អ្នកស្រីប៊ូរចនាប្រតិកម្មបក្សខ្មែរតែមួយដែលយកឈ្មោះលោកកែមឡីមកឃោសនា

01-06-2018 3:33 pm 4386
  ស្តាប់
ស្តាប់ជាសំឡេង

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកកែម ឡី បានប្រតិកម្មទៅនឹងការអំពាវនាវ ឃោសនាបោះឆ្នោតរបស់គណបក្សខ្មែរតែមួយ ដែលលោកគុជ លី បានធ្វើឡើង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភា ។ ក្នុងអត្ថន័យដើម លោកគុជ លី បានសរសេរ ដោយភ្ជាប់ជាមួយនឹងរូបភាពសពលោក កែម ឡី និងនិមិត្តសញ្ញាបក្សខ្មែរតែមួយថា «យើងត្រូវបន្តដំណើរ ដើម្បីស្វែងរកយុត្តិធម៌ជូនសពបណ្ឌិត កែម ឡី» ។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី០១ ខែមិថុនា អ្នកស្រី ប៊ូ រចនា បានបដិសេធចំពោះការអំពាវនាវនេះ និងបានស្នើឱ្យលោក គុជ លី ឈប់យកឈ្មោះស្វាមីខ្លួន ទៅឡូកឡំជាមួយគណបក្សខ្មែរតែមួយ ដោយមិនបានសុំការអនុញ្ញាត ។ អ្នកស្រីប៊ូ រចនា សង្កត់ធ្ងន់ថា បើសិនជាចង់បានសន្លឹកឆ្នោត ត្រូវខំប្រឹងបញ្ចេញសមត្ថភាពដែលខ្លួនមាន តែកុំទាញយកស្វាមីអ្នកស្រីទៅចូលរួមធ្វើអំពើក្បត់នឹងឧត្តមគតិ ។

យ៉ាងណាម៉ិញ លោក គុជ លី អ្នកនាំពាក្យគណបក្សខ្មែរតែមួយ បានអះអាងប្រាប់វិទ្យុវាយោថា គណបក្សលោកអាចយកឈ្មោះសពលោកកែម ឡី មកប្រើប្រាស់បាន ក៏ព្រោះគណបក្សនេះ គឺជាគណបក្សដែលបង្កើតឡើងដោយគ្រួសារសពលោកកែម ឡី គឺលោក កែម រិទ្ធិសិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត ជាមួយនឹងលោកផ្ទាល់ ជាសហស្ថាបនិក ។ 

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា អ្វីដែលគណបក្សខ្មែរតែមួយហ៊ានប្រើប្រាស់ ព្រោះសំអាងទៅលើមានការយល់ព្រមពីគ្រួសារសព ។ បើសិនជាគ្រួសារសពបដិសេធឈប់ឱ្យប្រើប្រាស់ នោះគណបក្សនឹងឈប់ តែមិនមែនឈប់ដោយសារមានការរិះគន់ពីអ្នកស្រីប៊ូ រចនាទេ…
សំឡេងលោក គុជ លី៖

ទោះយ៉ាងណាក៏ដោយលោក គុជ លី អ្នកនាំពាក្យគណបក្សខ្មែរតែមួយបញ្ជាក់ថា សារដែលគណបក្សប្រើប្រាស់អមជាមួយនឹងសពលោក កែម ឡី គឺធ្វើឡើងក្នុងគោលដៅស្វែងរកយុត្តិធម៌ជូនសពលោកកែម ឡី ប៉ុណ្ណោះ តែអ្នកស្រី ប៊ូ រចនា បានអះអាងក្នុងសំណេរលើទំព័រហ្វេសប៊ុកខ្លួនថា ទោះបីជាលោក គុជ លី ខំយ៉ាងណា ក៏មិនអាចរកយុត្តិធម៌ជូនសពលោក កែម ឡី បានដែរ ហើយលោក គុជ លី ក៏បានដឹងច្បាស់ ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត