ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​ឆ្នាំ​២០១៨“ជក់បារី​បណ្តាលអោយ​កើត​ជំងឺ​បេះដូង​សរសៃឈាម​“

31-05-2018 4:04 pm 2589

​ជំងឺ​បេះដូង​សរសៃឈាម​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ បាន​សម្លាប់​មនុស្ស 2​លាន​នាក់ ជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំ​២០២០ ចំនួន​នេះ​នឹង​ឡើង​៣​លាន​នាក់​។ ជា​សរុប​ថ្នាំជក់​សម្លាប់​មនុស្ស​៧​លាន​នាក់​លើ​ពិភព ចំពោះ​កម្ពុជា​ថ្នាំជក់​បាន​សម្លាប់​មនុស្ស​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ផងដែរ​។​

​វេជ្ជបណ្ឌិត លឹម ស៊ី​វុតថា ឯកទេស​ជំងឺ​បេះដូង​សរសៃឈាម​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​បានអោយដឹងថា​ការជក់បារី​បង្ក​អោយ​កក​ដុំ​កំណកខ្លាញ់​លើ​ផ្ទៃ​នៃ​សរសៃឈាម​ដែល​បង្ករ​អោយ​ស្ទះ​សរសៃឈាម​បេះដូង​ទៅ​ថ្ងៃក្រោយ លើសពីនេះ​ទៀត​វា​ធ្វើអោយ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម​ងាយ​កើតឡើង ដែល​បណ្តាល​អោយ​ស្ទះ​សរសៃឈាម​បេះដូង ក៏ដូចជា​ស្ទះ​សរសៃឈាម​ខួរក្បាល និង​សរសៃឈាម​ផ្សេងៗ​ទៀត​។​
​នៅ​ឆ្នាំ​២០២០​រៀង​រាល់​អ្នកស្លាប់​១០​នាក់​ដោយសារ​ជំងឺ​ដែល​ទា​ក់ទង់​នឹង​ថ្នាំជក់ មាន​៧​នាក់​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ តួ​យ៉ាង​ដូច​ប្រទេស​កម្ពុជា​ជាដើម​។ ធនាគារ​ពិភពលោក​បាន​អោយដឹងថា​ក្នុង​មួយឆ្នាំៗ​ពិភពលោក​ចំណាយ​ថវិកា​២០០​ពាន់​លាន​ដុល្លា​ទៅលើ​ការព្យាបាល​ជំងឺ​ដែល​បណ្តាល​មក​ពី​ថ្នាំជក់ ហើយ​៥០%​នៃ​ចំណាយ​នេះ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​វេជ្ជបណ្ឌិត លឹម ស៊ី​វុតថា​បន្ថែមទៀតថា​អ្នកជំងឺ​បេះដូង​សរសៃឈាម​ប្រឈមមុខ​នឹង​ការព្យាបាល​មួយជីវិត​។ អ្នកជំងឺ​បេះដូង​សរសៃឈាម​ដែល​រួចផុត​ពី​ការបាត់បង់​ជីវិត​គឺ​មិន​អាច​បំពេញ​ការងារ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​បានទេ ព្រមទាំង​ត្រូវ​ចំនាយ​ថវិការ​ព្យាបាល​ជំងឺ​នេះ​ពេញ​មួយ​ជីវិត​ផង​ដែរ ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សេដ្ឋកិច្ច​គ្រួសារ​។​

​លោក នូ ផល អ្នកជំងឺ​បេះដូង​សរសៃឈាម​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​បានអោយដឹងថា គាត់​ជក់បារី​រយៈពេល​២០​ឆ្នាំ​ហើយ ហើយ​ឥឡូវ​គាត់​មាន​អាការៈញ័​រហត់ ពេញ​ខ្លួន ស្ទើរ​ទ្រាំ​មិនបាន​។​

​ដូចនេះ​ដើម្បី​បន្ថយ​ចំនួន​អ្នក​ស្លាប់​និង​ពិការ​ដែល​បណ្តាល​មកពី​ការប្រើប្រាស់​ថ្នាំជក់​នេះ គឺ​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​បំផុត​ដូចជា​៖ ការបោះពុម្ព​សារ​ព្រមាន​សុភាពជា​រូបភាព​និង​ជា​ភាសា​ខ្មែរ​នៅ​លើ​កញ្ចប់​បារី ការហាមឃាត់​ការជក់បារី​នៅក្នុង​អាគារ​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ កា​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ទំរង់ និង​ការដំឡើង​ពន្ធ​ផលិតផល​ថ្នាំជក់​។​

 ពាក្យគន្លឹះ  ទិវាថ្នាំជក់ពិភពលោក

ព័ត៌មានផ្សេងទៀត