UNAIDS កោតសរសើរ​កម្ពុជា​ពី​ភាពជោគជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេដស៍​

31-05-2018 4:45 pm 782
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ធ្វើការ​វាយតម្លៃ​ខ្ពស់ អំពី​វឌ្ឍនភាព​និង ជោគជ័យ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ដោយ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​៧​លើ​ពិភពលោក​ដែល​សម្រេច​នូវ​គោលដៅ​តាម​ផែនការ​កំណត់ នេះ​បើ​តាម​សម្តី​របស់​លោក អេ​មុន មើ​ហ្វី ប្រធាន គ្រប់គ្រង​កម្មវិធី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ ប្រចាំ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក ថ្លែង​ក្នុង​ជំនួប​ជាមួយ លោក អូន ព័ន្ធ​មុនី​រត្ន័ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។​

​ក្នុងជំនួប​នោះ លោក អេ​មុន មើ​ហ្វី បាន​ថ្លែងអំណរគុណ​ដល់​ការបំពេញ​បេសកម្ម​មួយ​នេះ​ឱ្យ​ដំណើរការ​បាន​យ៉ាង​ល្អប្រសើរ ហើយ​លោក​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​របស់ UNAIDS ក្នុង​ការ​បន្ត​គាំទ្រ​ដល់​កម្ពុជា លើ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អ​ដស៍ និង​ផ្តល់​កិច្ចសហការ​ពេញលេញ​លើ​ការអនុវត្ត កម្មវិធី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍ និង​របេង​នៅ​កម្ពុជា នៅ​ឆ្នាំ​២០១៨-២០២០ ទៅលើ​ផ្នែក​ហ​រិញ្ញ​ប្បទាន​ដោយ​មូលនិធិស​កលឱ្យ​បាន​ជោគជ័យ​បន្តទៀត​។​

​ចំណែក លោក អូន ព័ន្ធ​មុនីរត្ន័​រដ្ឋមន្ត្រី​ក្រសួ​ង​សេដ្ឋកិច្ច​បាន​ឱ្យដឹង​ដែរ​ថា ថ្វី​ត្បិត​តែ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេដស៍​នាពេល​នេះ​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​កិច្ចការ​នេះ​នៅ​មិនទាន់​ចប់​សព្វគ្រប់​នៅឡើយ វា​អាច​នឹង​ងាយ​រអិល​ថយ​ក្រោយ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​តម្រូវ​ឱ្យ​រក្សា​និរន្តរភាព នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្តទៀត  លោក​បន្ថែមថា នាពេល​នេះ​រដ្ឋាភិបាល​កំពុង​តែ​ត្រៀម​ខ្លួន​រៀបចំ​នូវ​យុទ្ធសាស្ត្រ​អន្តរកាល ដោយ​គិតគូរ​អំពី​វិធីសាស្ត្រ​នៃ​ការធ្វើ​អន្តរាគមន៍ និតិ​វិធី និង​យន្តការ​គ្រប់គ្រង ដើម្បី​ធានា​ឱ្យ​ចំណាយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​មុន និង ត្រួតពិនិត្យ​លទ្ធភាព​បង្កើន​ថវិការ​រដ្ឋ​ទៅតាម​លទ្ធភាព​ដែល​មាន​ជាក់ស្តែង​។​

​ក្នុងនោះដែរ លោក អូន ព័ន្ធ​មុនី​រត្ន័រ ក៏​បាន​ស្នើរ​ទៅ​ដល់ UNAIDS  ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ជាង​នេះ​បន្ថែមទៀត ទាំង​ការផ្តល់​ការណែនាំ គោលនយោបាយ ការគាំទ្រ​ជា​បច្ចេកទេស និង​ជួយ​កៀងគរ​ផ្នែក​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រភព​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ ក្នុង​ការកាត់បន្ថយ​អាត្រា​ប្រេ​វ៉ា​ឡង់ នៃ​ការឆ្លង​មេរោគ​អេដស៍​ពី ០,៩% នៅ​ឆ្នាំ​២០០៦ មកដល់ ០,៦% នៅ​ឆ្នាំ​២០១៧ ហើយ​អ្នកជំងឺ​សរុប​មាន​ចំនួន ៦៨.៦៧៨​នាក់​៕

ព័ត៌មានផ្សេងទៀត