IFADផ្តល់៦៤លានដុល្លារទៀតសម្រាប់អនុវត្តគម្រោងទីផ្សារកសិកម្មនៅកម្ពុជា

30-05-2018 2:15 pm 1684
  ស្តាប់
កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​មួយ ​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​នៅ​ជាយ​ក្រុង​ភ្នំពេញ​ កាល​ពី​ចុងឆ្នាំ​២០១០។ (Reuters)
ស្តាប់ជាសំឡេង

លោក ណាយជែល ប្រេត នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានសម្រេចផ្តល់ថវិកាបន្ថែម ៦៤លានដុល្លារអាមេរិកទៀតដល់កម្ពុជា ដែលក្នុងនោះ ថវិកាចំនួន១២លានដុល្លារអាមេរិក សម្រាប់បន្ថែមលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ន និងចំនួន៥២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ» គ្រោងនឹងអនុវត្តចាប់ពីឆ្នាំ ២០១៩ - ២០២១ ។ 

ការសម្រេចផ្តល់ថវិកាបន្ថែមនេះ ធ្វើឡើងក្នុងជំនួបរវាងលោក និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ក្នុងឱកាសដែលលោក ណាយជែល ប្រេត ទើបនឹងចូលកាន់តំណែងថ្មី ។ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ក៏នឹងសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំក្របខណ្ឌយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ ផ្តល់ហិរញ្ញប្បទានថ្មីសម្រាប់ឆ្នាំ ២០២១ - ២០២៦ ខណៈយុទ្ធសាស្រ្តនេះ នឹងមានសង្គតិភាពទាំងស្រុងជាមួយទិសដៅជាអាទិភាព និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្នុងទំហំហិរញ្ញប្បទានកាន់តែធំជាងមុន ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ចំពោះទិសដៅជាយុទ្ធសាស្រ្តនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ពេលខាងមុខ គឺត្រូវផ្តោតលើការអភិវឌ្ឍកសិកម្ម និងកាត់បន្ថយភាពក្រីក្រជនបទ ដែលកាន់តែរឹងមាំ និងមាននិរន្តភាពជាងមុន ។ ទិសដៅនោះ គឺមិនត្រឹមតែផ្តោតលើផលិតកម្មដើម្បីសន្តិសុខស្បៀងប៉ុណ្ណោះទេ តែត្រូវផ្តោតលើការលើកកម្ពស់ផលិតភាពកសិកម្ម, ពាណិជ្ជូបនីយកម្ម និងពិពិធកម្មកសិកម្ម ដើម្បីលើកស្ទួយជីវភាព និងវិបុលភាពរបស់ប្រជាកសិករកម្ពុជា ៕

 ពាក្យគន្លឹះ  ក្រសួងសេដ្ឋកិច្ចIFAD

ព័ត៌មានផ្សេងទៀត