវបង់ប្រាក់ពន្ធ បូកជាមួយនឹងប្រាក់ពិន័យ១០០% នៃប្រាក់ពន្ធដែលត្រូវបង់ ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត